អោយរាង...! ស្គាល់ខារ៉ាអូខេលើកដំបូង អស់ខ្សែកប្រាំជី!
- 2018-04-06 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អោយរាង...! ស្គាល់ខារ៉ាអូខេលើកដំបូង អស់ខ្សែកប្រាំជី!
ចន្លោះមិនឃើញ
ខកខានថ្ងៃច័ន្ទ មួយថ្ងៃ ឥឡូវ "នឹកឡើងហួសចិត្ត" ត្រឡប់មកវិញហើយ។ ថ្ងៃនេះ យើងទៅជួបបទពិសោធន៍របស់យុវជនម្នាក់ ដែលជាអតីតកម្មករលីសែងនៅក្នុងដេប៉ូអេតចាយមួយនៅខេត្តបាត់ដំបង ក្បែររ៉ារទេះភ្លើង។
ទោះបីជា សាន ខ្ញុំនេះបានឃ្លាតឆ្ងាយពីស្រុកកំណើតមកធ្វើជាពលករនៅប្រទេសកូរ៉េ យ៉ាងណាក៏ដោយ នៅតែមិនភ្លេចអនុស្សាវរីយ៍សប្បាយលាយទុក្ខកាលនៅប្រទេសកំណើត និងចង់ចែកជួនមិត្តអ្នកអានគេហទំព័រ Sabay បានជាការកម្សាន្តផង ទុកជាបទពិសោធន៍ផង។ ហាសហា…នោះគឺអនុស្សាវរីយ៍ ចូលខារ៉ាអូខេលើកដំបូង ធ្វើឲ្យខ្ញុំស្ទើររាងចាលមួយជីវិត។ តែវាជាបទពិសោធន៍សប្បាយរីករាយផង និងខ្មាសគេផង សង្ឃឹមថាទាំងអស់គ្នាមិនសើចចំអក គ្រាន់តែហួសចិត្តបានហើយ។
រឿងនោះវាយ៉ាងនេះទេ កាលណោះ ចុងខែវិច្ឆិកាឆ្នាំ២០១០ បន្ទាប់ពីបើកលុយពីថៅកែអេតចាយរួច ចាប់បង្កើតកម្មវិធីតិចតួច ជាការរៃលុយគ្នាប៉ុណ្ណោះ។ តាមទម្លាប់ ស្រាសស្រាថ្នាំ គឺជាជម្រើសដ៏ល្អបំផុតហើយ ហើយលើកនេះក៏ដូចគ្នា។ ប៉ុន្តែមិនប្រមាណពីរម៉ោងកន្លងផុតទៅ ស្រាស ស្រាថ្នំា អត់បានធ្វើសមាជិកទាំងអស់ អស់ចិត្តទេ ទាំងអ្នកមានប្រពន្ធកូនរួចហើយ និងអ្នកនៅលីវ ព្រោះនៅមានលុយក្នុងហោប៉ៅរៀងខ្លួន។ បងធម៌ខ្ញុំម្នាក់បានចាប់ផ្ដើមមុនគេថា "គ្នាយើង អាណាទៅច្រៀងខារ៉ាអូខេខ្លះវ៉ើយ?”។ សមាជិកទាំងអស់ស្រែកព្រមគ្នា “ទៅ”។
ស្រុះ គ្នាងាយបែបនេះ ព្រោះម្នាក់ធ្លាក់ភ្នែកគ្រប់គ្នាហើយហ្នឹង ដូច្នេះពួកយើងក៏ចេញដំណើរ។ ដើរបណ្ដើរជជែកគ្នាបណ្ដើរ ក្រុមការងារក៏បានឆ្លងស្ពានថ្មមួយកាត់ស្ទឹងសង្កែឆ្ពោះមកភ្នំពេញ។ ក្រឡេកមកស្ដាំដៃក៏ប្រទះឃើញហាងខារ៉ាអូខេមួយមានភ្លើងព្រឹមៗ និងមាននារីស្អាតៗប៉ុន្មាននាក់កំពុងអង្គុយលើកៅអីចាំទទួលស្វាគមន៍។ រៀមច្បងម្នាក់ពេញប្រៀបដោយបទពិសោធន៍ និងត្រូវប្រពន្ធមិនស្ដីរកញឹកប្រាប់ថា កន្លែងហ្នឹងធូរថ្លៃជាងគេ។
មិនបង្អង់យូរ ពួកយើង ក៏បាននាំចូល និងបានធ្វើដំណើរព្រមគ្នាសំដៅទៅកាន់បន្ទប់ដែលមានមេការម្នាក់នាំផ្លូវ។ ខ្ញុំចាប់ផ្ដើមភ័យផងអរផង ព្រោះជាលើកដំបូងផង និងប្រាប់ខ្លួនឯងថា "ចូលក៏ចូលដែរ គេយ៉ាងម៉េចយើងក៏អញ្ចឹង អស់ប៉ុន្មានលុយប៉ុណ្ណឹង!”។
គ្រប់គ្នាចូលទៅក្នុងបន្ទប់អង្គុយ លើសាឡុងយ៉ាងព្រងើយ ដោយគ្មានខ្វល់អ្វីទាំងអស់ ដោយម្នាក់ៗមានទឹកមុខតែញញឹមញញែម។ បន្តិចក្រោយមក ស្រាប់តែមាននារីមកឈរត្រៀបត្រា ឲ្យជ្រើសរើសដូចទំនិញលក់នៅផ្សារអីចឹង។ ម្នាក់ៗជ្រើសរើសយកតាមដែលខ្លួនពេញចិត្តរៀងខ្លួន ចំណែកខ្ញុំដាច់ស្តុកហើយ ស្ត្រីម្នាក់គេហៅថា មេការបានប្រាប់ឲ្យខ្ញុំរង់ចាំបន្តិចសិន។
បងធម៌របស់ខ្ញុំ ឈ្មោះ ចក់ ដែលមានបទពិសោធន៍ប្រពន្ធមិនឲ្យដេកផ្ទះជាញឹកញាប់បានស្នើឲ្យដាក់ ស្រាបៀណាដែលធូរថ្លៃជាងគេ ព្រោះមិនសូវសម្បូរលុយដូចគ្នា។ដាក់ អស់ពីរបីកែវ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស៊ាំនឹងបន្ទប់ភ្លើងពណ៌ម៉ាស៊ីន ត្រជាក់ស្រេបនោះហើយ។ មិត្តភ័ក្ដិផ្សេងទៀត គ្មាននរណាចាប់អារម្មណ៍ច្រៀងប៉ុន្មានទេ ដោយម្នាក់ៗជាប់រវល់កៀកកើយប្រលែងស្និទ្ធ…បះដៃបះជើង។
យន្តការីចាក់បទជាបន្តបន្ទាប់តាមការកុម្ម៉ង់របស់ខ្ញុំ។ ច្រៀងបណ្ដើរជល់បណ្ដើរ ជាបន្តបន្ទាប់កេសទីមួយបានកន្លងផុតទៅ រូបខ្ញុំរង់ចាំស្ទើរផ្សាភ្នែកក្រែងមានដៃគូមកនឹងគេ ហើយក៏បានហៅកេសទីពីរ។ ថ្ងៃ នោះយីអ៊ុនដាក់យ៉ាងម៉េចមិនដឹង ធ្លាប់ជាគីឡូស្រាសក្ដឹបអំពិលពីស្វាយរៀងដែរ បែរជាឆាប់ធ្លាក់ភ្នែកឡែទៅហើយ។ ចម្រៀងចប់ជាបន្តបន្ទាប់ជាច្រើនបទ ទើបមេការបាននាំនារីម្នាក់មកឲ្យអង្គុយក្បែរ។ ខ្ញុំគ្រាន់តែដឹងថា នាងក្រាលគ្រងដោយឈុតពណ៌ផ្កាឈូក រាងខ្លីបន្តិច ព្រោះខ្ញុំស្រវាំងភ្នែកទៅហើយ។
ការអង្គុយយ៉ាងកៀកបានធ្វើឲ្យបុរសទៅពីស្រែយ៉ាងខ្ញុំបាទនេះ រកថាមិនត្រូវ។ មានតែប្រឹងប្រែងលើកដាច់ៗ ក្រែងឈប់ភ័យ។ពេល វេលាអូសបន្លាយជាច្រើនម៉ោង ការលើកដាច់ហើយដាច់ទៀតនាំឲ្យមានសំបកដបសល់គរក្រោមតុកញ្ចក់មួយ ។ ភ្លេចខ្លួន ស្រាប់តែបានដេកលក់មួយភាំងយ៉ាងស្រួលខ្លួន លុះភ្ញាក់វិញងាកមកមើលនាឡិកាម៉ោងប្រមាណជាងពីររំលងអាធ្រាត្រ ស្រេច មានន័យថា ខ្ញុំលក់ប្រមាណជា៣ម៉ោងជាងទៅហើយ។
នារីដែលមកអង្គុយក្បែរដែលមិនទាន់ទាំងបានប៉ះសាច់បន្តិចផង ក៏បានចេញបាត់។ ក្រឡេករកមិត្តភ័ក្តិដែលមកជាមួយគ្នា៦នាក់ ឃើញសល់តែម្នាក់គត់ កំពុងដេកលក់យ៉ាងស្រួល ស្រម៉ុកខល់គ្មានខ្វល់កើតទុកអីសោះ។
កំពុងតែមីងមាំងនៅឡើយ ស្រាប់តែទ្វារបន្ទប់របើកឡើង លេចបុរសម្នាក់ដើរចូលមក ដោយដៃមានកាន់កូនសៀវភៅតូចមួយមកជាមួយផង។ ចូលដល់ក្នុងបន្ទប់ បុរសមិនស្គាល់ឈ្មោះនោះ និយាយដោយគួរសមថា “គ្នាបងចេញទៅអស់ហើយ នេះវិក្កយបត្រ” ។ តែប៉ុណ្ណោះ ខ្ញុំចាប់ផ្ដើមបុកពោះជាងកាលឈានជើងចូលបន្ទប់១០០ដង ព្រោះដឹងច្បាស់ហើយថា មានរឿងអី។
ខ្ញុំលើកដៃទទួលយកវិក្កយបត្រទាំងអារម្មណ៍មិននៅក្នុងខ្លួន និងចោលភ្នែកមកខាងក្រោមវិក្កយបត្រឃើញថាអស់ជិត ២០០ដុល្លារឯណោះ ខណៈក្នុងខ្លួនមានតែ ២០ម៉ឺនរៀល។ ងាកទៅអាមួយដែលដេកលក់អត់ខ្វល់អីនោះ លូកក្នុងហោប៉ៅវា មានតែជា ៥ម៉ឺនអោយគត់។
អាសន្នធំ…ខ្ញុំចង់យំបន្តិច ចង់សើចបន្តិច នឹកហួសចិត្ត ទើបស្គាល់ខារ៉ាអូខេដំបូងបំផុត ជួបរឿងយ៉ាងនេះ ម្យ៉ាងគ្មានបានឱបអីបន្តិចផង អស់លុយម៉ាគគោក។ ខ្ញុំបានឲ្យអ្នកគិតលុយចេញក្រៅបន្តិច ដើម្បីយកពេលដាល់អាសំឡាញ់ម្នាក់ដែលមិនរត់ចោល ពិភាក្សាគ្នា ដែលតាមពិតទៅមិនដឹងថា វាស្ម័គ្រនៅជាមួយ ឬជ្រុលលក់ភ្លឹបមិនដឹងខ្លួនជាមុន ដូចខ្ញុំឬយ៉ាងណា។ តែលែងខ្វល់ពីវាថាដោយសារមូលហេតុអ្វីទើបសល់ខ្លួនជាប់កុនជាមួយ ខ្ញុំឬយ៉ាងណាហើយ យើងទាំងពីរនាក់ក៏គិតគ្នា តែគិតយ៉ាងណា ក៏គ្មានមធ្យោបាយ ព្រោះអាសម្លាញ់ខ្ញុំវាបានប្រាប់ថា កុំនិយាយរឿងសល់ សូម្បីតែប្រាក់ខែ ខែក្រោយក៏វាអាវ៉ង់ថៅកែអស់ហើយដែរ ។
ចប់…ខ្ញុំដើរចេញមកក្រៅ អត់មានឃើញនរណាម្នាក់នោះ ក្រៅពីមេការរង់ចាំយកលុយ។ មេការ សួរមកខ្ញុំ “ម៉េចហើយបង?”។ ខ្ញុំតបវិញ រៀងឡូយដែរថា “មិនអីទេចាំបន្តិច ពួកម៉ាកវាមកដល់ឥឡូវហើយ ខ្វះតិចតួច!”។ និយាយរួចក៏ដើរចូលទៅក្នុងបន្ទប់វិញ អាសំឡាញ់ខ្ញុំ ក៏ស្រែកឡើង “អាសាន ខ្សែក!” ខ្ញុំភ្ញាក់ “អើមែន…តែអញស្តាយណាស់វ៉ើយ សន្សំជាងម៉ាឆ្នាំហើយ ទើបបានប៉ុណ្ណឹង”។ អាពួកម៉ាក ខ្ញុំឆ្លើយ “ស្តាយវាស្តាយហើយ តែពេលនេះយករួចខ្លួនសិន អ្ហែងចង់លក់មុខនៅហ្នឹង… ទៅ…ចាំទៅដល់កន្លែង ចាំចាប់ពួកអាអស់ហ្នឹងឲ្យវាសងវិញខ្លះ!”។
អាសំឡាញ់និយាយ ត្រូវ ខ្ញុំដោះខ្សែកមើលទាំងសោកស្តាយ ដើរចេញក្រៅមកជួបមេការ ចរចាសុំការយោគយល់ដោយដាក់ខ្សែកប្រាំជីនោះជាទ្រព្យបញ្ចាំសិន សន្យាស្អែកមកលោះវិញ។ ទំនងឃើញថា ខ្ញុំមិនមែនជាមនុស្សអាក្រក់ មេការក៏យល់ព្រម។ ពួកខ្ញុំក៏បានដើរចេញទាំងអៀនអន់រឹងខ្លួន គ្មានហ៊ានងាកឆ្វេងស្តាំឡើយ សូម្បីតែនាងអង្គុយក្បែរក៏មិនបានហុចមួយរៀលដែរ។
មកដល់ កន្លែងវិញ ទ្វារគ្រប់ច្រកទាំងអស់សុទ្ធតែចាក់សោមិនអាចចូលបាន ទៀត ខ្ញុំទាំងពីរនាក់ ត្រូវអង្គុយរង់ចាំរហូតទល់ភ្លឺទើបបានចូលកន្លែងវិញ ជួបពួកអាដែងរកសខ្មៅ។ តាំងពីហ្នុងមក ប្រមាណជា ២ឆ្នាំ ខ្ញុំខ្លាចខារ៉ាអូខេ…ពិតជាហួសចិត្តមែន មិនដឹងថា មានអ្នកធ្លាប់ជួបស្រដៀងខ្ញុំដែរអត់ហ្ន៎…៕
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ នឹកឡើងហួសចិត្ត ក៏បាន!!!