អង្គការមួយប្រកាសចង់ឆ្លាក់មុខលោកត្រាំ នៅលើផ្ទាំងទឹកកកតំបន់អាកទិច
- 2018-05-03 13:41:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការមួយប្រកាសចង់ឆ្លាក់មុខលោកត្រាំ នៅលើផ្ទាំងទឹកកកតំបន់អាកទិច
ចន្លោះមិនឃើញ
អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសហ្វាំងឡង់មួយឈ្មោះ 'Melting Ice' កំពុងរៃអង្គាសលុយកន្លះលានដុល្លារសហរដ្ឋអាមេរិកដើម្បីឆ្លាក់មុខ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើផ្ទាំងទឹកកកមួយនៅក្នុងតំបន់អាកទិច ដើម្បីលើកកម្ពស់អំពីការយល់ដឹងអំពី 'ផលប៉ះពាល់នៃការកើនកម្ដៅផែនដី'។
ការឆ្លាក់នេះ គ្រោងធ្វើលើផ្ទាំងទឹកកកដែលមានកម្ពស់ប្រមាណ ៣៥ ម៉ែត្រ ដោយយកលំនាំរូបចម្លាក់ប្រធានាធិបតីនៅ Mount Rushmore។
បើតាមសេចក្ដីថ្លែងការណ៍របស់អង្គការមួយនេះ បានឲ្យដឹងថា គម្រោងធ្វើឡើងក្នុងន័យចង់លើកកម្ពស់អំពីការយល់ដឹងអំពី ផលប៉ះពាល់នៃការកើនកម្ដៅផែនដី និងចង់ធ្វើការបញ្ជាក់ថា បាតុភូតមួយនេះពិតជាមានមែន។
អង្គការបានលើកឡើងថា មានមនុស្សមួយចំនួនរហូតមកទល់ពេលនេះ នៅតែដាក់ការសង្ស័យថា បាតុភូតការកើនកម្ដៅផែនដីអាចមិនមែនជាបញ្ហាពិត។ ដូច្នេះ ទាល់តែឲ្យពួកគេមើលឃើញផ្ទាល់ភ្នែក ទើបពួកគេព្រមជឿ។
Melting Ice បានចោទជាសំណួរ៖ "តើរូបចម្លាក់មុខលោកត្រាំនៅផ្ទាំងទឹកកកនៅតំបន់អាកទិច នឹងរលាយ ឬក៏បន្តនៅទីនោះ ១០០០ ឆ្នាំទៀត?”
សូមបញ្ជាក់ផងដែរ លោកត្រាំ មិនជឿថា ការប្រែប្រួលគឺជាការពិតឡើយ។ កាលពីឆ្នាំមុន លោកបានប្រកាសពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលធ្វើឡើងកាលពីឆ្នាំ ២០១៥ ក្នុងន័យចង់កាត់បន្ថយការកើនឡើងនូវកម្ដៅផែនដី៕