មូលហេតុពិត ចិន ជួលអ្នករាំស្រាត ក្នុងពិធីបុណ្យសព

  • 2018-03-05 08:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន អ្នក​នឹង​បាន​ឃើញ​អ្នក​រាំ​ស្រាត និង​ឮ​សំឡេង​តន្ត្រី​យ៉ាង​លាន់រំពង នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​សព។

ហេតុ​អ្វី​បាន​ជា​ត្រូវ​ជួល​អ្នក​រាំ​ស្រាត​នៅ​ក្នុង​ពិធី​បុណ្យ​សព?

យោង​តាម​ទ្រឹស្ដី​មួយ បាន​ឲ្យ​ដឹង​ថា អ្នក​រាំ​ស្រាត ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្កើន​ចំនួន​អ្នក​ចូលរួម​ពិធី​បុណ្យ​សព ពី​ព្រោះ​ហ្វូង​មនុស្ស​ដ៏​ច្រើន ​គឺ​ជា​កិត្តិយស​សម្រាប់​អ្នក​ស្លាប់។ រីឯ​ទ្រឹស្ដី​មួយ​ទៀត​វិញ គឺ វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​វប្បធម៌​គោរព​បូជា​នៃ​ការ​បន្តពូជ

លោក​សាស្ត្រាចារ្យ Huang Jianxing នៃ​សកលវិទ្យាល័យ Fujian Normal University បាន​ប្រាប់​គេហទំព័រ Global Times ឲ្យ​ដឹង​ថា «នៅ​ក្នុង​វប្បធម៌​អ្នក​ស្រុក​ខ្លះ ការ​រាំ​ជា​ធាតុ​មួយ​ដែល​អាច​ប្រើ​ដើម្បី​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ស្លាប់ ដែល​ចង់​បាន​កូន​ច្រើន»។

មិនតែប៉ុណ្ណោះ ទ្រឹស្ដី​ជាក់ស្ដែង​មួយ គឺ ការ​ជួល​អ្នក​រាំ​ស្រាត​នៅ​ក្នុង​ពិធី​បុណ្យ​សព ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​នៃ​ការ​មាន​ទ្រព្យសម្បត្តិ​ផង​ដែរ។

«ប្រជាជន​ចិន​នៅ​តាម​ជនបទ តែង​មាន​ទំនោរ​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដោយ​ការ​ចំណាយ​ប្រាក់​ច្រើន​ជាង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ទ្វេ​ដង ទៅ​លើ​តារា​សម្ដែង , តារា​ចម្រៀង , តារា​កំប្លែង និង អ្នក​រាំ​ស្រាត ជាដើម ដើម្បី​សម្រាល​ទុក្ខ​អ្នក​ចូល​រួម​ពិធី​​»។ នេះ​បើ​យោង​តាម​គេហទំព័រ Global Times។

តើ​ការ​ជួល​អ្នក​រាំ​ស្រាត​ក្នុង​ពិធី​បុណ្យ​សព​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ?

ភាគច្រើន វា​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​ចិន ប៉ុន្តែ​ជា​ទូទៅ វា​កើត​ឡើង​ជា​ធម្មតា​នៅ​កោះ​តៃវ៉ាន់ ដែល​ជា​ប្រភព​ដើម​ស្រាប់។

លោក​សាស្ត្រាចារ្យ Marc Moskowitz មក​ពី​សកលវិទ្យាល័យ University of South Carolina បាន​ប្រាប់​សារព័ត៌មាន BBC ថា «ការ​អនុវត្ត​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​យ៉ាង​ទូលំទូលាយ​ដំបូង​បង្អស់ នៅ​កោះ​តៃវ៉ាន់ ក្នុង​ឆ្នាំ ១៩៨០។ វា​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​​តៃវ៉ាន់ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​រឹតត្បិត​ខ្លាំង​ឡើងៗ ដូច្នេះ​មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ឃើញ និង​ឮ​ពី​រឿង​នេះ​ឡើយ។ ប៉ុន្តែ​នៅ​តៃវ៉ាន់ គេ​ក៏​មិន​សូវ​បាន​ឃើញ​វា​កើត​ឡើង​ក្នុង​ទីក្រុង​ធំៗ​ដែរ ព្រោះ​វា​ជា​សកម្មភាព​ស្រប​ច្បាប់​ផង និង​ខុស​ច្បាប់​ផង»៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង