អាជ្ញាធរ​ត្រៀម​ចុះ​ពង្រឹង​ការប្រើប្រាស់​អក្សរ​ខ្មែរ​លើ​ផ្លាក​យីហោ​ នៅ​ខេត្ត​ព្រះសីហនុ

  • 2018-02-08 08:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​ បាន​បង្ហើប​ប្រាប់​ Sabay ថា មន្ទីរ​ទេសចរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចុះ​ពង្រឹង​ច្បាប់​ដល់​បណ្ដា​ហាង​មួយ​ចំនួន​ ដែល​ប្រើប្រាស់​អក្សរ​បរទេស​ធំ​ជាង​ខ្មែរ ឬ​ដាក់​អក្សរ​ខ្មែរ​នៅ​ក្រោម​អក្សរ​បរទេស ឬ​គ្មាន​អក្សរ​ខ្មែរ​តែ​ម្ដង។

លោក តាំង សុចិត្រ​គីស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ Sabay កាល​ពី​រសៀល​ថ្ងៃ​នេះ​ថា ក្រោយ​ពី​មាន​កិច្ចប្រជុំ​កាល​ពី​ម្សិលមិញមក​នោះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​មន្ទីរ​សហការ​គ្នា​​ពង្រឹង​ច្បាប់​ ដោយ​ចុះ​ណែនាំ​ និង​ត្រួតពិនិត្យ​ជន​បរទេស​មក​រកស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​គោរព​ច្បាប់​របស់​ខ្មែរ។ នៅ​ក្នុង​ការ​ពង្រឹង​នេះ​ក៏​មាន​​វិធានការ​ត្រួតពិនិត្យ​ និង​ណែនាំ នៃ​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​លើ​ផ្លា​យីហោ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​មិន​គោរព​ច្បាប់​របស់​ខ្មែរ។

វិធាន​ខាង​ការ​ខាង​លើ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មាន​មហាជន ក៏ដូចជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​ ជារឿយៗ​ ថត​រូប​​បង្ហោះ​ នៃ​ការ​សរសេរ​អក្សរ​ចិន លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ឬ​ការ​ផ្សព្វផ្សាយ​យីហោ​របស់​ខ្លួន ដោយ​ពុំ​មាន​អក្សរ​ខ្មែរ ឬ​ដាក់​អក្សរ​ខ្មែរ​នៅ​ក្រោម​អក្សរ​ចិន​ជាដើម។

រូប​ភាព​នេះ​ ត្រូវ​បាន​គេ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​

ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា វិធាន​ការ​នេះ​ មិនមែន​មាន​តែ​មន្ទីរ​ទេសចរ​ទេ គឺ​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ណែនាំ ដល់​បណ្ដា​អ្នក​រកស៊ី​បរទេស ជាពិសេស​ជន​ជាតិ​ ដែល​មិន​បាន​ដឹង​អំពី​ច្បាប់​ស្រុក​ខ្មែរ។

«អាច​ថា​កន្លង​មក​យើង​នៅ​ខ្សោយ​ការ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​បរទេស ចឹង​ហើយ​ទើប​កើត​មាន​រឿង​មិន​ប្រក្រតី​មួយ​ចំនួន ដូច្នេះ​ចាប់​ពី​ពេល​នេះ​ យើង​នឹង​ចុះ​ផ្សព្វផ្សាយ​នឹង​ពង្រឹង​ច្បាប់​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​យល់​ដឹង​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ការប្រើប្រាស់​អក្សរ​លើ​ផ្លាក​ត្រឹមត្រូវ ដែល​មាន​អក្សរ​ខ្មែរ​នៅ​លើ អក្សរ​បរទេស​នៅ​ក្រោម​

គេ​នៅ​ចាំ​បាន​ថា លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​ក្រុមការងារ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​មួយ​ចំនួន ដែល​មាន​ស្លាក​យីហោ ឬ​ផ្ទាំង​ប៉ាណូ​ជា​អក្សរ​ចិន។ លោក ប៉ែន សុផល ក៏បាន​ណែនាំ ដល់​តំណាង​ភាគី​អ្នក​វិនិយោគ​ចិន ស្ដី​អំពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ឬ​អក្សរ​ចិន នៅ​លើ​ផ្ទាំង​គំនូរ​សំណង់ ឬ​ផ្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅ​តាម​តំបន់​ឆ្នេរ ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​របស់​ក្រសួង​ផង​ដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី