អ្នក​ប្រើ​ iPhone ចង់​ដូរ​ចិត្ត​ប្រើ​ Android Device អាច​ពិចារណា​ Pixel 2 បាន

  • 2018-06-03 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើ​ iPhone រយៈពេល​យូរ​ ធុញទ្រាន់​មិន​ចង់​ឡើង​ស៊េរី​ប្រើ​ iPhone X ហើយ​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ថ្មី​ជាមួយ​ Android Device គួរ​ពិចារណា​ម៉ូដែល​ Pixel របស់​ Google។

ម៉ូដែល​ថ្មី​ Pixel 3 និង​ Pixel 3 XL ទំនង​ជា​អាច​នឹង​ប្រកាស​ចេញ​នៅ​ខែ​តុលា​ ​អាច​ពន្យារ​ពេល​រង់ចាំ​ប្រើ​ម៉ូដែល​ថ្មី​ចុងក្រោយ​បាន​។ ត្រួសៗ​ ពី​ចំណុច​ប្រៀបធៀប​អាច​គិត​គូរ​បាន​។

តម្លៃ​ Pixel 2 64GB ថ្មី​ ធូរ​ថ្លៃ​ជាង​ iPhone X 64GB។

Google បាន​ផលិត​ជំនាន់​ទូរសព្ទ​ទំហំ​ធំ​ ប្រើ​ Processor និង​កាមេរ៉ា​ដូចគ្នា​នោះ​គឺ​ Pixel 2 XL ខណៈ​ Apple ផលិត​ iPhone 8 ប្រើ​ Processor និង​ កាមេរ៉ា​ Wide-angle ដូច​នឹង​ iPhone X ហើយ​តម្លៃ​ជិត​ខ្ទង់​ពាន់​។

Notch (ក្បាល​ឆក​នៅ​ផ្នែក​លើ​ផ្ទៃ​ខាងមុខ​) iPhone X ស្តើង​ និង​តូច​ជាង​ តែ​មាន​អេក្រង់​ធំ​ជាង​ ទំហំ​ ៥.៨ អ៊ីង​ បើ​ប្រៀប​នឹង​ អេក្រង់​ទំហំ​ ៥ អ៊ីង​របស់​ Pixel 2 បើ​និយាយ​ពី​ទម្ងន់​វិញ​ iPhone X ធ្ងន់​ជាង​ Pixel 2។

Pixel 2 មាន​ជ្រុង​កោង​ និង​ Sensor ស្កេន​ក្រយៅ​ដៃ​ខាងក្រោយ​។​ ពិសេស​ មាន​ផ្ទៃ​កញ្ចក់​ខាងក្រោយ​តូច​មួយ​ចំណិត​ដាក់​កាមេរ៉ា​ផង​ដែរ​។ អាលុយមីញ៉ូម​ផ្នែក​ក្រោម​ក្រោយ​ ងាយស្រួល​កាន់​ប្រើ​ និង​មិន​សូវ​បារម្ភ​ ពេល​ធ្លាក់​។ ការ​សាកល្បង​ទម្លាក់​ iPhone X ត្រឹម​មួយ​ដង​ បាន​ធ្វើ​ឲ្យ​កញ្ចក់​ក្រោយ​ប្រេះស្រាំ​។

Apple បាន​ជំនួស​មុខងារ​ស្កេន​ក្រយៅដៃ​ ជាមួយ​ FaceID ដោយ​ទូរសព្ទ​ Unlock ចូល​ប្រើ​បាន​ពេល​សម្លឹង​ទៅ​អេក្រង់​។ ខណៈ​ Pixel 2 មាន​ប្រើ​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ជាង​។

Speaker លើ​ទូរសព្ទ​ទាំង​ពីរ​ លឺ​ ពីរោះ​ ជាង​ Pixel និង​ iPhone 7, 7 Plus។

ការ​សាក​ថ្ម​ និង​រន្ធ​កាស​ Pixel 2 មាន​ Fast Charger អាច​បន្ថែម​អាយុ​ថាមពល​ថ្ម​បាន​ ៧ ម៉ោង​ ក្រោយ​សាក​ ១៥ នាទី​។ iPhone X អាច​ប្រើ​មុខងារ​ Fast Charging និង​អាច​សាក​ថ្ម​តាម Wireless តែ​តម្រូវ​ទិញ​ឧបករណ៍​បន្ថែម។ Pixel 2 មិន​ទាន់​អាច​ប្រើ​មុខងារ​សាក​ថ្ម​តាម Wireless បាន​ទេ​ តែ​ល្បឿន​សាក​ ១៥ នាទី​រៀបរាប់​ខាងលើ​ ក៏​មិន​មាន​ចំណុច​បារម្ភ​ដែរ​។

ទូរសព្ទ​ទាំងពីរ​មិន​មាន​រន្ធ​កាស​នោះ​ទេ​ តែ​អាច​ប្រើ​ជាមួយ​ Adapter ភ្ជាប់​ខ្សែ​កាស​បាន​។ Apple លក់​កាស​ Wireless ហៅថា​ AirPods ខណៈ​ Google ផ្តល់​ជម្រើស​ Google Buds។

Android Oreo ដំណើរការ​ល្អ​ ការ​ផ្លាស់ប្ដូរ​ធំ​មួយ​ ត្រូវការ​ពិចារណា​ មែនទែន​ទៅ​អាច​មិនមែន​តួ​ទូរសព្ទ​ តែ​ជា​ការ​ប្តូរ​ប្រព័ន្ធ​ប្រតិបត្តិការ​។ Android Oreo ដំណើរការ​បាន​យ៉ាង​ល្អ​លើ​ Pixel 2 ដូច​ iOS 11 លើ​ iPhone X ចឹង​។

ពេល​ផ្លាស់ប្តូរ​អាច​មិន​បាន​ប្រើ​សេវាកម្ម​កម្មវិធី​ iMessage និង​ FaceTime របស់​ Apple ជាពិសេស​បើ​មិត្តភក្ដិ​ ឬ​ក្រុម​គ្រួសារ​ពឹង​ផ្អែក​លើ​កម្មវិធី​នេះ​។

ទាំង​ Android Oreo និង​ iOS 11 បាន​ផ្តល់​មុខងារ​ល្អៗ​ សុវត្ថិភាព​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។

Google ផលិត​ទាំង​ Hardware និង​ Software ដូច​នឹង​ Apple ដែរ​ ដូច្នេះ​ការ​អាប់ដេត​ប្រព័ន្ធ​មាន​ភាព​ទៀងទាត់​ និង​លឿន​។

iPhone X មាន​ Apple Pay និង​ Siri ខណៈ​ Pixel 2 មាន​ Android Pay និង​ Google Assistant ដែល​ក៏​អាច​ដំណើរការ​លើ​ iPhone ផង​ដែរ​។ បើ​អ្នក​ប្រើ​ Apple Music សេវាកម្ម​ប្រភេទ​នេះ​ក៏​មាន​ប្រើ​លើ​ Android ផង​ដែរ​។

បើ​ធ្លាប់​បាន​ទិញ​កម្មវិធី​ ឬ​ហ្គេម​ជាច្រើន​លើ​ iOS ប្រហែល​ត្រូវការ​ទិញ​ម្តង​ទៀត​លើ​ Android តែ​បច្ចុប្បន្ន​កម្មវិធី​ល្អៗ​ឥត​គិត​ថ្លៃ​មាន​ប្រើ​ច្រើន​។

Google ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​ Android P ជា​ការ​អាប់ដេត​បន្ទាប់​។ Apple អាច​នឹង​ចេញ​ជំនាន់​ Developer ជា​មុន​សិន​សម្រាប់​ប្រព័ន្ធ​ iOS បន្ទាប់​ នៅ​ព្រឹត្តិការណ៍​ Worldwide Developer Conference (WWDC)។

កាមេរ៉ា​ Pixel 2 មាន​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ តែ​លើ​ iPhone X មាន​ពីរ​គ្រាប់​។ ទូរសព្ទ​ទាំង​ពីរ​ អាច​ផលិត​រូបភាព​ និង​វីដេអូ​បាន​យ៉ាង​ល្អ​។ តែ​បើ​មើល​ទៅ​ដូចជា​ Pixel 2 ថត​រូបភាព​បាន​ស្អាត​ជាង​ iPhone X ដោយ​ពឹង​ជំនួយ​ពី​បច្ចេកវិទ្យា​ AI។

ទូរសព្ទ​ទាំង​ពីរ​មាន​មុខងារ​ Portrait Mode ដែល​ផ្តល់​រូបភាព​ព្រាល​ក្រោយ​ ច្បាស់​ផ្ទៃ​ខាងមុខ​បាន​ដាច់​ស្អាត​ ស្រដៀង​នឹង​ការ​ថត​ប្រើ​កាមេរ៉ា​ DSLR ដែរ​។ ត្រង់​ចំណុច​នេះ​ iPhone X ចេញ​លទ្ធផល​បាន​ស្អាត​ជាង​។

កាមេរ៉ា​មុខ​ទូរសព្ទ​ទាំង​ពីរ​ ក៏​មាន​ Portrait Mode ដែរ​។ Pixel 2 កាមេរ៉ា​មុខ​ មុខងារ​ Portrait ដំណើរការ​ល្អ​ដូច​កាមេរ៉ា​ក្រោយ​ដែរ​ ខណៈ​កាមេរ៉ា​មុខ​ iPhone X ពេល​ខ្លះ​ផ្តាច់​ផ្ទៃ​ខាងក្រោយ​ខុស​ប្រក្រតី​។

និយាយ​ពី​វីដេអូ​វិញ​ iPhone X ស៊ី​ដាច់​ ដោយ​ផ្តល់​គុណភាព​រូបភាព​ច្បាស់​ល្អ​ និង​មាន​ជម្រើស​ថត​ច្រើន​។ តែ​មុខងារ​ទប់​លំនឹង​ពេល​ថត​វីដេអូ​របស់​ Pixel 2 ក៏​ស៊ី​ដាច់​វិញ​ដែរ​។ 

ថាមពល​ថ្ម​ និង​ល្បឿន​ Processor Chip A11 របស់​ iPhone X និង​ Chip Snapdragon 835 របស់​ Qualcomm បំពាក់​ក្នុង​ Pixel 2 មិន​អាច​បែងចែក​ដាច់​មួយ​ណា​យឺត​ជាង​នោះ​ទេ​។

ការ​សាកល្បង​ចាក់​វីដេអូ​សារ​ចុះ​ឡើង​ Pixel 2 បាន​រយៈពេល​ ១៣ ម៉ោង​ ២៨ នាទី​ ខណៈ​ iPhone X ត្រឹម​ ១១ ម៉ោង​ ៤៥ នាទី​។ នេះ​ក៏​មិន​ខុសគ្នា​ធំ​ពេក​នោះ​ទេ​ អាច​ប្រើ​បាន​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ក្រោយ​សាក​មួយ​ដង​។

Pixel 2 មាន​ Connector អាច​បញ្ជូន​ទិន្នន័យ​ពី​ iPhone ចាស់​ទៅ​ទូរសព្ទ​ Google ថ្មី​បាន​ ហើយ​បើ​ Space រក្សាទុក​រូបភាព​ និង​វីដេអូ​ជិត​អស់​ អាច​ប្រើ​ Google cloud storage របស់​ Pixel 2 ជាមួយ​នឹង​ទំហំ​ និង​តម្លៃ​តាម​តម្រូវ​ការ​។

ទូរសព្ទ​នេះ​ក៏​អាច​ប្រើ​ជាមួយ​ឧបករណ៍​ DayDream View អាច​ចូល​ប្រើ​ Content VR ពី​ Youtube, Netflix និង​ច្រើន​ទៀត​។ មួយ​វិញ​ទៀត​ Pixel 2 អាច​ប្រើ​កម្មវិធី​ប្រភេទ​ ARCore ជា​ច្រើន​។

iPhone អាច​ប្រើ​កម្មវិធី​ប្រភេទ​ AR និង​មាន​ FaceID ដែល​អាច​លេង​សារ​ជា​លក្ខណៈ​ Animoji បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន