ក្ដៅៗ iOS 11.3 ចេញ​ជា​ផ្លូវ​ការ​ហើយ​ អាច​សារ៉េ​ល្បឿន​ iPhone បាន

  • 2018-03-30 02:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ Apple បាន​បញ្ចេញ​ការ​អាប់ដេត​ iOS 11.3 ជា​ការ​អាប់ដេត​ធំ​បំផុត​មួយ​សម្រាប់​ iOS 11 ដែល​បាន​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧។

iOS 11.3 នេះ​ Apple បាន​បន្ថែម​នូវ​ផ្ទាំង​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Battery Health (Beta) ​នៅ​លើ​គ្រប់​ iPhone ចាប់​ពី​ iPhone 5s ឡើង។ ផ្ទាំង​ថ្មី​នេះ​មាន​បន្ថែម​ព័ត៌មាន​អំពី​សមត្ថភាព​ផ្ទុក​ថ្ម​របស់​ iPhone និង​មាន​បង្ហាញ​ថា​​ថ្ម​រង​ការ​ខូច​ខាត​​ដល់​ដំណាក់​កាល​ដែល​វា​​ត្រូវ​កាត់​បន្ថយ​ល្បឿន iPhone ​ឬ​អត់។

​​​​គ្រប់ iPhone ដែល​ប្រើ​ iOS 11.3 នឹង​ចាប់​ផ្ដើម​ដោយ​មិន​មាន​ដំណើរ​ការ​មុខងារ​គ្រប់គ្រង​​ដំណើរ​ការ (Performance Management) ​នោះ​ទេ។ ប៉ុន្តែ​មុខងារ​នេះ​នឹង​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ iPhone ជួប​បញ្ហា​រលត់​ដោយ​ខ្លួន​ឯង។ យ៉ាងណាក្ដី​អ្នក​ប្រើ​ប្រាស់​អាច​បិទ​មុខងារ​នេះ​បាន​ ដោយ​ចូល​ទៅ​កាន់​ Settings → Battery → Battery Health រួច​ចុច​លើ​ Disable។

នៅ​លើ​ iOS 11.3 នេះ​ក៏​មាន​បន្ថែម​ចំណុច​ថ្មីៗ​ដទៃ​ទៀត​ដូច​ជា​មាន​ថែម​ Avatar ចំនួន​ ៤ ជា​មួយ​មុខងារ​​ Animoji, ផ្ទាំង​បង្ហាញ​ព័ត៌មាន​ពី​ការ​ប្រើ​ប្រាស់​ទិន្នន័យ​សម្ងាត់, នៅ​លើ​ Apple Music មាន​ថែម​​ទីតាំង​សម្រាប់​ទស្សនា​វីដេអូ​ចម្រៀង និង​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ទៀត។

គួរ​ដឹង​ថា​ iOS 11.3 នេះ​បាន​ចាប់​ផ្ដើម​បញ្ចេញ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​ជុំវិញ​ពិភពលោក ​ហើយ​សម្រាប់​​អ្នក​ប្រើ​ប្រាស់​នៅ​ប្រទេស​កម្ពុជា​​ក៏​ទទួល​បាន​ការ​អាប់ដេត​នេះ​បណ្ដើរៗ​ដែរ៕​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង