មកមើលកន្លែងលក់អយស្ទ័រដ៏ធំ នៅខេត្តកំពត

  • 2018-03-08 02:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. អ្នកស្រី សុខ លីម អាយុ៣៩ឆ្នាំ ជាអ្នកលក់អយស្ទ័រមុនគេ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ នៅខេត្តកំពត។ អ្នកស្រីចាប់ផ្តើមរបរនេះនៅឆ្នាំ ២០០៨ បន្ទាប់មានជនជាតិអូស្ត្រាលីម្នាក់ប្រាប់អ្នកស្រីថា ជាខ្យងសមុទ្រប្រភេទនេះមានរសជាតិឆ្ងាញ់ និង អាចញ៉ាំឆៅបាន។ ដំបូងឡើយ អ្នកស្រីលក់អយស្ទ័របន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារពលរដ្ឋខ្មែរភាគច្រើនមិនទាន់ស្គាល់នៅឡើយ។

២. កម្មកររបស់អ្នកស្រី សុខ លីម កំពុងត្រៀមខ្លួនមុជទឹកចុះទៅនេសាទអយស្ទ័រ។ សម្ភារដែលអ្នកមុជទឹកនាំយកទៅមាន ដុំថ្មតូចៗសម្រាប់ពាក់ជុំវិញចង្កេះ (ពាក់ដើម្បីកុំឱ្យអណ្តែតទឹក) កូនពូថៅ វ៉ែនតា និងត្រូវបៀមទុយោខ្យល់ទៅជាមួយ។ ដើម្បីទៅដល់កន្លែងដែលមានអយស្ទ័រ គេត្រូវជិះទូករយៈពេលពី២ម៉ោង ទៅ៣ម៉ោង ទៅកណ្តាលសមុទ្រហើយត្រូវមុជទឹកក្នុងជម្រៅពី ៤ម៉ែត្រទៅ៨ម៉ែត្រ។

៣. ការនេសាទអយស្ទ័រ ធ្វើឡើងស្ទើរពេញមួយថ្ងៃ។ កម្មករចេញទៅសមុទ្រនៅពេលព្រឹកព្រលឹមស្រាងៗ ហើយត្រឡប់មកវិញនៅម៉ោង ២ ឬ ៣ រសៀល។ ក្នុងមួយទូកគេអាចរកបាន ៦ ទៅ ៧ពាន់គ្រាប់។ នៅក្នុងរូបនេះ កម្មករនេសាទ កំពុងបើកទូកដឹកអយស្ទ័រត្រឡប់មកច្រាំងវិញ។

៤. អយស្ទ័រដែលនេសាទបានហើយ ត្រូវសម្អាតសម្បកនិង ពុសវាជាពីរ ដោយយកតែផ្នែកដែលជាប់នឹងសាច់តែប៉ុណ្ណោះ។ បន្ទាប់មក គេត្រូវគេយកទៅលាងទឹកសម្អាតឱ្យស្អាតល្អ មុននឹងច្រកស្បោង។ នៅក្នុងរូបនេះ កម្មករអ្នកស្រី សុខ លីម ប្រើកូនកាំបិតវាយបំបែកកំណកថ្មដែលជាប់នឹងសម្បកអយស្ទ័រ ហើយពុសវាជាពីរ។

៥. លាងទឹករួចហើយ គេចែកចំណាត់ថ្នាក់អយស្ទ័រ និងចាប់ផ្តើមច្រកវាចូលស្បោងប្លាស្ទិក។ បន្ទាប់មកគេរាប់អយស្ទ័រតាមចំនួនកំណត់ហើយដាក់ចូលទៅក្នុងធុងស្នោរក្លាសេ រួចផ្ញើទៅឱ្យអតិថិជននៅតាមរាជធានីនិងខេត្ត។ ក្នុងមួយថ្ងៃៗអ្នកស្រី សុខ លីម លក់អយស្ទ័របានពី ១ម៉ឺន ទៅ២ម៉ឺនគ្រាប់។ ហើយបច្ចុប្បន្ន អ្នកស្រី មានកម្មករជាង៦០នាក់ ដើម្បីជួយធ្វើការងារទាំងអស់នេះឱ្យអ្នកស្រី៕

ចុចអាន៖

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី