ច្បាស់​មែន​ទែន​ហើយ! John Cena ទទួល​ស្គាល់​ថា​លោក​ជា​អ្នក​គាំ​ទ្រ​ក្រុម BTS ពិត​មែន

  • 2018-03-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កីឡាកាស​ដ៏​ល្បី John Cena បាន​ទទួល​ស្គាល់​ថា​លោក​គឺ​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ BTS មួយ​រូបពិតមែន។

កាល​ពី​មុន តារា​កីឡាកាស​រូប​នេះ​បាន​ឲ្យ​តម្រុយ​ពី​ការ​ស្រឡាញ់​ចូលចិត្ត​ក្រុម​ចម្រៀង​មួយ​ក្រុម​នេះ​ដោយ​លោក​​ចៃដន្យ​បាន​ចែកចាយ​រូបភាព​របស់​តារា​ចម្រៀង J-hope លើ​គណនី Instagram។ ទោះ​បី​ជា​មនុស្ស​ជាច្រើន​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា John Cena ពិត​ជា​អ្នក​គាំទ្រ​របស់​ក្រុម​តារា​ចម្រៀង​នេះ​ក្ដី ក៏​ប៉ុន្តែ​អ្វី​ៗ​មិន​ប្រាកដ​ ១០០ ភាគរយ​នោះ​ទេ ព្រោះ​ថា​នៅ​ក្រោម​រូបភាព​ដែល​លោក​បាន​ចែកចាយ​នោះ​មិន​មាន​សរសេរ​ពាក្យពេចន៍​អ្វី​បញ្ជាក់​ឲ្យ​ច្បាស់​នោះ​ទេ។

ប៉ុន្តែ​ពេល​នេះ អ្វី​ៗ​បាន​ប្រាកដ​ច្បាស់​​ថា​លោក​ពិត​ជា​អ្នក​គាំទ្រ​ក្រុម BTS មួយ​រូប​ពិត​ប្រាកដ​មែន ដោយ​តារា​កីឡាកាស​រូប​នេះ បាន​បញ្ជាក់​ដោយ​រូប​លោក​ផ្ទាល់។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ Metro.co.uk លោក John Cena ត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​ថា​លោក​ជា​អ្នក​គាំទ្រ​ BTS ប្រាកដ​មែន​ឬ​អត់ ហើយ​លោក​បាន​ឆ្លើយ​ថា៖ "ឃើញ​ទេ ប្រសិន​បើ​ខ្ញុំ​ពន្យល់ វា​អាច​នឹង​ប្រឆាំង​នឹង​គោលបំណង។ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​អាច​និយាយ​បាន​ថា បទ 'Base Line' ជា​បទ​មួយ​ក្នុង​អាល់ប៊ុម mixtape របស់ J-hope ដែល​ខ្ញុំ​ចូលចិត្ត។ ខ្ញុំ​ក៏​ចូលចិត្ត​បទ 'Hangsang' ផង​ដែរ"។

តារា​កីឡាកាស​រូប​នេះ​បាន​បន្ត​ថា៖ "អ្វី​ដែល​ចាប់ផ្ដើម​​ជា​ការ​រីករាយ​ដោយ​ចៃដន្យ​បាន​ក្លាយ​ទៅ​ជា​អ្វី​ដែល​អស្ចារ្យ។ ខ្ញុំ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​នូវ​វប្បធម៌​ថ្មី​មួយ​ទៀត ដែល​ខ្ញុំ​គិត​ថា​វា​ពិត​ជា​អស្ចារ្យ​ណាស់ ព្រោះ​ខ្ញុំ​បាន​សិក្សា​ពី​វា​តាម​រយៈ​បណ្ដាញ​សង្គម។ វា​ជា​រឿង​មួយ​ដ៏​កម្រ ដូច្នេះ​ហើយ​ខ្ញុំ​រីករាយ​នឹង​និយាយ​ថា ពិត​ណាស់ ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​ពួក​គេ​មួយ​រូប​ដែរ"៕ ​

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា