កណ្តុរ​បំផ្លាញ​ដំណាំពេក កសិករ​បែកគំនិត​ធ្វើរឿង​មួយ ចំណេញ​បានទាំង​ប្រាក់ទៀត

  • 2018-03-06 04:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​មួយ​ចំនួន​នៅក្នុង​ស្រុក​កោះ​អណ្តែត​ ខេត្ត​តាកែវ នា​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​បាន​បង្កើត​មុខរបរ​ចាប់​កណ្តុរលក់​ឲ្យ​ឈ្មួញ​វៀតណាម​ដោយថា​ដើម្បីជា​ចំណូល​បន្ថែម​ផង​ និង​​ការ​ពារដំណាំ​ពី​ការ​បំផ្លាញ​ពី​សត្វ​កណ្តុរ​ផង។

(លោក សុខ សារ៉ុម កំពុង​ដើរ​ដាក់អង្គប់​កណ្តុរ​តាម​វាល​ស្រែ និងទីតាំង​មួយចំនួនទៀត ដែលជឿថា​មានកណ្តុរ​ឆ្លងកាត់​)

លោក​ចាន់ ថា វ័យ៤០ឆ្នាំ​រស់​នៅ​ស្រុក​កោះអណ្តែត ឲ្យ​ដឹងថាលោក​ និង​អ្នក​ភូមិ​ជាច្រើន​ទៀត​បាន​ដាក់​អន្ទាក់ចាប់​កណ្តុរ​​លក់​ឲ្យ​ឈ្មួយ​វៀត​ណាមបន្ទាប់ពី​មើលឃើញ​ថា​មានកណ្តុរច្រើន​ចេញ​មក​បំផ្លាញ​ផល​ដំណាំ។ លោក​ថា​កណ្តុរ​មួយ​គីឡូក្រាម​លក់​បាន​តម្លៃ​៣ ០០០​រៀល។ ជាធម្មតា​លោក​ថា​លោក​រក​ចំណូលពី​របរនេះ បាន​ប្រ​ហែលជា​៣០ ០០០​រៀល​ក្នុង​មួយ​ថ្ងៃ។

ទោះយ៉ាងណា​លោក​ថា របរនេះ​មិន​មែន​ជា​របរ​សំខាន់​សម្រាប់​គ្រួសារ​លោក​នោះទេ បុន្តែ​លោក​ថា​ធ្វើ​នេះ​ដើម្បី​ទប់​ស្កាត់​សត្វ​កណ្តុរ​កុំ​ឲ្យ​បំផ្លាញ​ផល​ដំណាំ​ប៉ុណ្ណោះ។ លោក​បន្ថែមថាៈ «ប្រកបរ​បរ​នេះ​ដើម្បី​គ្រាន់​តែ​ចង់​ការពារ​កសិផល​របស់ខ្ញុំ​ដែល​តែង​តែ​រង​​ការ​បំផ្លាញ​ដោយ​សត្វ​កណ្តុរ​នេះ​ជា​ហូរ​ហែរ...មិន​ចង់​ប្រកបរបរ​នេះ​ទេ​តែ​ដោយសារ​តែ​គ្មាន​វិធីពិ​សេស​ណា​អាច​កំចាត់​សត្វ​កណ្តុរ​នេះ​បាន​...​សត្វ​កណ្តុរនៅ​តាម​វាល​ស្រែ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​គោអញ្ចឹង»។

​​អ្នក​ភូមិជាមួយ​គ្នា​ដែរ លោក សុខ សារ៉ុម ថ្លែង​ថា​លោក​បាន​ប្រ​កប​របរ​នេះបីឆ្នាំ​មក​ហើយ​ ដោយ​ប្រើ​អង្គប់​សម្រាប់​ចាប់​កណ្តុរ​។ លោក​ឲ្យ​ដឹងថា​លោក​ប្រ​កប​របរ​នេះ​ដោយ​មើល​ឃើញ​ពី​ចំនួន​សត្វកណ្តុរ​មាន​ច្រើន និង​មាន​ទីផ្សារ​សម្រាប់​លក់​ទៀត​ផង។ លោក​ថា​មួយ​យប់​លោក​អាច​ចាប់​កណ្តុរបាន​​ចន្លោះពី​១០ទៅ​១៥​គីឡូក្រាម រួចលក់​ឲ្យ​ឈ្មួញ​កណ្តាល​ ដែល​នឹង​យក​លក់​បន្ត​ឲ្យ​ឈ្មួញ​វៀត​ណាម។

(លោក សុខ ខុម ជា​ឈ្មួញកណ្តាលទិញ​កណ្តុរ​ទៅ​លក់​បន្តឲ្យ​ឈ្មួញ​វៀត​ណាម)

ចំណែក​លោក​សុខ ខុម ជាឈ្មួញកណ្តាល​ឲ្យ​ដឹង​ថាសព្វ​ថ្ងៃ​លោក​បាន​ទទួល​ទិញ​កណ្តុរ​ពី​ប្រជាពល​រដ្ឋទូទាំង​ស្រុកកោះ​អណ្តែតបាន​​​មិន​តិច​ជាង​៣០០​គីឡូក្រាម​ទេ​ក្នុងមួយ​ថ្ងៃៗ និង​ថា​បើ​នៅ​រដូច​ច្រូតកាត់វិញ​អាចទិញបាន​រហូត​ដល់​មួយ​តោន​ក៏មាន​។ លោកបញ្ជាក់​ថា​កណ្តុរទាំងនេះ​លោក​យកទៅ​លក់​បន្ត​ឲ្យ​ឈ្មួញវៀត​ណាម​។ លោកឲ្យដឹងទៀតថា​សត្វ​កណ្តុរ​ទាំងនេះ​យកទៅ​វៀតណាម​សម្រាប់ធ្វើជា​ម្ហូបអាហារ​នៅតាម​អាហារដ្ឋាន​៕

ចុចអាន៖

អត្ថបទ​ដោយ៖ ជិន វេន

អត្ថបទពេញនិយម