ល្ងាចនេះ​ អាហ្វហ្គានីស្ថាន​សង​សឹក​កម្ពុជា​

  • 2018-03-26 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​ដល់​ពេល​សង​សឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ហើយ​ បន្ទាប់​ពី​ចាញ់​ក្រុម​កម្ពុជា​ដោយ​លទ្ធផល​ ១-០ កាល​ពី​ជើង​ទី​១​​ថ្ងៃ​ទី​​១៣​ ខែ​មីនា ឆ្នាំ​២០១៧​នៃ​យុទ្ធនាការ​ពាន​រង្វាន់​ AFC Asian Cup ពូល​ C។

ក្រុម​កម្ពុជា

កាល​ពី​ជើង​ទី​១​ នៅ​ចាំ​ថា កម្ពុជា​បាន​យក​ឈ្នះ​អាហ្វហ្គានីស្ថាន​ដោយ​លទ្ធផល​ ១-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ។ គ្រាប់​បាល់​ជ័យជម្នះ​នេះ​រក​បាន​ដោយ​កីឡាករ​ ប្រាក់ មុន្នីឧត្តម​ នៅ​នាទី​ទី​​៥៩​ និង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​​លោក​គ្រូ​បង្វឹក​ជន​ជាតិ​ប្រេស៊ីល Leonardo Vitorino។

សម្រាប់​ជើង​ទី​ពីរ​នេះ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​របស់​កម្ពុជា​ដោយ​សារ​ធ្លាក់​បាត់​ហើយ​ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​សំខាន់​ដដែល​សម្រាប់​លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា។ លោក​ប្រាប់​ថា ថ្វី​បើ​កម្ពុជា​ធ្លាក់​ពី​ពាន AFC Asian Cup ហើយ​ក្តី​ តែ​នៅ​តែ​សំខាន់​សម្រាប់​ក្រុម​របស់​លោក។ កម្ពុជា​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​រក្សា​ចំណាត់​ថ្នាក់​ល្អ​នៅ​ FIFA Ranking។

ក្រុម​អាហ្វហ្គានីស្ថាន

ចំណែក​លោក​ Otto Pfister គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា​ ក្រុម​របស់​លោក​បាន​ហ្វឹកហាត់​ធម្មតា​ដូច​សព្វ​មួយ​ដង​ ប៉ុន្តែ​សង្ឃឹម​ថា​ ធ្វើ​បាន​ល្អ​ដោយ​ទទួល​បាន​ជ័យជម្នះ​លោក​ក្រុម​កម្ពុជា។ ចំណែក​ប្រធាន​ក្រុម​របស់​អាហ្វហ្គានីស្ថាន​និយាយ​ថា ប្រកួត​ចុង​ក្រោយ​ជា​មួយ​កម្ពុជា​ចាញ់​ ដូច្នេះ​ក្រុម​របស់​​គេ​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ថ្ងៃ​នេះ។

ការ​ប្រកួត​បង្គ្រប់​កិច្ច​​នឹង​ចាប់​ផ្ដើម​វេលា​ម៉ោង​៤​រសៀល​ ​នៅ​ទឹក​ដី​កណ្តាល​ តាជីគីស្ថាន វេលា​ម៉ោង​១៦​ (៤​ល្ងាច​)៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម