ប្រកាសគម្រោងសង់ព្រលានព្រឹបទៅទិញដីព្រូស តែចង់ដឹងអត់អ្នកណាត្រូវប៉ាន់ពិត?

  • 2018-02-06 04:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​មិន​តិច​នាក់​ទេ​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដោយ​គិត​ថា​ត្រូវ​ប៉ាន់​មួយ​រំពេច។ ប៉ុន្តែ​ការ​គិត​អាច​ខុស​បំណង​បន្តិច ព្រោះ​តាម​ពិត​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ថ្មី​នេះ មិន​អាច​សាងសង់​ក្នុង​ឆ្នាំ​នេះ​ឡើយ​ យ៉ាង​ហោច​ណាស់​ក៏​២ ឬ​៣​ឆ្នាំ​ទៀត​ដែរ។ នេះ​បើ​តាម​​​ឯកឧត្តម ​កែវ ស៊ីវន ​អគ្គនាយក​បច្ចេកទេស​នៃអាកាស​ចរណ៍​កម្ពុជា​។

រូបតំណាង

ដោយ​ឡែក​អ្នក​ដែល​ត្រូវ​ប៉ាន​ពិត​ប្រាកដ គឺ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​នេះ​តែ​ម្ដង ពីមុន​តម្លៃ​មួយម៉ែត្រ​ការ៉េ មាន​ចាប់​ពី១​ដុល្លារ ដល់​៥​ដុល្លារ ឬ​មួយ​ហិកតា ១ម៉ឺន​ដុល្លារ ទៅ​៥ម៉ឺន​ដុល្លារ ហើយ​បាន​ឡើង​ថ្លៃ​ដល់​មួយ​ម៉ែត្រ​ការ៉េ ១០​ដុល្លារ ទៅដល់​៦០​ដុល្លារ​ ក្រោយ​ការ​ប្រកាស​គម្រោង​នេះ។

រូបតំណាង

ការ​ប្រកាស​គម្រោង​នេះ ធ្វើ​ឲ្យ​អ្នក​ស្រុក​កណ្ដាល​ស្ទឹង​ត្រូវ​ប៉ាន់​ដី​មួយ​រំពេច​មិន​នឹក​ស្មាន​ដល់​។ យ៉ាង​ណា​ក្ដី​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ជាង​១០​ឆ្នាំ​មក​ហើយ លោក គីម ហ៊ាង បាន​ផ្ដល់​ជា​យោបល់​ទៅ​ប្រជាពលរដ្ឋ​ត្រូវ​ប៉ាន់​ដី​ថា ប្រសិន​បើ​លក់​ដី​២​ហិកតា បាន​១០​ម៉ឺន​ដុល្លារ គួរ​យក​លុយ​ ១/៤ ឬស្មើ ២៥ ០០០​ដុល្លារ​ទៅ​ទិញ​ដី​ឆ្ងាយ​ពី​តំបន់​នោះ​ប្រហែល ៥ ឬ១០​គីឡូ​ម៉ែត្រ ឲ្យ​បាន​៤​ហិកតា​ទៅ។ ដូច​នេះ​លុយ​នៅ​សល់​ ៧៥ ០០០​ដុល្លារ ត្រូវ​គិត​ពី​ការ​រកស៊ី​វិញ។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន បើ​លក់​​ដី​បាន​១០​ម៉ឺន​ដុល្លារ​ សឹង​តែ​យក​ទៅ​សង់​ផ្ទះ​ទាំង​អស់​តែ​ម្ដង​គ្មាន​ទុក​ទេ ហើយ​អត់​មាន​គិត​ពី​ការ​រកស៊ី​សោះ។ ដូច្នេះ​អាច​នឹង​នាំ​ហានិភ័យ​ច្រើន​ដល់​គ្រួសារ ព្រោះ​សង់​ផ្ទះ​ហើយ អស់​លុយ​រលីង​មាន​តែ​សំបក​ផ្ទះ គ្មាន​ដើម​ទុន​សូម្បី​បន្តិច​ដើម្បី​រកស៊ី ទៅ​ថ្ងៃ​មុខ​ទោះ​ចង់​ឫ​មិន​ចង់​ប្រាកដ​ជា​លក់​ផ្ទះ​នោះ​វិញ​មិន​ខាន៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ