ខុន ស៊ីចាន់​ឈ្នះ​នៅ​ One Championship ស្ថិត​ក្រោម​ការ​បង្វឹក​របស់​អង្គរក្ស​ល្បី​

  • 2018-03-16 02:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នក​ប្រដាល់​ក្នុង​ទ្រុង​កម្ពុជា​​ ខុន ស៊ីចាន់ ទទួល​បាន​ជ័យជម្នះ​​​លើ​កីឡាករ​ឥណ្ឌូណេស៊ី​ Riski Umar ក្នុង​ព្រឹត្តិការណ៍​ One Championship នៅ​ប្រទេស​ប្រទេស​ម៉ាឡេស៊ី​។ មុន​ឈាន​ដល់​ទទួល​បាន​​លទ្ធផល​ល្អ​ប្រសើរ​នេះ​​ ខុន ស៊ីចាន់​បាន​​ខិត​ខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្រោម​ការ​បង្វឹក​របស់​គ្រូ​ល្បី​ឈ្មោះ​ Alan Mccune។

ខុន ស៊ីចាន់ ទទួល​បាន​ជ័យជម្នះ

លោក​ Alan Mccune ​ជា​​ [អង្គរក្ស​ការពារ​បុគ្គល​ល្បី​ៗ​](http://news.sabay.com.kh/article/1026740#utm_campaign=onpage) នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ត្រៀម​ខ្លួន​របស់​ ខុន ស៊ីចាន់​ សម្រាប់​ការ​ប្រកួត​នៅ​ One Championship ​មាន​រយៈ​ពេល​២​ខែ។ ការ​វ៉ៃ​គុន​ចម្រុះ​ MMA ​ពិត​ជា​​លំបាក​ខ្លាំង​​ដែល​ត្រូវ​តែ​​ហ្វឹកហាត់​ឲ្យ​ដិត​ដល់​ និង​​ត្រៀម​ខ្លួន​ឲ្យ​ល្អ​។ វា​ត្រូវ​ការ​ធាតុ​ផ្សំ​នៃ​ក្បាច់​គុន​ជា​ច្រើន​ និង​ក្បាច់​ផ្នែក​ក្រោម​ជា​​គ្រឹះ​ដ៏​សំខាន់​​សម្រាប់​​កីឡាករ​ MMA។ ទាំង​នេះ​ជា​អ្វី​ដែល​ ខុន​ ស៊ីចាន់​បាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ។

គ្រូ​បង្វឹក​ក្លឹប​ Phnom Penh MMA លោក​Alan បន្ត​ថា​ លោក​បាន​ស្វែង​យល់​​​ពី​ចំណុច​ខ្លាំង​ និង​ខ្សោយ​របស់​ដៃ​គូ ហើយ​បន្ទាប់​មក​រក​យុទ្ធសាស្ត្រ​ដើម្បី​ឈ្នះ។ ខុន ស៊ីចាន់​បាន​អនុវត្ត​តាម​ផែន​ការ​របស់​លោក​​តាម​រយៈ​ការ​គ្រប់​គ្រង​ស្ថានភាព​ឲ្យ​បាន​ល្អ​ និង​ការ​ប្រើ​កែង​។ ស៊ីចាន់​មាន​បញ្ហា​ដៃ​ក្នុង​ទឹក​ទី​៣​ ប៉ុន្តែ​គេ​បាន​បង្ហាញ​​ភាព​ជា​អ្នក​​ប្រយុទ្ធ​ពិត​ប្រាកដ​រហូត​ទទួល​បាន​ជ័យជម្នះ។

Alan និយាយ​ថា ៖«យើង​​បាន​រង់​ចាំ​មួយ​ឆ្នាំ​ហើយ​ដើម្បី​​បង្កើត​កម្មវិធី​ទាំង​នេះ​សម្រាប់​ក្បាច់​គុន​ចម្រុះ​ MMA ហើយ​ខុន​ ស៊ីចាន់​​ជា​កីឡាករ​ទី​១​ដែល​ទទួល​បាន​ជ័យជម្នះ​ពី​ការ​រៀប​​ផែន​ការ​ទាំង​នេះ»។

ទោះ​ជា​យ៉ាង​ណា ខុន ស៊ីចាន់ ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​៣​ទឹក។ ២​ទឹក​ដំបូង​កីឡាករ​កម្ពុជា​រូប​នេះ​​វ៉ៃ​បាន​ល្អ​ទាំង​កណ្តាប់​ដៃ​ ទាត់ កែង និង​ក្បាច់​ក្រោម ប៉ុន្តែ​ទឹក​ទី​៣​បែរ​ជា​ខ្សោយ​កម្លាំង​ត្រូវ​បាន​ដៃ​គូ​យក​ប្រៀប​វិញ។

គ្រូ​បង្វឹក​រូប​នេះ​ឲ្យ​ដឹង​ថា​ ក្លឹប​ Phnom Penh MMA ចាប់​ផ្តើម​ជ្រើស​រើស​​កីឡាករ​​កម្ពុជា​ល្អ​ៗ​ដើម្បី​ហ្វឹកហាត់ និង​បណ្តុះបណ្តាល​ពួក​គេ​តាម​រយៈ​សម្ភារៈ​ហ្វឹកហាត់​ទំនើប​ៗ​នៅ​ក្លឹប​ Prokout Gym និង​ Banteay Center៕

គ្រូ​បង្វឹក Alan នៅ​ក្រៅ​សង្វៀន ពេល ខុន ស៊ីចាន់ កំពុង​វ៉ៃ

ប្រភពរូបថត៖ One Championship

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី