ពិតអត់ ចុចលេខកូដ ATM បញ្ច្រាស អាចហៅប៉ូលិសមកជួយ ពេលមានចោរគំរាមប្លន់?

  • 2018-06-05 03:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ចុច​លេខ​កូដ ATM បញ្ច្រាស (បើ​លេខ​កូដ​របស់​អ្នក 1234 ត្រូវ​ចុច 4321) អាច​ហៅ​ប៉ូលិស​មក​ជួយ នៅ​ពេល​មាន​ជន​ខិលខូច​គំរាម​ប្លន់​យក​លុយ។

ទោះ​ជា​យ៉ាង​ណា វា​មិនមែន​ជា​ការ​ពិត​ឡើយ ហើយ​គ្រាន់​តែ​ជា​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​រីក​រាល​ដាល​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត កាល​ពី​ឆ្នាំ២០០៦ ប៉ុណ្ណោះ។

កាលនោះ ព័ត៌មាន​ក្លែងក្លាយ​បាន​លើក​ឡើង​ថា «ករណី​ដែល​មាន​ចោរ​ចូល​មក​គំរាម​ប្លន់​យក​លុយ នៅ​ក្នុង​ទូ ATM អ្នក​គ្រាន់តែ​ចុច​លេខ​កូដ​បញ្ច្រាស គឺ​អាច​ហៅ​ប៉ូលិស​មក​ចាប់​ចោរ​នោះ​បាន»។

ផ្ទុយទៅវិញ បើ​យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ ភ្នាក់ងារ​របស់​រដ្ឋាភិបាល Federal Trade Commission (FTC) កាល​ពី​ឆ្នាំ២០១០ បាន​បញ្ជាក់​ថា ទូ ATM មិន​មាន​មុខងារ​នេះ​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​ខាង​លើ​ឲ្យ​ដឹង​ថា ការ​ដាក់​មុខងារ​បែប​នេះ ឬ ប៊ូតុង​សម្រាប់​ផ្ដល់​ដំណឹង​ដល់​សមត្ថកិច្ច មិន​អាច​ឃាត់ ឬ ចាប់​ជនល្មើស​បាន​ឡើយ មាន​តែ​បង្ក​ជា​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់​លើស​ដើម​ទៅ​វិញ​ទេ។

តើ​នរណា​ជា​អ្នក​ចាប់ផ្ដើម​គំនិត «វាយ​លេខ​កូដ ATM បញ្ច្រាស» នេះ​ឡើង?

លោក Joseph Zingher អ្នក​ជំនួញ​នៅ​ទីក្រុង Chicago សហរដ្ឋអាមេរិក បាន​នឹក​ឃើញ​នូវ​មុខងារ​សុវត្ថិភាព​នេះ​ឡើង ឲ្យ​ឈ្មោះ​ថា «SafetyPIN»

គំនិត​របស់​លោក Joseph គឺ ការ​វាយ​លេខ​កូដ​បញ្ច្រាស នឹង​ក្លាយ​ជា​ការ​ផ្ដល់​ដំណឹង​សម្ងាត់​មួយ​ទៅ​កាន់​ប៉ូលិស​ថា អ្នក​ប្រើប្រាស់​ទូ ATM កំពុង​ជួប​គ្រោះថ្នាក់។ អ្នក​ជំនួញ​ខាងលើ​បាន​ស្នើ​ដាក់​ប្រព័ន្ធ​នេះ​ទៅ​សហគមន៍​ធនាគារ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ពួកគេ​មិន​បាន​ចាប់អារម្មណ៍​ឡើយ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម