ប្រើកាមេរ៉ា​​ទូរសព្ទ​ថត VLog ក៏​មិន​អន់​ដែរ បើ​ដឹង​​ពី​បច្ចេកទេស

  • 2018-04-21 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន កាមេរ៉ា​លើ​ស្មាតហ្វូន​ជាច្រើន​មាន​សមត្ថភាព​ផលិត​រូបភាព ក៏​ដូចជា​វីដេអូ បាន​គុណភាព​ល្អ​មែនទែន ដោយ​ម៉ូដែល​ខ្លះ​អាច​ថត​វីដេអូ​ទំហំ Resolution ដល់​ទៅ 4K។ ទាំងនេះ សុទ្ធ​ជា​អំណោយ​ផល​ដល់​ការ​ផលិត​រូបភាព និង​វីដេអូ​។ 

មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ចាប់​អារម្មណ៍​បង្កើត Vlog ក្នុង​ការ​ចែករំលែក​សកម្មភាព​ប្រចាំថ្ងៃ ឬ​សកម្មភាព​ក្រោម​ប្រធានបទ​ណា​មួយ ទៅ​កាន់​បណ្ដាញ​សង្គម​។ នេះ​ល្អ អាច​ចាត់​ទុក​ជា​អនុស្សាវរីយ ក៏​អាច​ជា​ប្រភព​ចំណូល​បន្ទាប់​បន្សំ​ផង​ដែរ​។ អ្នក​ប្រហែល​ដឹង មនុស្ស​មិន​តិច​ទេ រក​ប្រាក់​ចំណូល​បាន​ច្រើន​ដោយ​ការ​ធ្វើ Vlog។

Vlog ជា Blog មាន​វីដេអូ ហើយ​អ្នក​អាច​ងាយស្រួល​ប្រែ Blog ទៅជា Vlog ដោយ​ការ​ដាក់​វីដេអូ​ក្នុង​ការ​បង្ហោះ (Post) របស់​អ្នក​។ អ្វី​អ្នក​ត្រូវការ​គឺ​គណនី​មួយ សម្រាប់​ដាក់​វីដេអូ​ដូចជា Youtube។​ វីដេអូ​ជា​ចំណុច​ទាក់ទាញ​មួយ បង្កើន​កម្រិត​ចាប់​អារម្មណ៍​អ្នក​ទស្សនា​ចូល​មក​កាន់​វេបសាយ​អ្នក​។ 

តើ Vlog មាន​ប៉ុន្មាន​ប្រភេទ​?

  • ថត​ជជែក​ត្រឹម​ប្លង់​មុខ ឬ​ពាក់​កណ្ដាល​ខ្លួន​៖ អ្នក​អង្គុយ​មុខ​កាមេរ៉ា ហើយ​ជជែក​ពី​ប្រធានបទ​ណា​មួយ ឬ​ចែករំលែក​ព័ត៌មាន​ណា​មួយ​។
  • របៀប​ធ្វើ​អ្វី​មួយ​៖ អ្នក​ថត​បង្ហាញ​សកម្មភាព​ដល់​ទស្សនិកជន ពី​របៀប​ធ្វើ​អ្វី​មួយ​។
  • ដំណើរ​ផ្សង​ព្រេង ឬ​សកម្មភាព​ប្រចាំថ្ងៃ៖ អ្នក​ធ្វើ​ដំណើរ​ក្រៅ​ផ្ទះ ឬ Studio រួច​ថត​បង្ហាញ​សកម្មភាព អ្នក​បាន​ឃើញ និង​លឺ​។ 

សម្ភារៈ​ប្រើប្រាស់

ដើម្បី​បង្កើត Vlog មាន​គុណភាព​ខ្ពស់ អ្នក​គួរ​តែ​ប្រើ​សម្ភារៈ​ដូច​ទៅ​នឹង​ការ​ផលិត​វីដេអូ​កម្រិត​អាជីព​ដែរ​។ អ្នក​ត្រូវការ កាមេរ៉ា ឬ​ស្មាតហ្វូន, Tripod, ភ្លើង (អំពូល​ជំនួយ​ពន្លឺ) និង​ Microphone។ 

Tripod

Tripod មាន​ជើង​ទម្រ​បី​ផ្ដល់​លំនឹង​ដល់​កាមេរ៉ា​បាន​ភ្ជាប់ ងាយស្រួល​ថត​មិន​ឲ្យ​រង្គើ​។ 

Tripod អ្នក​ប្រើ​គួរ​អាច​បង្វែរ​ទិសដៅ​កាមេរ៉ា​បាន ដោយ​មិន​រំកិល​តួ Tripod ក្នុង​ការ​ប្ដូរ​ប្លង់​ទិដ្ឋភាព​បាន​រលូន​ល្អ។ ហើយ​ដើម្បី​ភ្ជាប់​ស្មាតហ្វូន​ទៅ​នឹង Tripod អ្នក​ត្រូវការ​ដង្កៀប​ភ្ជាប់ (Tripod adaptor)។

បើ​អ្នក​មាន iPhone អ្នក​ក៏​អាច​បំពាក់ Lens បន្ថែម​មាន​មុំ​ទិដ្ឋភាព អាច​ជា Wide angle, Macro និង Telephoto lens ក្នុង​ការ​បង្កើត​ប្លង់​ទិដ្ឋភាព​មាន​លក្ខណៈ​ច្នៃប្រឌិត​។ 

ពន្លឺ​

បើ​អ្នក​ថត​វីដេអូ​ក្នុង​ផ្ទះ ជា​ធម្មតា​ប្រហែល​កង្វះ​ពន្លឺ តែ​អ្នក​អាច​ប្រើ​ប្រភព​ពន្លឺ​ផ្សេងៗ ជួយ​ពង្រឹង​ដល់​គុណភាព​រូបភាព ដូចជា​អាច​ប្រើ​អំពូល​ភ្លើង​មាន​ស្រាប់​ក្នុង​ផ្ទះ​ជាដើម​។ 

អ្នក​អាច​ផ្លាស់ប្ដូរ​ប្រើ​អំពូល (Compact fluorescent bulbs ឬ CFLs) ដែល​មាន​ពន្លឺ​សម្រាប់​ពេល​ថ្ងៃ (៥០០០K) ដែល​អាច​ជា​ពន្លឺ​ពណ៌ស ឬ​ខៀវ ឬ​ទឹកក្រូច មាន​លក្ខណៈ​ជា​ពន្លឺ​សិប្បនិម្មិត (៣០០០K)។

អ្នក​ប្រហែល​ត្រូវការ​អំពូល​ភ្លើង​យ៉ាង​ហោច​ណាស់​ពីរ​គ្រាប់ បើ​អ្នក​បំភ្លឺ​មនុស្ស​ម្នាក់ ដោយ​មួយ​បំភ្លឺ​ទិដ្ឋភាព​ទូទៅ ខណៈ​មួយ​ទៀត​ដាក់​បញ្ច្រាស​ពន្លឺ ដើម្បី​កាត់បន្ថយ ឬ​បំបាត់​ស្រមោល​។ 

Microphone

សំឡេង​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​គួរ​តែ​ភ្ជាប់ Microphone ទៅ​នឹង​ស្មាតហ្វូន ដោយ​ប្រាកដ​ថា​សំឡេង​ផលិត​មក​បាន​ច្បាស់​ល្អ ជា​រួម​គឺ​ស្រូប​សំឡេង​ជិត​បាន​ច្បាស់ កាត់បន្ថយ ឬ​គ្មាន​សំឡេង​រំខាន​។ 

អ្នក​ថតរូប​លក្ខណៈ​អាជីព​ជាច្រើន ណែនាំ​ឲ្យ​ប្រើ​ឧបករណ៍ iRig Pre ដើម្បី​ភ្ជាប់ Mic ទៅ​នឹង iOS ឬ Android device ជួយ​អ្នក​ងាយស្រួល​គ្រប់គ្រង​សំឡេង​។ 

បច្ចេកទេស​ផលិត​វីដេអូ​លើ​ទូរសព្ទ​

១) ពេល​ថត អ្នក​គួរ​បើក Airplane mode

ពេល​ថត មាន​ទូរសព្ទ​ហៅ​ចូល ឬ​ផ្ទាំង Notification នានា​អាច​រំខាន​ដល់​ដំណើរការ​ថត​បាន​។ 

២) ថត​ផ្ដេក​

មនុស្ស​ភាគច្រើន​កាន់​ទូរសព្ទ​បញ្ឈរ ពេល​ថត​វីដេអូ ដែល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​វីដេអូ​មាន​ផ្ទៃ​ពណ៌ខ្មៅ​នៅ​គែម ពេល​ចែករំលែក​ទៅ​កាន់​បណ្ដាញ​សង្គម​។ អ្នក​គួរ​ថត​វីដេអូ ដោយ​ផ្ដេក​ទូរសព្ទ​។ 

៣) ថត​វីដេអូ​សាកល្បង ជាពិសេស​បើ​អ្នក​ថត​ខ្លួន​ឯង​

អ្នក​អាច​ថត​វីដេអូ​ត្រឹម ៥ ទៅ ១០ វិនាទី រួច​ពិនិត្យ​មើល ដោយ​ប្រាកដ​ថា​ប្លង់​ដូច​អ្វី​អ្នក​ចង់​បាន​។ ក្រោយ​អ្នក​ពេញ​ចិត្ត​ហើយ អ្នក​អាច​ចាប់​ផ្ដើម​ថត​យក​តែ​ម្ដង​។ 

៤) កំណត់​ប្លង់​ថត ដោយ​ប្រើ​រូបមន្ត Rule of thirds

Rule of thirds ជា​ការ​កំណត់​ប្លង់​ឲ្យ​ចំណុច​សំខាន់​របស់ Subject ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​បន្ទាត់​ Grid បង្ហាញ​លើ​អេក្រង់​ទូរសព្ទ​។ នេះ​នឹង​ធ្វើ​ឲ្យ​វីដេអូ​អ្នក មើល​ទៅ​មាន​លក្ខណៈ​ដូច​អាជីព​។ 

៥) កាត់ត​លើ​ស្មាតហ្វូន​

iOS devices មាន​កម្មវិធី​ល្អ​ៗ​ច្រើន ជាពិសេស iMovie ដោយ​អ្នក​អាច​កាត់​ត តម្រឹម​វីដេអូ​យក​តែ​ចំណុច​សំខាន់ បន្ថែម​អក្សរ និង​តន្ត្រី បាន​ងាយស្រួល​។ 

ការ​ផលិត​វីដេអូ ទាមទារ​ចំណាយ​កម្លាំង​ចិត្ត​បន្តិច ជាពិសេស​លើ​វីដេអូ​ដំបូង តែ​គ្រប់​យ៉ាង​នឹង​កាន់​តែ​ល្អ​ប្រសើរ ក្រោយ​អនុវត្ត​បាន​ច្រើន​ដង​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.becomeablogger.com/17272/5-secrets-to-creating-a-better-vlog-with-your-smartphone/

អត្ថបទ៖ ប៊ុនធឿន