តារា​ហូលីវូដ​ល្បីៗ​ទាំង​៨​រូប​ សម្រេច​ចិត្ត​មិន​ផ្ដល់​មរតក​ដល់​កូនៗ

  • 2018-04-11 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​រក​ចំណូល​បាន​យ៉ាង​ច្រើន​យ៉ាង​ណា​ក្ដី ក៏​តារា​ល្បីៗ​ទាំង​នេះ​សម្រេច​ចិត្ត​មិន​បន្សល់​មរតក​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​កាន់​កូន​ៗ​របស់​ខ្លួន​ឡើយ។ ដោយ​សារ​តែ​មិន​ចង់​ឲ្យ​កូនៗ​ របស់​ខ្លួន​ឈ្លក់​វង្វេង​នឹង​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ជួន​កាល​អាច​បំផ្លាញ​អនាគត​ពួក​គេ​ផង​ដែរ។ ដូច្នេះ​ហើយ​ទើប​ តារាៗ​ទាំង​នេះ​សុខ​ចិត្ត​ផ្ដល់​ការ​សិក្សា​អប់​រំ​ជំនួស​ប្រាក់​មរតក​វិញ ដើម្បី​ឲ្យ​ធានា​បាន​ថា​ពួក​គេ​នឹង​ទទួល​បាន​អនាគត​ល្អ។

នេះ​ជា​បណ្ដា​តារា​ល្បីៗ​ សម្រេច​ចិត្ត​មិន​ដល់​មរតក​រាប់​លាន​ដល់​កូនៗ៖

១. អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ George Lucas

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​លោក George Lucas ដែល​ជា​ផលិតករ​របស់​ភាពយន្ត​ល្បីៗ ដូច​ជា "Indiana Jones” និង "Star War” ជា​ដើម​ មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៥​ប៊ីលាន​ដុល្លារ​ឯណោះ។ ក៏​ប៉ុន្តែ​ទឹក​ប្រាក់​ទាំង​នេះ​នឹង​មិន​បាន​ដល់​ដៃ​កូន​ៗ​ ទាំង​៤​របស់​លោក​គឺ Amanda, Jeff, Everest Hobson និង Katie នោះ​ទេ។

២. តារា​សម្ដែង Philip Seymour

តារា​សម្ដែង Philip Seymour ដែល​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​ ២០១៤ ខណៈ​ពេល​កំពុង​ថត​រឿង "The Hunger Games: Mockinjay – Part II” មាន​ទ្រព្យ​សម្បត្តិ​នៅ​សល់​ដល់​ទៅ ៣៥​លាន​ដុល្លារ​ឯណោះ។ លោក​មិន​បាន​បន្សល់​ទឹក​ប្រាក់​ទាំង​នេះ​ឲ្យ​កូនៗ Tallulah, Willa និង Cooper Alexander នោះ​ទេ ប៉ុន្តែ​បន្សល់​ទុក​ដី​ធ្លី​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន ដែល​ជា​ម្ដាយ​កូន​ៗ​ទាំង​៣​រូប​នេះ។

៣. ចុងភៅ​ល្បី​ឈ្មោះ Gordon Ramsey

ចុងភៅ​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ចក្រភព​អង់គ្លេស​ Gordon Ramsey ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​មិន​ថា​ជា​នៅ​អង់គ្លេស​ សហរដ្ឋ​អាមេរិក​នោះ​ទេ។ លោក​មាន​កម្មវិធី​ទូរទស្សន៍​ផ្ទាល់​ខ្លួន​ជា​ច្រើន​ ព្រម​ទាំង​កាន់​កាប់​ភោជនីយដ្ឋាន​ជា​ច្រើន​ទូទាំង​ពិភពលោក​ផង​ដែរ។ គិត​ត្រឹម​ពេល​នេះ​លោក​មាន​ទ្រព្យ​សម្បត្តិ​ ១៥៩លាន​ដុល្លារ​ តែ​មិន​បន្សល់​ទុក​ឲ្យ​កូនៗ​ឡើយ​ព្រោះ​គិត​ថា​ទឹក​ប្រាក់​ទាំង​នេះ នឹង​បំផ្លាញ​ពួក​គេ។

៤. ចុងភៅ​ល្បី​ឈ្មោះ Nigella Lawson

មិន​ខុស​ពី Gordon Ramsey ប៉ុន្មាន​ទេ Nigella Lawson ក៏​មិន​បន្សល់​ទុក​មរតក​ឲ្យ​កូន​ៗ​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ។ ក្នុង​នាម​ជា​ចុងភៅ អ្នក​និពន្ធ​ និង​ជា​ពិធី​ការ Nigella មាន​ទ្រព្យ​សម្បត្តិ​មិន​តិច​ជាង​ ២៥​លាន​ដុល្លារ​នោះ​ទេ។ នាង​មាន​កូន​២​នាក់​គឺ Cosima និង Bruno ប៉ុន្តែ​អ្នក​ទាំង​ពីរ​នឹង​មិន​ទទួល​បាន​ប្រាក់​មរតក​វាល់​លាន​នោះ​ទេ។

៥. ពិធី​ករ​ Simon Cowell

ពិធី​ករ​ល្បី​ឈ្មោះ​សម្រាប់​កម្មវិធី​ប្រឡង​ចម្រៀង​ឬ​បង្ហាញ​ទេពកោសល្យ​ Simon Cowell នឹង​មិន​បន្សល់​មរតក​ទៅ​ឲ្យ​កូនៗ នោះ​ទេ។ គិត​ត្រឹម​ពេល​នេះ​លោក​មាន​ទ្រព្យ​សម្បត្តិ ៤៥៣លាន​ដុល្លារ ប៉ុន្តែ​លោក​នឹង​មិន​បន្សល់​ទុក​ឲ្យ​កូន​ប្រុស​លោក Eric Cowell នោះ​ទេ ដោយ​បរិច្ចាគ​ទៅ​ឲ្យ​អង្គ​ការ​មនុស្ស​ធម៌​ផ្សេងៗ​ទៅ​វិញ។

៦. តារា​ចម្រៀង​ Elton John

បន្ទាប់​ពី​ចូល​សិល្បៈ​​ចម្រៀង តារា​ជើង​ចាស់ Elton John រក​ចំណូល​បាន​ដល់​ទៅ​ជាង ៤៥០​លាន​ដុល្លារ​ឯណោះ។ បូក​រួម​ជាមួយ​ទ្រព្យ​សម្បត្តិ​របស់​ស្វាមី​លោក David Furnish អ្នក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៥០០​លាន​ដុល្លារ ក៏​ប៉ុន្តែ​កូន​ប្រុស​ទាំង​ពីរ Elijah និង Zachary នឹង​មិន​ទទួល​បាន​ទឹក​ប្រាក់​ទាង​នោះ​ទេ ដោយ​សារ​ Elton មិន​ចង់​ឲ្យ​ជីវិត​ពួក​គេ​មាន​ភាព​ច្របូក​ច្របល់​ដោយ​សារ​ទឹក​ប្រាក់​ច្រើន​ពេក។

៧. តារា​ចម្រៀង Sting

តារា​ចម្រៀង​ Sting ឈ្មោះ​ពិត​ Gordon Matthem Thomas Sumner ដែល​ជា​តារា​ចម្រៀង​និង​អ្នកនិពន្ធ​បទ​ភ្លេង​ម្នាក់ មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​ជាង​ ៣០០​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​លោក​មិន​បន្សល់​ទុក​ឲ្យ​កូន​ៗ ទាំង​៥​ឡើយ ដោយ​បាន​បណ្ដុះ​បណ្ដាល​ពួក​គេ​ឲ្យ​មាន​មុខ​របរ​ពិត​ប្រាកដ​វិញ​ដូច​ជា តន្ត្រី​ ការ​សម្ដែង​ និង ជា​តារា​ម៉ូដែល​ជាដើម។

៨. តារា​សម្ដែង​ Jackie Chan

លោក​ Jackie Chan ឬ ​ឈិន ឡុង ល្បី​ឈ្មោះ​ទាំង​នៅ​ប្រទេស​ចិន​និង​ហូលីវូដ មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៣៩៥​លាន​ដុល្លារ​ឯ​ណោះ។​ ទោះ​ជា​មាន​ទឹក​ប្រាក់​ច្រើន​យ៉ាង​នេះ​ក្ដី​ លោក​នឹង​មិន​បន្សល់​មរតក​នេះ​ទៅ​ឲ្យ​កូន​ប្រុស Jaycee Chan នោះ​ទេ ដោយ​បរិច្ចាគ​ទៅ​អង្គការ​មនុស្ស​ធម៌​ជំនួស​វិញ៕

អាន​អត្ថបទ៖

ប្រភព៖ The Richest   ប្រែ​សម្រួល៖ ធារ៉ូ