​អ្នក​គាំទ្រ​ចូល​ចិត្ត​​មើល​​តែ​ចំណុច​អវិជ្ជមាន​ពេក​​​ ​គ្រូ​ U21 ជម្រើស​ជាតិ​​​ចេញ​មុខ​សំណូមពរ​

  • 2018-05-01 04:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា មើល​ឃើញ​ថា អ្នក​គាំទ្រ​កម្ពុជា​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ជម្រើស​ជាតិ​ ហាក់​​មិន​ស្មោះស្ម័គ្រ​ ​ដោយ​ចូល​ចិត្ត​មើល​ផ្លូវ​មិន​ល្អ​ទាំង​​លទ្ធផល​ល្អ​ឬ​អាក្រក់​ក្ដី។

លោក ប្រាក់ សុវណ្ណារ៉ា

គ្រូ​ជម្រើស​ជាតិ U21 កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ចាញ់ U21 ឡាវ អ្នក​ខ្លះ​ថា មក​ពី​គ្រូ​មិន​កើត​ ​កីឡាករ​លេង​មិន​ល្អ​ មិន​អស់​សមត្ថភាព។ ប៉ុន្តែ​នៅ​ពេល​ក្រុម​កម្ពុជា​យក​ឈ្នះ U21 សិង្ហបុរី យប់​មិញ​វិញ អ្នក​ខ្លះ​និយាយ​ថា មក​ពី​ក្រុម​សិង្ហបុរី លេង​មិន​ចង់​ឈ្នះ​ ពី​ព្រោះ​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ​បន្ត​រួច​ហើយ។

​លោក​បន្ថែម​ថា ​ការ​គិត​បែប​នេះ​​ហាក់​មិន​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​របស់​ក្រុម​ជម្រើស​ជាតិ ដោយ​ចូល​ចិត្ត​ គិត​ទៅ​លើ​ផ្លូវ​អវិជ្ជមាន​ច្រើន​ជាង។ ហេតុ​នេះ​ក្នុង​នាម​លោក​ជា​គ្រូ​បាល់ទាត់​ម្នាក់​ លោក​សូម​សំណូមពរ​ថា គួរ​ណាស់​មាន​ការ​លើក​ទឹក​ចិត្ត បើ​ទោះ​ក្រុម​ជម្រើស​ជាតិ​ចាញ់​ឬ​ឈ្នះ​ក្ដី។ មិន​ត្រូវ​បន្ទោស​បង្អាប់​​ បែប​នេះ​​​ពិសេស​សូម​គិត​ទៅ​លើ​ផ្លូវ​វិជ្ជមាន​ខ្លះ​ផង។

ក្រុម U21 កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៃ​ពាន​ស្ដេច​ប្រ៊ុយណេ ក្រោយ​យក​ឈ្នះ​ក្រុម សិង្ហបុរី ១-០ កាល​ពី​យប់​មិញ។ វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ U21 កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម U21 ​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧:១៥ នាទី​(ម៉ោង​នៅ​កម្ពុជា)៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​