រឿង​ភាគ​របស់​ Luhan និង​គូស្នេហ៍មិន​ទាន់​ចេញ​ផង អ្នក​គាំទ្រ​លែង​ចង់​មើល​បាត់​

  • 2018-03-28 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Sweet Combat” ជា​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​ដែល​ផលិត​ឡើង​ដោយ​ទូរទស្សន៍ Mango Tv និង​ផលិតកម្ម Jinxi។ រឿង​ភាគ​ថ្មី​នេះ​ដែរ​មាន​ចំនួន ៣៨​ភាគ​ ហើយជាការសម្ដែង​ដោយ​គូ​ស្នេហ៍​តារា​វ័យ​ក្មេង Lu Han និង Guan Xiaotong។

នៅ​ពេល​ដែល​តារា​ចម្រៀង Lu Han និងតារា​សម្ដែង Guan Xiaotong បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​ខ្លី​ នៃ​រឿង​ភាគ​ថ្មី​មួយ​នេះ​ភ្លាម មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​តួអង្គ​ដ៏​ទន់​ខ្សោយ​របស់ Lu Han ដែល​​ពឹង​តែ​លើ​មិត្ត​ស្រី​​​ឲ្យ​ការពារ​លោក។ ពួក​គេ​បាន​បញ្ចេញ​មតិ​ថា Guan Xiaotong ដើរ​តួ​ជា​មនុស្ស​ប្រុស​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​នាង។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​បាន​ចំអក​ថា​ សូម្បី​តែ​មិត្ត​ស្រី​របស់​លោក ​(Luhan) ក៏​មើល​ទៅ​មានភាពជាមនុស្ស​ប្រុស​ជាង​លោក​ដែរ។ អ្នក​គាំទ្រ​ទាំង​នោះ​ក៏​បាន​យល់​ស្រប​គ្នា​ថា Lu Han មិន​ស័ក្ដិសម​ដើរ​តួ​ជា​អ្នក​ប្រដាល់​នោះ​ទេ។

តាម​មនុស្ស​ម្នាក់​បាន​និយាយ​ថា៖ "ខ្ញុំ​ជា​អ្នក​គាំទ្រ Lu Han អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចំពោះ​រឿង​មួយ​នេះ​ខ្ញុំ​មិន​មើលទេ​ ទោះ​បី​ជា​ត្រូវ​សម្លាប់​ខ្ញុំ​ចោល​ក៏​ដោយ"។

អ្នកប្រើ​បណ្ដាញអ៊ីនធឺណិតម្នាក់​ទៀត​ក៏​បាន​និយាយ​ដែរ​ថា៖ "រឿង​នេះ​មើល​ទៅ​ដូច​ជា​ចាស់​គំរឹល ដូច​ជា​រឿង​ថត​កាល​ពី​១០​ឆ្នាំ​មុន"។

“Sweet Combat” គឺ​ជា​រឿង​ភាគ​ទី​​មួយ​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ​ដែល​បាន​​សម្ដែង​រួម​គ្នា គិត​តាំង​ពី​ទំនាក់​ទំនង​របស់​ពួក​គេ​បាន​បើក​ចំហ​ជា​សាធារណៈ​មក។ ដោយសារមាន​មតិ​រិះគន់​ជាច្រើន​​មុន​​ពេល​ចាក់​បញ្ចាំង​បែប​នេះ នៅ​ថ្ងៃ​មុខ​ អាច​ជា​ប្រការ​មួយ​ដែល​គួរឲ្យព្រួយ​បារម្ភ​ខ្លាំង៕

ទស្សនា​វីដេអូ​ខ្លី​រឿង​ថ្មី​មួយ​នេះ​ខាង​ក្រោម៖​

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា