តើ​វាសនា​ Hacker កំពូល ៥ រូប ដល់​ថ្នាក់​ពិភពលោក​ប្រកាស​ខ្លាច​រអា​ ​ពេល​នេះ​ទៅ​ជា​យ៉ាង​ណា?

  • 2018-06-04 01:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋជន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត Hacker ​ត្រូវ​បាន​បែងចែក​ជា ៣ ប្រភេទ ដោយ​មួយ​ជា​បុគ្គល​មាន​បំណង​ល្អ​ធ្វើ​ការ Hack ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ (White-hat Hacker), ប្រភេទ​ផ្សេង​ទៀត​ជា​ការ​លេង​សើច (Gray-hat Hacker) និង​ប្រភេទ​ចុង​ក្រោយ​ប្រើ​ក្នុង​គោលបំណង​បង្ក​បញ្ហា (Black-hat Hacker)។

Sabay ណែនាំ​ឲ្យ​ស្គាល់​ពី​ជើង​ខ្លាំង Hacker ៥ រូប ដែល​តាម​រំអុក​បង្ក​មហន្តរាយ​ដល់​ពិភពលោក ដើម្បី​ដឹង​ថា​តើ​បច្ចុប្បន្ន​បុគ្គល​ទាំង​នោះ​ជា​នរណា នៅ​ទីណា ហើយ​បម្រើ​ការ​អ្វី?

១.Kevin Mitnick:

ក្រសួង​យុត្តិធម៌​របស់​អាមេរិក​បាន​ហៅ Kevin ថា​ជា​ឧក្រិដ្ឋជន​កុំព្យូទ័រ​មួយ​រូប​ដែល​គេ​តាម​ចាប់​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​ខ្លួន។ រហូត​រឿងរ៉ាវ​របស់​លោក ត្រូវ​បាន​ចងក្រង​ចេញ​ជា​ខ្សែ​ភាពយន្ត​មួយ​កាល​ពី​ឆ្នាំ ២០០០ មាន​ចំណងជើង Track Down។

តើ​លោក​បាន​ធ្វើ​ខុស​អ្វី? លោក​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ ឆ្នាំ ពី​បទ​លួច​ចូល​ក្នុង​បណ្តាញ​ឌីជីថល​ឧបករណ៍​អេឡិចត្រូនិក DEC ក្រោយ​មក​ក៏​ត្រូវ​បាន​ភៀសខ្លួន​ហើយ​បន្ត​លុកលុយ​ប្រព័ន្ធ​ក្រសួង​ការពារ​ជាតិ និង​លួច​យក​ទិន្នន័យ​សម្ងាត់​សាជីវកម្ម​អស់​រយៈ​ពេល​ជាង ២ ឆ្នាំទៀតផង(២,៥ឆ្នាំ)។

បច្ចុប្បន្ន​លោក​នៅ​ទី​ណា? ទី​បំផុត​លោក​ត្រូវ​ជាប់​ទោស​រយៈ​ពេល ៥ ឆ្នាំ ប៉ុន្តែ​ក្រោយ​ចេញ​មក​វិញ​បាន​កែ​ខ្លួន​មក​ក្លាយ​ជា​អ្នក​ពិគ្រោះ​យោបល់​និង​ជា​អ្នក​និយាយ​ជា​សាធារណៈ​អំពី​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ មុន​ពេល​ដំណើរការ​ដឹកនាំ​ក្រុមហ៊ុន Mitnick Secuirty Consulting LLC។

២.Jonathan James:

James ជា​ឧក្រិដ្ឋជន​កុំព្យូទ័រ​មួយ​រូប​ដែល​រង​សោកនាដកម្ម​ធំ​បំផុត​ក្នុង​លោក។ លោក​ចាប់​ផ្តើម​ចេះ​ Hack តាំង​ពី​នៅ​វ័យ​ជំទង់ ពោល​គឺ​ការ​លុកលុយ​ចូល​ប្រព័ន្ធ​ពាណិជ្ជកម្ម​និង​រដ្ឋាភិបាល។

តើ​លោក​បាន​ធ្វើ​ខុស​អ្វី? ធ្លាប់​បាន​លួច​ចូល​ធ្វើ​ស៊ី​ទិន្នន័យ​នៃ​ប្រភព​កូដ NASA ដែល​មាន​តម្លៃ​ស្មើ ១,៧ លាន​ដុល្លារ ដើម្បី​ចង់​សិក្សា​ពី​ដំណើរការ​ស្ថានីយ​អវកាស​អន្តរជាតិ។ រហូត​បង្ខំ​ចិត្ត​ឲ្យ NASA ត្រូវ​ផ្អាក​ប្រព័ន្ធ Network ពេញ​រយៈ​ពេល ៣ សប្តាហ៍ ក្រោម​ការ​ស៊ើបអង្កេត​បន្ថែម​ត្រូវ​ចំណាយ​ខ្ទង់ ៤១ ០០០ ដុល្លារ។

បច្ចុប្បន្ន​លោក​នៅ​ទី​ណា? លុះ​ដល់​ឆ្នាំ ២០០៧ អំឡុង​ពេល​ក្រុមហ៊ុន​ជា​ច្រើន​ធ្លាក់​ក្នុង​រណ្ដៅ​នៃ​ការ​វាយប្រហារ James ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្សែផ្សំ​គំនិត លុះ​កន្លង​ផុត​មួយ​ឆ្នាំ​ដោយ​ទ្រាំ​ពុំ​បាន​នឹង​ការ​សង្ស័យ​ពី​មនុស្ស​រាល់​គ្នា ខ្លួន​ក៏​សម្រេច​ធ្វើ​អត្តឃាត​តែ​ម្តង​ទៅ។

៣.Albert Gonzalez:

Gonzalez បាន​ចាប់​ផ្តើម​ប្រលូក​ដឹក​នាំ​ក្រុម ShadowCrew ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុម​លួច​និង​លក់​លេខ​កាត​គណនី​ធនាគារ បន្សំ​នឹង​ការ​ក្លែងបន្លំ​លិខិត​ឆ្លងដែន កាត​ធានារ៉ាប់រង​សុខភាព និង​សំបុត្រ​កំណើត។

តើ​លោក​បាន​ធ្វើ​ខុស​អ្វី? លោក Albert Gonzalez បាន​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ Hack ក្រោយ​ពេល​លួច​ប្រមូល​បាន​លេខ​កាត​ឥណទាន​និង​ ATM ដល់​ទៅ ១៧០ លាន​ប័ណ្ណ​ត្រឹម​រយៈ​ពេល ២ ឆ្នាំ។ បន្ទាប់​មក​លួច​ចូល​មូលដ្ឋាន​ទិន្នន័យ​ក្រុមហ៊ុន TJX Companies និង Heartland Payment Systesm ក្នុង​បំណង​លួច​យក​កាត​ឥណទាន​ដែល​ក្រុមហ៊ុន​រក្សា​ទុក។

បច្ចុប្បន្ន​លោក​នៅ​ទី​ណា? Gonzalez ត្រូវ​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល ២០ ឆ្នាំ ពោល​គឺ​ត្រូវ​កំណត់​ឲ្យ​ចេញ​មក​វិញ​នៅ​ឆ្នាំ ២០២៥។

៤.Kevin Poulsen:

លោក Kevin បាន​ប្រើ​ពេល ១៥ នាទី ក្លាយ​ជា​ជន​ល្បី​ឈ្មោះ ក្រោយ Hack ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​នៃ​ខ្សែ​ស្ថានីយ​វិទ្យុ​មួយ​កន្លែង ហើយ​បាន​ជាប់​ឈ្មោះ​ថា Dark Dante។

​តើ​លោក​បាន​ធ្វើ​ខុស​អ្វី? Poulsen ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប ហើយ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៥១ ខែ ជាមួយ​នឹង​ការ​សង​ថ្លៃ​ខូចខាត ៥៦ ០០០ ដុល្លារ ក្រោយ​លួច​លុកលុយ​ក្នុង​ប្រព័ន្ធ​តាម​ចាប់​ខ្លួន​របស់​ FBI។

បច្ចុប្បន្ន​លោក​នៅ​ទី​ណា? ក្រោយ​ដោះលែង​នៅ​ឆ្នាំ ១៩៩៥ លោក បាន​ចាប់​ផ្តើម​បម្រើការ​ជា​អ្នក​សារព័ត៌មាន រហូត​ក្លាយ​ជា​អ្នក​កែសម្រួល (Editor) ជាន់​ខ្ពស់​ក្នុង​ឆ្នាំ ២០០៦ ឲ្យ​កាសែត Wired។ ក្នុង​ឆ្នាំ ២០០៦ លោក​ថែម​ទាំង​បបាន​ជួយ​ដល់​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​ផ្លូវ​ចំនួន ៧៤៤ នាក់​លើ​ MySpace ទៀត​ផង។

៥.Gary McKinnon:

ឲ្យ​ឈ្មោះ​ហៅ​ក្រៅ​ថា Solo លើ​ប្រព័ន្ធ​អ៊ីនធឺណិត លោក Gary ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​លុកលុយ​ប្រព័ន្ធ​យោធា​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។

តើ​លោក​បាន​ធ្វើ​ខុស​អ្វី? ក្នុង​រយៈ​ពេល ១៣ ខែ​រាប់​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០១ ដល់ មិនា ឆ្នាំ ២០០២ លោក McKinnon បាន​ចូល​លួច​ប្រើ​កុំព្យូទ័រ ៩៧ គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​សហរដ្ឋអាមេរិក។ តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ផ្ទាល់ ថា​លោក​បាន​ចូល​ស្វែងរក​ព័ត៌មាន​អំពី​ដំណើរការ UFO ប៉ុន្តែ​យោងតាម​អាជ្ញាធរ​អាមេរិក​សង្កត់​ធ្ងន់​ថា​បុរស​ម្នាក់​នេះ​បាន​លុប​ចោល​ឯកសារ​សំខាន់ៗ​ជា​ច្រើន រហូត​បណ្តាល​ឲ្យ​កុំព្យូទ័រ ៣០០ គ្រឿង​លែង​ដំណើរការ និង​ខាតបង់​សាច់ប្រាក់​ជាង ៧០០ ០០០ ដុល្លារ។

បច្ចុប្បន្ន​លោក​នៅ​ទី​ណា? បុរស​មាន​ដើម​កំណើត​នៅ​ចក្រភព​អង់គ្លេស​រូប​នេះ បាន​គេចវេះ​ពី​រដ្ឋាភិបាល​អាមេរិក​រហូត​ដល់​ឆ្នាំ ២០០៥ នៅ​ពេល​លោក​ប្រឈម​នឹង​ទោស​បត្យាប័ន (ការ​ប្រគល់​អ្នក​ទោស​ឧក្រិដ្ឋ​ឲ្យ​ទៅ​អ្នក​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ខ្លួន​វិញ)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ កៅ រក្សា