Google ចេញមុខ​ប្រាប់​បុគ្គលិក កុំ​បារម្ភ​ពី​​គម្រោង​សហកា​រអភិវឌ្ឍ​បច្ចេកវិទ្យា​ដ្រូនពិឃាដ​

  • 2018-04-13 06:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំ​របស់ Google Cloud លោក​ស្រី Diane Greene បាន​ប្រាប់​ទៅ​កាន់​បុគ្គលិក​ខ្លួន​ថា ក្រុមហ៊ុន​មេ Google កំពុង​ធ្វើ​សេចក្ដី​ព្រាង​ស្ដី​ពី​ក្រម​សីល​ធម៌​របស់​ក្រុមហ៊ុន ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល ដែល​ផ្ដោត​សំខាន់​ជាមួយ​មន្ទីរ​បញ្ចកោណ។ ការ​ធ្វើ​ឡើង​នេះ គឺ​ដើម្បី​ធានា​ដល់​បុគ្គលិក​របស់​ខ្លួន និង​ឈរ​លើ​គោល​ការណ៍​មិន​ជួយ​ផលិត​អាវុធ​យុទ្ធភណ្ឌ ក្នុង​ជួរ​កង​ទ័ព​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​សប្ដាហ៍​មុន​នេះ បុគ្គលិក Google ជាង​ ៣ ០០០ នាក់​បាន​ផ្ញើ​ញត្តិ​ទៅ​កាន់ CEO របស់​ខ្លួន​គឺ​លោក Sundar Pichai ឲ្យ​ដក​ខ្លួន​ចេញ​ពី​គម្រោង Maven ដែល​កំពុង​អភិវឌ្ឍ​ដ្រូន​ឲ្យ​ចេះ​សម្គាល់​រូប​ភាព​ក្នុង​វីដេអូ។ ការ​បារម្ភ​របស់​បុគ្គលិក​នេះ គឺ​ខ្លាច​ការ​ផ្ដល់​បច្ចេកវិទ្យា​នេះ​ទៅ​ដល់​ដៃ​ពួក​ទាហាន អាច​ឲ្យ​គេ​មាន​លទ្ធភាព​បង្កើត​ជា​ដ្រូន​ពិឃាដ ដែល​អាច​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​បាន។

លោក​ស្រី Greene ក៏​បាន​ពោល​ពី​ការ​សោក​ស្ដាយ​ផង​ដែរ​ថា Google គួរ​តែ​ចេញ​គោលការណ៍​ក្រម​សីលធម៌​នេះ​តាំង​ពី​មុន​ការ​សហការ​ជាមួយ​មន្ទីរ​បញ្ចកោណ តាំង​តែ​ពី​ខែ​មិនា​មក​ម្ល៉េះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ខាង​ Defense One បាន​រាយ​ការណ៍​មក​ថា Google កំពុង​ស្នើ​ពី​គម្រោង​ប្រើប្រាស់ Cloud ជាមួយ​មន្ទីរ​ការពារ​ជាតិ​របស់​អាមេរិក​ ដែល​មាន​តម្លៃ​រហូត​ដល់ ១០ ពាន់​លាន​ដុល្លារ​ឯណោះ​បើ​សិន​ជា​ការ​ចរចា​បាន​សម្រេច​។ យ៉ាង​ណា​មិញ Google មិន​បាន​បញ្ចេញ​មតិ​អ្វី​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ឡើយ៕

ចុច​អាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ផាត សុវត្ថិ