ការងារមិនគួរឲ្យជឿទាំង ១០ មានពិតក្នុងពិភពលោក

  • 2018-03-05 02:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​និយាយ​ថា យើង​ធ្វើ​ការ​ដើម្បី​រស់​មិនមែន​រស់​ដើម្បី​ធ្វើ​ការ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​មួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​ងារ​ដែល​យើង​ស្ទើរ​តែ​គិត​ថា​មិន​មាន​នោះ​ទេ​ក្នុង​ពិភពលោក​យើង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​ការងារ​មិន​គួរ​ឲ្យ​ជឿ​ទាំង ១០ មាន​ពិត​ក្នុង​ពិភពលោក ៖

១. អ្នកបំពេញកៅអីអង្គុយក្នុងកម្មវិធីប្រគល់ពានរង្វាន់

ដោយ​សារ​តែ​កម្មវិធី​ទាំង​នោះ​ជា​កម្មវិធី​ធំៗ ការ​ទុក​ឲ្យ​មាន​កៅអី​ទំនេរ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ល្អ​មើល​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​ផលិត​កម្មវិធី​បាន​ជួល​មនុស្ស​ទាំង​នេះ ឲ្យ​ឈរ​ចាំ​ដើម្បី​ចូល​ទៅ​បំពេញ​កន្លែង​អង្គុយ នៅ​ពេល​ដែល​តារា​ណា​ម្នាក់​ចាក​ចេញ​ពី​កន្លែង​អង្គុយ និង​រង់ចាំ​រហូត​ពួក​គេ​ត្រលប់​មក​វិញ។

២. អ្នក​ស៊ើបអង្កេតសកម្មភាពចម្លែកៗ (Paranormal Activity)

តាម​ស្ដាប់​មើល​ទៅ វា​ហាក់​ដូច​ជា​អាថ៌កំបាំង​ខ្លាំង​ណាស់ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​ធ្វើ​ការ​វិភាគ​សកម្មភាព​ចម្លែក​ៗ (Paranormal Activity) ដោយ​ម៉ាស៊ីន​ទំនើប​ៗ​ដូច​ជា ប្រដាប់​វាស់​ល្បឿន, ប្រដាប់​វាស់​សំឡេង និង​ម៉ាញេទិក ដើម្បី​កំណត់​អ្វី​ដែល​មើល​មិន​ឃើញ។

៣. អ្នក​ធ្វើ​តេស្ត​ពូក

មុខ​តំណែង​នេះ ទាមទារ​ឲ្យ​ពួកគេ​ធ្វើ​តេស្ដ​ពូក និង​កម្រាល​ពូក។ អ្នក​ធ្វើ​តេស្ត​ទាំង​អស់ ត្រូវ​ប្រាកដ​ថា​ពូក​នេះ​មាន​ភាព​ទន់​ល្អ និង​ផ្ដល់​ការ​ឆ្លើយ​តប​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត។

៤. នាងមច្ឆា

តម្រូវ​ការ​សម្រាប់​ការងារ​នេះ​មាន​ដូច​ជា ការ​ស្លៀក​ពាក់​តុបតែង​ជា​នាង​មច្ឆា, ការ​រាំ​នៅ​ក្នុង​ទឹក និង​ហែល​ទឹក​ជា​មួយ​សត្វ​សមុទ្រ​ផ្សេង​ទៀត​ជា​រៀង​រាល់​ថ្ងៃ។

៥. ពិធីករកម្មវិធីដំណើរកម្សាន្ដ

ការ​ងារ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួក​គេ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក និង​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឈ្មោះ​ល្បី និង​ទទួល​ប្រាក់​ខែ​ច្រើន​ទៀត​ផង។

៦. អ្នករៀបចំកម្មវិធីជប់លៀង

ជា​ធម្មតា ការងារ​នេះ​តម្រូវ​ឲ្យ​ពួក​គេ​មាន​បរិញ្ញាបត្រ​ដូចជា ទំនាក់ទំនង​សាធារណ, ទីផ្សារ ឬ គ្រប់គ្រង​កម្មវិធី​ជា​ដើម។ លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​ត្រូវ​មាន​បទពិសោធន៍​ជា​មុន​ក្នុង​កម្មវិធី​សកលវិទ្យាល័យ ឬ​ក្នុង​សង្គម​ផង​ដែរ។

៧. អ្នកជំនាញ​ភ្លក់​ស្រា​វីស្គី​

ទោះ​បី​ជា​ស្ដាប់​ទៅ​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​ការងារ​នេះ​តម្រូវ​ឲ្យ​មាន​ជំនាញ​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា អាច​ដឹង​ពី​ភាព​ខុស​គ្នា​នៃ​រសជាតិ, ដឹង​ពី​ភាព​មិន​ប្រក្រតី​របស់​ស្រា និង​ត្រូវ​យល់​ពី​ក្លិន​និង​រសជាតិ​ជា​ដើម។

៨. អ្នកទិញឥវ៉ាន់អាថ៌កំបាំង

អ្នក​ទិញ​ឥវ៉ាន់​អាថ៌កំបាំង បំពេញ​ភារកិច្ច​ជាក់លាក់​មួយ​ចំនួន​ដូចជា ការ​ទិញ​ផលិត​ផល, សួរ​សំណួរ​ផ្សេង​ៗ ឬ​ធ្វើ​ការ​ត្អូញត្អែរ​អំពី​ទំនិញ​ឬ​សេវាកម្ម បន្ទាប់​មក​ផ្តល់​របាយការណ៍​លំអិត​អំពី​បទ​ពិសោធន៍​របស់​ពួកគេ​ទៅ​កាន់​ក្រុមហ៊ុន។

៩. អ្នក​មើល​ថែ​ខ្លាឃ្មុំ ផេនដា

អ្នក​ធ្វើ​ការងារ​នេះ ត្រូវ​មាន​អាយុ​ចាប់​ពី ២២​ឆ្នាំ និង​មាន​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​អំពី​សត្វ​ខ្លាឃ្មុំ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ពួក​គេ​ត្រូវ​នៅ​ជា​មួយ​សត្វ​ខ្លាឃ្មុំ​ ផេនដា ៣៦៥ ថ្ងៃ។

១០. អ្នកធ្វើតេស្ដឱសថកញ្ឆា

ដោយ​សារ​តែ ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ស្រប​ច្បាប់​ចំពោះ​ការ​ប្រើ​ប្រាស់​កញ្ឆា វា​ប្រាកដ​ណាស់​ថា​មាន​ឱកាស​ការងារ​ជា​ច្រើន​ទាក់​ទង​នឹង​វា។ ក្នុង​នោះ​ផង​ដែរ អ្នក​ធ្វើ​តេស្ត​កញ្ឆា​ត្រូវ​មាន​បរិញ្ញាបត្រ​ផ្នែក​គីមី​វិទ្យា ដើម្បី​ប្រើ​ប្រាស់​កញ្ឆា​ជា​ឱសថ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន