Facebook ឆ្លើយត្រង់​ៗថា រាល់សារ​អ្នកប្រើប្រាស់ផ្ញើ​ឲ្យ​គ្នា ត្រូវ​បាន​ឆែកខ្ទេច​គ្មាន​សល់ទេ

  • 2018-04-05 08:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ថា រាល់​រូបភាព និង​តំណ​ភ្ជាប់ (Link) នានា ដែល​​អ្នក​គ្រប់​​គ្នា​បាន​ផ្ញើ​ឲ្យ​គ្នា​នៅ​លើ Facebook Messenger ដែល​ជា​កម្មវិធី​ផ្ញើ​សារ​របស់ Facebook នោះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ទាំង​អស់​គ្មាន​សល់។

កាល​ពី​បទ​សម្ភាសន៍​លើក​មុន​ជាមួយ Vox លោក Mark Zuckerberg បាន​ឆ្លើយ​នឹង​សំណួរ​បញ្ជាក់​ថា តើ Facebook Messenger ពិត​ជា​បាន​ត្រួតពិនិត្យ​សារ​ជា​លក្ខណៈ​ឯកជន​របស់​អ្នក​ប្រើប្រាស់​មែន​ ឬ​មួយ​ក៏​យ៉ាងណា។ លោក​បាន​ប្រាប់​ថា វា​ជា​ការ​ពិត​ ដែល​រាល់​រូបភាព និង Link នៅ​ក្នុង Messenger របស់​អ្នក​ប្រើប្រាស់ ត្រូវ​បាន​ត្រួតពិនិត្យ​ដើម្បី​ការពារ​ពី​ការ​ចែកចាយ​មាតិកា មិន​ល្អ​នៅ​លើ Platform របស់ Facebook។ បើ​សិន​ជា​ ចាប់​បាន​ថា​​រូបភាព និង Link ដែល​ផ្ញើ​ចេញ​នោះ​បង្កប់​អត្ថន័យ​មិន​សមរម្យ ដូច​ជា​ការ​រើស​អើង​ពូជសាសន៍ ការ​បៀតបៀន​ផ្លូវ​ភេទ​កុមារ​ជាដើម​ Messenger នឹង Block រាល់ Link និង​រូបភាព​នោះ​ចោល​មិន​ឲ្យ​ផ្ញើ​ចេញ​តែ​ម្ដង។

រាល់​អ្វី​ដែល​ត្រូវ​បាន​ផ្ញើ​ឆ្លងកាត់ Messenger ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ ឬ​អាច​ជា​មនុស្ស​មួយ​ក្រុម​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​គ្រប់​សារ​ទាំងនោះ។ ខុស​ប្លែក​ពី Whatsapp ដែល​ជា​កម្មវិធី​ផ្ញើ​សារ របស់​ខ្លួន​ដែរ​នោះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​បុគ្គល​ពី​ខាង​ក្រៅ​អាច​ឆែក​សារ​ដែល​អ្នក​ប្រើ​ប្រាស់​ផ្ញើ​ឲ្យ​គ្នា​ឡើយ។ រាល់​ទិន្នន័យ​ទាំង​អស់​ត្រូវ​បាន​បម្លែង (Encrypted) ដែល​មិន​អាច​ឲ្យ Hacker យល់​ពី​អ្វី​ដែល​អ្នក​ប្រើប្រាស់​ផ្ញើ​ចេញ​នោះ​ទេ។

ចង់​បញ្ជាក់​ថា Facebook Messenger ក៍​មាន​មុខ​ងារ Encryption ដែរ​ ទាស់​ត្រង់​ថា​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​កាន Secret Conversations នឹង​ចាប់​ផ្ដើម​ការ​សន្ទនា​ឡើង​វិញ ទោះ​ជា​អ្នក​ប្រើ​នោះ​ធ្លាប់​ផ្ញើ​សារ​ឲ្យ​គ្នា​រួច​ហើយ​ក៏​ដោយ។

ម៉្យាងទៀត Facebook បាន​ចេញ​មក​បញ្ជាក់​ហើយ​ថា ដើម្បី​ឲ្យ Platform របស់​ខ្លួន​មាន​មាតិកា​ដែល​គោរព​ទៅ​តាម​គោលការណ៍​ដែល​បាន​ចេញ​មក ទិន្នន័យ​ទាំង​អស់​នៅ​លើ Facebook និង Intagram នឹង​ត្រូវ​ឆ្លង​កាត់​អ្នក​ត្រួតពិនិត្យ (Moderator) ជា​មុន​សិន។

បើ​តាម​ហេតុផល​ដែល Facebook លើក​ឡើង​នេះ វា​មាន​ផល​វិជ្ជមាន​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ ប៉ុន្តែ​ក៏​បង្កើត​ឲ្យ​មាន​ការ​ព្រួយបារម្ភ ពី​ព័ត៌មាន​ឯកជន​ដែល​ត្រូវ​បាន​ឆែកឆេរ​នេះ​ដែរ ព្រោះ​ទើប​តែ​មាន​រឿង​អាស្រូវ​ពេល​កន្លង​ទៅ​ថ្មីៗនេះ​ទេ ដែល​ក្រុមហ៊ុន Cambridge Analytica របស់​អង់គ្លេស អាច​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត​ទៅ​ប្រើ​ដើម្បី​ការ​ឃោសនា​បោះ​ឆ្នោត​បាន៕

ចុចអាន៖

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី