Nissan នឹង​ដាក់​ដំណើរការ​សេវា​តាក់ស៊ី​​បើកបរ​ស្វ័យប្រវត្តិ​ នៅ​ជប៉ុន​​ខែ​ក្រោយ​

  • 2018-02-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan កំពុង​រៀបចំ​ដាក់​ដំណើរការ​សេវា​រថយន្ត​តាក់ស៊ី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ ហៅថា​ Easy Ride សម្រាប់​ថ្ងៃ​ទី ០៥ ខែ​មីនា​ ដោយ​មានការចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុមហ៊ុន​ DeNa។

ក្រុមហ៊ុន​ DeNa (អាន​ថា​ D-N-A) ជា​ក្រុមហ៊ុន​សេវា​ Online របស់​ជប៉ុន​ សកម្ម​ច្រើន​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ និង​គំនិត​ផ្ដួច​ផ្ដើម​ផ្សេងៗ​រួមមាន តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ ការ​ចែករំលែក​រថយន្ត​ប្រើប្រាស់​ និង​ចំណត​រួម​។ ក្នុង​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​សេវា​រថយន្ត​ក្រុង​ស្វ័យប្រវត្តិ​ហៅថា​ Robot Shuttle។

ការ​សាកល្បង​ដំបូង​គឺ​ អ្នក​ធ្វើ​ដំណើរ​នៅ​ស្រុក​ Minato Mirai ក្រុង​ Yokohama ក្នុង​តំបន់​ Kanagawa Prefecture របស់​ជប៉ុន​ នឹង​អាច​ប្រើ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ ដោយ​ប្រើ​កម្មវិធី​ថ្មី​។ រថយន្ត​នឹង​កំណត់​តំបន់​ធ្វើ​ដំណើរការ​ ៤.៥ គីឡូម៉ែត្រ​ ចន្លោះ​ពី​ការិយាល័យ​កណ្ដាល​របស់​ Nissan និង​ផ្សារ​ទំនើប​ Yokohama World Porters។​ រថយន្ត​នឹង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ចម្ងាយ​។

ក្នុង​រថយន្ត​មាន​ Tablet មួយ​ផ្ដល់​ជម្រើស​ទីតាំង​ជាង​ ៥០០ កន្លែង​ ហើយ​នឹង​មាន​ Coupon បញ្ចុះ​តម្លៃ​ពី​ហាង​ផ្សេងៗ​ជាច្រើន​ តាម​តំបន់​ សម្រាប់​ទាញ​យក​លើ​ទូរសព្ទ​អ្នក​ចូលរួម​។ អ្នក​ចូលរួម​ នឹង​ស្នើ​ឲ្យ​បំពេញ​នូវ​ការ​យល់​ឃើញ​ (Survey) ទាក់ទង​នឹង​សេវាកម្ម​ និង​តម្លៃ​ផង​ដែរ​។ ក្រុមហ៊ុន​លើក​ឡើង​ថា​ ខ្លួន​នឹង​ពង្រីក​សេវាកម្ម​ឲ្យ​កាន់​តែ​ធំ​ ត្រឹម​ឆ្នាំ​ ២០២០។

Nissan នឹង​ចូលរួម​ក្នុង​ចំណាត់​ថ្នាក់​ក្រុមហ៊ុន​ឈាន​ជើង​ចូល​ផ្នែក​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ជាមួយ​នឹង​ Uber, Lyft, Ford, GM, Didi Chuxing, Waymo និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​។

Nissan នឹង​មាន​គូរ​ប្រជែង​ធំ​មួយ​គឺ​ក្រុមហ៊ុន​ Sony ដែល​ថ្មីៗ​នេះ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Daiwa Motor Transportation និង​ក្រុមហ៊ុន​តាក់ស៊ី​ក្នុង​ស្រុក​ ៥ ទៀត​ ក្នុង​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើត​ប្រព័ន្ធ​តាក់ស៊ី​ថ្មី​មួយ​ ដើម្បី​ផ្គូ​ផ្គង​រវាង​អ្នក​បើកបរ​ និង​អ្នក​ធ្វើ​ដំណើរ​តាមរយៈ​កម្មវិធី​ទូរសព្ទ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន