Samsung របូត​អ្នក​ដឹកនាំជាន់​ខ្ពស់​ មក​រួមរស់​ជាមួយ Apple

  • 2018-04-24 09:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​តែង​តាំង​អ្នក​ដឹក​នាំ​ថ្មី ដែល​ជា​អតីត​នាយក​រង​ក្រុមហ៊ុន Samsung ​ប្រចាំនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាទឹកដី​កំណើត​របស់ Samsung។

នៅលើ​បណ្ដាញ​សង្គម LinkedIn របស់​អតីត​នាយក​រង​សាជីវកម្ម​ Samsung លោក Brandon Yoon បាន​បញ្ជាក់​ពី​ការ​លា​ឈប់​ពី​តំណែង​របស់​លោក នៅ​ក្នុង​ក្រុមហ៊ុន Samsung ហើយ​មក​ចូលរួម​ជាមួយ​ក្រុមហ៊ុន Apple នៅ​ក្នុង​ខែ​នេះ។

លោក Brandon Yoon នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់ Apple ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជំនួស​តំណែង​ចាស់​របស់​លោក​នៅ Samsung ដែល​ទទួល​ខុសត្រូវ​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល។

តាមប្រវត្តិ លោក Yoon ក៏​ធ្លាប់​ជា​បុគ្គលិក​របស់ Microsoft អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ មុន​មក​កាន់​តំណែង​ថ្មី​នេះ។

Apple ទើប​​តែ​បើក​ហាង​ផ្លូវការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម​ខែ​មករា​ឆ្នាំ​នេះ​ ប៉ុន្តែ​អាច​ទាក់​ចិត្ត​បុគ្គលិក​ជាន់​ខ្ពស់​របស់​ Samsung បាន​បាត់​ទៅ​ហើយ។ ក្រុមហ៊ុន Apple មាន​ចំណែក​ទីផ្សារ​ប្រហែល ១៧ភាគរយ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ធៀប​ទៅ​នឹង​ជើង​ខ្លាំង​ក្នុង​ស្រុក Samsung មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៥០​ភាគ​រយ​ឯណោះ។

ខាង​ក្រុមហ៊ុន​ទាំង​ពីរ​ មិន​មាន​ខាង​ណា​ចេញ​មុខ​មក​បក​ស្រាយ​រឿង​នេះ​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ