មក​ស្គាល់​កំពូល​​អង្គរក្ស​​នៅ​​ខ្មែរ​ការពារ​បុគ្គល​​ល្បី​​​ៗ​មាន​ទាំង​តារា​ហូលីវូដ​

  • 2018-03-14 03:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Alan LM Mccune​ ជា​​​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​ឃើញ​​លេច​មុខ​ការពារ​បុគ្គល​ល្បី​​ៗ​​ក្នុង​កម្មវិធី​​ធំ​​ៗ​ផ្លូវ​ការ​នៅ​​ប្រទេស​កម្ពុជា​។ ថ្មី​ៗ​នេះ​រូប​គេ​ទើប​តែ​​បញ្ចប់​ភារកិច្ច​ការពារ​អតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក​ Ryan Giggs ដែល​បាន​មក​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​គេ។

លោក Alan (កណ្តាល) និង​តារា​បាល់ទាត់ Ryan Giggs (ស្តាំ)

លោក​ Alan LM Mccune ប្រាប់​សារព័ត៌មាន​ Sabay ថា​ លោក​ជា​ជន​ជាតិ​ស្កុតឡែន​ និង​បាន​មក​​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៣​ ប៉ុន្តែ​​ធ្លាប់​ធ្វើ​ដំណើរ​លក្ខណៈ​កម្សាន្ត​មក​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៧​ម៉្លេះ។ បន្ទាប់​ពី​លោក​បាន​​ឃើញ​ប្រទេស​កម្ពុជា​ លោក​ពិត​ជា​​ស្រលាញ់​​វប្បធម៌​ និង​បែប​បទ​នៃ​ការ​រស់​នៅ​របស់​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់។

លោក​បាន​ក្លាយ​ជា​អង្គរក្ស​រយៈ​ពេល​៣២​ឆ្នាំ​ហើយ​គិត​ដល់​ពេល​នេះ។ រយៈ​ពេល​៣២​ឆ្នាំ​កន្លង​ទៅ​នេះ​​លោក​បាន​ការពារ​​ឥស្សរជន​ល្បី​ច្រើន​ណាស់​ទាំង​តារាភាពយន្ត​ហូលីវូដ​ ​តារា​បាល់ទាត់​ល្បី​ៗ​ និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន។ លោក​ប្រាប់​ថា​ ៖«ខ្ញុំ​ធ្វើ​ជា​អង្គរក្ស​​តាំង​ពី​អាយុ​១៨​ឆ្នាំ​​។ ខ្ញុំ​ធ្លាប់​ការពារ​តារា​ល្បី​លំដាប់​ពិភព​លោក​ដូច​ជា​តារា​ហូលីវូដ​លោក​ George Clooney លោក​​ Rod Steward លោក​ Russel Crowe​ ជា​ដើម»។ បើ​នៅ​ស្រុក​ខ្មែរ​វិញ​ លោក​ធ្លាប់​ធ្វើ​ជា​អង្គរក្ស​​ក្នុង​ពិធី​បើក​សម្ពោធ​​ធំ​ៗ​ជា​ច្រើន​ និង​តារា​ល្បី​ៗ​ដែល​មក​កម្ពុជា​ដូច​ជា​ Bono, Jessi​ និង​តារា​មក​ពី​ថៃ​​ផង​ដែរ។ ចុង​ក្រោយ​នេះ​ លោក​បាន​បំពេញ​ភារកិច្ច​ការពារ​អតីត​កំពូល​តារា​​បាល់ទាត់​ពិភព​លោក​ Ryan Giggs ដែល​មក​ប្រទេស​កម្ពុជា​៣​ថ្ងៃ។​

លោក Alan ធ្វើ​ជា​អង្គរក្សការពារ​តារា​ហូលីវូដ

Alan ដែល​មាន​​មាឌ​ដំបង​ដែល​មើល​ទៅ​​គួរ​ឲ្យ​ខ្លាច​ស័ក្ដិសម​ជា​អង្គរក្ស​បន្ត​ប្រាប់​ទៀត​​ថា​ លោក​បាន​ហ្វឹកហាត់​​តែ​តិចនិក​កីឡា​គុន​ចម្រុះ​ MMA រយៈ​ពេល​១៧​ឆ្នាំ​ជា​មួយ​គ្រូ​បង្វឹក​ MMA ល្បី​ៗ​លំដាប់​ពិភព​លោក​ដូច​ជា​លោក​គ្រូ​ Erik Paulson Rick Young, Roger Gracie ជា​ដើម។ ឆ្នាំ​​២០០៥​​ លោក​បាន​ឈ្នះ​មេដាយ​មាស​​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Gracie Invitational Brazilian Jujitsu ដែល​រៀប​ចំ​នៅ​ប្រទេស​អង់គ្លេស។

ឆ្នាំ​២០១៣​លោក​បាន​​មក​ប្រទេស​កម្ពុជា​​ដែល​ពេល​នោះ​លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​កីឡា​ MMA។ លោក​និយាយ​ថា​ «៖«ខ្ញុំ​ត្រូវ​បាន​លោក​គ្រូ​ Paddy Carson និង​លោក​ ម៉ា​​ សេរី​អញ្ជើញ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ KWC របស់​ទូរទស្សន៍​ MYTV។ ខ្ញុំ​បាន​បង្វឹក​បង្ហាត់​​កម្មវិធី​ប្រដាល់​នោះ​បាន​​៣​រដូវ​កាល​ និង​​បង្ហាត់​កីឡាករ​ខ្មែរ​​ប្រហែល​ជា​​៧៥​នាក់​ដូច​ជា​កីឡាករ​ ខុន ស៊ីចាន់​ ដែល​ទើប​តែ​ឈ្នះ​ការ​ប្រកួត​នៅ​ One Championship កាល​ពី​ពេល​ថ្មី​ៗ​នេះ»។​

បច្ចុប្បន្ន​​លោក​​​​បង្ហាត់​​នៅ​ក្លឹប​ Phnom Penh MMA, Prokout និង​ Banteay Center។ លើស​​ពី​នេះ​ទៀត​​លោក​​ជា​មួយ​​លោក​គ្រូ​យូដូ​ ឡាច វុទ្ធី​​កំពុង​រៀប​ចំ​បង្កើត​ការ​ប្រកួត​ ជើង​ឯក​គុន​ចម្រុះ​កម្ពុជា​ (Cambodian MMA Champion)៕

លោក Alan ការពារ​តារា​ហូលីវូដ
Alan ការពារ​តារា​​ថៃ
លោក Alan និង​តារា​ខ្មែរ សុខ សោម៉ាវត្តី
លោក Alan ការពារ Ryan Giggs
លោក Alan

រូបថត​ទាំង​អស់​ខាង​លើ ផ្តល់​សិទ្ធិ​ឲ្យ​ដោយ​លោក Alan LM Mccune

អត្ថបទ៖ ជាន ចាន់រ៉ា