មានឆ្ងល់ទេ ពេលអ្នកទិញគ្រឿងអេឡិចត្រូនិកដាក់ផ្ទះម្តងៗ ម៉េចបានសត្វចិញ្ចឹមឆ្លេឆ្លាខ្លាំងម៉្លេះ
- 2018-04-05 10:09:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានឆ្ងល់ទេ ពេលអ្នកទិញគ្រឿងអេឡិចត្រូនិកដាក់ផ្ទះម្តងៗ ម៉េចបានសត្វចិញ្ចឹមឆ្លេឆ្លាខ្លាំងម៉្លេះ
ចន្លោះមិនឃើញ
អ្នកមានសត្វចិញ្ចឹមគ្រប់រូបអាចនឹងកត់សម្គាល់ឃើញថា រាល់ពេលដែលយើងទិញគ្រឿងអេឡិចត្រូនិកថ្មីដាក់ផ្ទះ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ឬឧបករណ៍បំពងសំឡេង (Speaker) ជាដើមនោះ សត្វចិញ្ចឹមរបស់អ្នកនឹងមានកាយវិការប្លែកជាងមុននៅពេល ដែលយើងបើកឧបករណ៍ទាំងនោះប្រើប្រាស់។ រឿងនេះមិនមែនកើតឡើង ដោយសារសត្វទាំងនោះមិនស្គាល់ថារបស់នោះជាអ្វីទេ តែវាទាក់ទងនឹងញាណរបស់វាឯណោះទៅវិញ។
តាមរយៈការពន្យល់បកស្រាយដោយ ក្រុមវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទបានលើកឡើងពីភាពខុសគ្នារវាងញាណរបស់មនុស្ស និងសត្វចិញ្ចឹមមួយចំនួនដូចជា សត្វឆ្កែ និងសត្វឆ្មាជាដើម។ ជាធម្មតាសត្វឆ្កែ និងសត្វឆ្មា មានគំហើញ និងការឮល្អឆ្ងាយជាងចក្ខុវិញ្ញាណ(ភ្នែក) និងសោតវិញ្ញាណ(ត្រចៀក) របស់មនុស្សឆ្ងាយណាស់។
រាល់ពេលដែលមនុស្សប្រើប្រាស់គ្រឿងអេឡិចត្រូនិកដូចជា ទូរទស្សន៍ ជាដើម យើងតែងតែកែតម្រូវកម្រិតពន្លឺ និងបន្ថែមបន្ថយសំឡេងឲ្យសមស្របទៅតាមការចូលចិត្តរបស់ខ្លួន។ ប៉ុន្តែចំពោះសត្វចិញ្ចឹមអ្នក ការស្ដាប់តន្ត្រីកន្ត្រាក់អារម្មណ៍របស់អ្នក ប្រៀបដូចទៅនឹងការរញ្ជួយផែនដីសម្រាប់ពួកវាអញ្ចឹង។ ម៉្យាងទៀត ពន្លឺដែលជះចេញពីអេក្រង់គ្រឿងអេឡិចត្រូនិកទាំងនោះក៏ប៉ះពាល់ដល់គំហើញរបស់សត្វដែរ ជាហេតុធ្វើឲ្យពេលខ្លះពួកវានៅមិនសុខ ឆ្លេឆ្លា ចុះឡើងទាំងដែលយើងមិនដឹងមូលហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនេះមានដំណោះស្រាយដោយគ្រាន់តែអ្នក ជ្រើសរើសយកគ្រឿងអេឡិចត្រូនិកណាដែលមានអេក្រង់ប្រភេទ Flicker-Free ដែលពន្លឺរបស់វារត់ស្មើមិនបំផ្លាញកែវភ្នែកទាំងសត្វ ទាំងមនុស្ស។ មួយវិញទៀត រឿងចម្បងដែលអ្នកគួរតែធ្វើ គឺដកភ្លើងគ្រឿងអេឡិចត្រូនិកនោះចេញតែម្ដងពេលមិនប្រើប្រាស់ដោយហេតុថា គ្រឿងអេឡិចត្រូនិកខ្លះនៅតែមានដំណើរការតិចតួចទោះបីជាយើងបិទវាក៏ដោយ។ លើសពីនេះទៅទៀត វិធីនេះក៏ជួយសន្សំសំចៃអ្នកពីការបឺតស្រូបអគ្គិសនីរបស់គ្រឿងអេឡិចត្រូនិក ដោយមិនដឹងខ្លួនទៀតផង៕
ចុចអាន៖