Facebook នឹង​យក​ទិន្នន័យ​អ្នក​ប្រើ ទៅ​ផ្ទុក​នៅ​ទីតាំង​ថ្មី​មួយទៀត​

  • 2018-04-21 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook នឹង​បញ្ជូន​ទិន្នន័យ​អ្នក​ប្រើប្រាស់​ទាំង​អស់​របស់​ខ្លួន លើក​លែង​តែ​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក កាណាដា និង​សហភាព​អឺរ៉ុប (EU) ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​ក្នុង​ប្រទេស​អៀរឡង់ ទៅ​កាន់​ការិយាល័យ​ថ្មី​នៅ​រដ្ឋ California។

Facebook Data Center

គោល​បំណង​នៃ​ការ​រំកិល​ទិន្នន័យ​នេះ ដោយសារ Facebook ចង់​គេច​ឲ្យ​ផុត​ពី​ច្បាប់​ថ្មី​ដែល EU ត្រៀម​នឹង​បង្កើត​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​ឯកជន​របស់​អ្នក​ប្រើប្រាស់។ **Facebook នឹង​​ផ្ទេរ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ប្រមាណ ១,៥​ពាន់​លាន​ជុំវិញ​ពិភពលោក​ទៅ​កាន់​រដ្ឋ California មុន​ពេល​ច្បាប់​ថ្មី​របស់ EU ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ខាង​មុខ។**

ច្បាប់​ថ្មី​នេះ អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​អ្នក​ប្រើប្រាស់​នៅ​អាហ្វ្រិក អាស៊ី អូស្ត្រាលី និង​អាមេរិកឡាទីន។ ក្នុង​ចំណោម​នោះ ៧០% ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook។

ក្រុមហ៊ុន Cambridge Analytica

យោង​តាម​ច្បាប់​ថ្មី​របស់ EU មិន​ថា Facebook ឬ​ក្រុមហ៊ុន​ណា​នោះ​ទេ នឹង​ត្រូវ​រង​ពិន័យ​រហូត​ដល់ ៤% នៃ​ចំណូល​ដែល​ខ្លួន​រក​បាន ក្នុង​ករណី​ណា​ដែល​ក្រុមហ៊ុន​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់ ឬ​អតិថិជន។ EU បាន​សម្រេច​ត្រៀម​ចេញ​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​ឯកជន ក្រោយ​ពេល Facebok បាន​កើត​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាង ៨៧​លាន​នាក់​ទៅ​ឲ្យ​ក្រុមហ៊ុន Cambridge Analytica កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ការ​ផ្លាស់ប្ដូរ​ទីតាំង​ផ្ទុក​ទិន្នន័យ​ពី​ប្រទេស​អៀរឡង់ មក​កាន់​សហរដ្ឋ​អាមេរិក នឹង​ជួយ​ឲ្យ Facebook គេច​ផុត​ពី​ការ​អនុវត្ត​ច្បាប់​ថ្មី ហើយ​ទៅ​ជ្រក​ក្រោម​ច្បាប់​របស់​អាមេរិក​វិញ ដែល​មិន​មាន​ច្បាប់​​ពិន័យ​ធ្ងន់ធ្ងរ​យ៉ាង​ដូច្នោះ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង

អត្ថបទពេញនិយម