ផល​ សោភ័ណ្ឌ​ ប្រាប់​តិចនិក​ផ្ដួល​ថៃ​ទឹក​ទី១​ ម្សិលមិញ​

  • 2018-02-12 02:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ផល​ សោភ័ណ្ឌ​ ប្រាប់​ពី​តិចនិក​ផ្ដួល​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ម្សិលមិញ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ថា​ រូប​គេ​ប្ដូរ​ស្នៀត​ប្រកួត​ខុស​ពី​មុន​ៗ​។​

កីឡាករ ផល​ សោភ័ណ្ឌ

ផល​ សោភ័ណ្ឌ​ លើក​ឡើង​ថា​ រាល់​កីឡាករ​ថៃ​ដែល​មក​ប្រកួត​ជា​មួយ​រូប​គេ​នា​ពេល​កន្លង​មក​ មិន​ថា​កម្ម​វិធី​ខ្សែក្រវាត់​ម្សិលមិញ​នោះ​ទេ​ គឺ​ភាគ​ច្រើន​ប្រយ័ត្ន​កែង​ និង​ព្យាយាម​ដើរ​វ៉ៃ​យ៉ាង​ម៉េច​ក៏​ដោយ​មិន​ភ្លេច​ទេ​ការពារ​កែង។​ ការ​ប្រុងប្រយ័ត្ន​តែ​ផ្នែក​ខាង​លើ​នេះ​ហើយ​ ជា​ហេតុ​ចន្លោះ​ប្រហោង​ផ្នែក​ក្រោម​ ដូច្នេះ​អ្នក​ប្រដាល់​ពី​ខណ្ឌ​ដង្កោ​សាកល្បង​វៃ​ចាក​ជើង​ក្រោម​ ហើយ​ដោយ​ឃើញ​បាន​ផល​ក៏​សម្រុក​ទាត់​រហូត​ដល់​ដៃ​គូ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ត្រឹម​ទឹក​ទី១​នោះ​ទៅ។​

អ្នក​ប្រដាល់​រហ័ស​កែង​ខាង​លើ​បន្ត​ថា​ សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​នឹក​ស្មាន់​តែ​ ថា​អាច​យក​ជ័យជម្នះ​លឿន​ដូច​នេះ​ទេ​ ពោល​គឺ​ភាគី​ខាង​ថៃ​ប្រហែល​ពេក​ ឲ្យ​ខ្លួន​ទាត់​ចូល​ពេញៗ​ដូច​នេះ។​ សម្រាប់​ជ័យជម្នះ​នេះ​ដែរ​ សោភ័ណ្ឌ​ ក៏​មិន​ភ្លេច​អរគុណ​ដល់​អ្នក​គាំទ្រ​គ្រប់រូប​ផង​ដែរ​ ដែល​តែងតែ​លើក​ទឹក​ចិត្ត​មិន​ថា​ពេល​ប្រកួត​ចាញ់​ ឬ​ឈ្នះ​នោះ​ទេ។​

កីឡាករ ផល​ សោភ័ណ្ឌ​

នា​ឱកាស​បើក​កម្មវិធី​ប្រកួត​ខ្សែក្រវាត់​ Carabao​ ជា​ផ្លូវ​ការ​ពេល​នោះ​ដែរ​ ឯក​ឧត្ដម​ តែម​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​កីឡាករ​ដែល​ជា​បេក្ខភាព​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ​ទាំង​អស់​ត្រូវ​តែ​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ។​ បើ​ទោះ​ជា​ខ្លួន​ត្រូវ​ធ្លាក់​ក៏​ដោយ​ចេញ​ពី​កម្មវិធី​ពេល​ណា​ក៏​ដោយ​ ក៏​ត្រូវ​ប្រកួត​ឲ្យ​ល្អ​នោះ​ដែរ​ ដើម្បី​បំពេញ​បំណង​អ្នក​ទស្សនា​ ក៏​ដូច​ជា​ការ​តបស្នង​ទៅ​អ្នក​ដែល​តែងតែ​គាំទ្រ​គុន​ខ្មែរ​ និង​មក​ទស្សនា​មិន​ដែល​ខាន។​

ប្រធាន​សហព័ន្ធ​រូប​នេះ​ក៏​ប្រាប់​ដល់​គណៈកម្មការ​ ចៅក្រម​ អាជ្ញាកណ្ដាល​ទាំង​អស់​ត្រូវ​កាត់​សេចក្តី​ដោយ​យុត្តិធម៌​បំផុត​ និង​ព្យាយាម​ប្រាប់​កីឡាករ​អំពី​សមត្ថភាព​របស់​ពួកគេ​ ថា​កំពុង​នៅ​ក្នុង​កម្រិត​ណា​ មាន​ចំណុច​ល្អ​អ្វី​ ហើយ​ត្រូវ​កែប្រែ​ចំណុច​ណា​ឡើង​វិញ។​

ផល​ សោភ័ណ្ឌ​ ផ្ដួល​ថៃ​ឲ្យ​សន្លប់​ទឹក​ទី១​ និង​ ឡុង​ សំណាង​ ផ្ដួល​ឡាវ​សន្លប់​ទឹក​ទី២​ ឥលូវ​កំពុង​មាន​ម្នាក់​៣ពិន្ទុនា​ជុំ​ដំបូង​របស់​ពួកគេ ខណៈ​ ឡៅ ចិត្រា​ និង​ ចាន់ ប៊ុនលាភ​ នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​បន្ទាប់។​ សម្រាប់​ខ្សែក្រវាត់​រដូវ​ការលទី៤​នេះ​ ជើង​ឯក​លេខ​១​ ទទួល​បាន​ទឹក​ប្រាក់​ ៦០០០​ដុល្លារ​ លេខ២​ ទទួល​បាន​ទឹក​ប្រាក់​ ៣០០០​ដុល្លារ​ និង​លេខ​៣​ ទទួល​បាន​ទឹក​ប្រាក់​ ៦០០​ដុល្លារ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី