កំណាយស្រះទឹកបុរាណ នៅប្រាសាទអង្គរវត្ត រកឃើញអ្វីខ្លះហើយ?

  • 2018-04-26 10:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យានអង្គរ និង​បុរាណ​វិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដំណើរ​ការ​កំណាយ​ស្រះ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរវត្ត។ កំណាយ​ទើប​នឹង​ចាប់​ផ្ដើម​ ហើយ​អ្នក​ជំនាញ​ពុំ​ទាន់​ប្រមូល​ទិន្នន័យ​បាន​ច្រើន​ពី​កំណាយ​នៅ​ឡើយ។

រូបភាព៖ ក្រសួងវប្បធម៌

ក្រុម​អ្នក​ជំនាញ​បាន​ចាប់​ផ្ដើម​កំណាយ​នៅ​ស្រះ​ខាង​ជើង​ប្រាសាទ​អង្គរវត្ត​ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៨មក។ ក្នុង​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ អ្នក​ជំនាញ​មិន​ទាន់​រក​លទ្ធផល​បាន​ពីរចនាសម្ព័ន្ធស្រះនៅឡើយ។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​វប្បអម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា អ្នកស្រី នេត ស៊ីមន បុគ្គលិក​បច្ចេកទេស នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណ​វិទ្យា​បង្ការ ដែល​កំពុង​ធ្វើ​កំណាយ​នៅ​ស្រះ​អង្គរវត្ត​បាន​ឱ្យ​ដឹង​ថា ភ្លាមៗ​នេះ​ក្រុម​ការងារ​មិនទាន់​បាន​ប្រទះ​ឃើញ​រចនា​សម្ព័ន្ធ​ស្រះ​នៅ​ឡើយ។ អ្នកស្រី​បន្ថែមថា តាម​គម្រោង​ក្រុមការងារ​របស់អ្នកស្រី នឹង​បើក​រណ្ដៅ​នៅ​ស្រះ​ខាង​ជើង​ចំនួន​២​ទីតាំង គឺ​នៅ​ផ្នែក​ខាង​លិច និង​ខាង​ត្បូង។

រូបភាព៖ ក្រសួងវប្បធម៌

អ្នកស្រីបន្ថែមថា៖« មូលហេតុដែលយើងធ្វើកំណាយនេះ គឺ​យើង​ចង់​ដឹង​ពី​ការ​បង្គរ​ដី​នៅទីនេះ ថា​តើ​វា​ទើប​នឹង​មាន ឬមានយូរហើយ មួយទៀតគឺយើងចង់ដឹងពីរចនាសម្ព័ន្ធស្រះទាំងមូល វា​ខូចខាត​អ្វីខ្លះ ដើម្បី​ពេល​យើង​ជួសជុល​ទៅ​ឱ្យ​ស្រប​តាម​ទម្រង់​ដើម»។

រូបភាព៖ ក្រសួងវប្បធម៌

ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ដែល​កំពុង​ដឹក​នាំ​ធ្វើ​កំណាយ​នៅ​ស្រះ​អង្គរវត្ត​មាន​ចំនួន​៤រូប។ តាមគម្រោង ពួកគេនឹងប្រើពេលចំនួន២ខែសម្រាប់គម្រោងមួយនេះ។ យ៉ាងណា អ្នកស្រី នេត ស៉ីមន បញ្ជាក់ថា គម្រោងនេះអាចលើសពីរយៈពេលដែលបានកំណត់ ឬអាចរួចមុន ទៅតាមភាពជាក់ស្ដែងដែលអ្នកស្រាវជ្រាវបានប្រទះរាល់រចនាសម្ព័ន្ធរបស់ស្រះ។

ដោយសារទីតាំងកំណាយ ស្ថិតនៅទីតាំងដែលភ្ញៀវទេសចរតែងឈរផ្ដិតរូបរបស់ពួកគេ ទៅ​នឹង​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្។ត ដូច្នេះវាបានទាញចំណាប់អារម្មណ៍ច្រើនដល់ពួកគេ ហើយ​អ្នក​ស្រាវ​ជ្រាវនៅទីនោះ តែងទទួលបានសំណួរពីភ្ញៀវទេសចរទាំងនោះផងដែរ។ ដូច្នេះហើយ ទើប​មន្រ្តីបច្ចេកទេសនៃការដ្ឋានកំណាយ បានស្នើសុំដល់ភ្ញៀវទាំងអស់យោគយល់ និង​យល់​ពី​ការងារ​ដែល​ពួកគេ​កំពុង​ធ្វើ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម