ឡុង​ សុភី​ ល្អណាស់ ផ្ដួលជើង​ខ្លាំង​ថៃ វ៉ាត់​ ឆារ៉ាឡេក​ និង​ អូប៉រ​ ដេក​ស្អាត​

  • 2018-06-19 02:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​​ចាស់​វស្សា​ ឡុង​​ សុភី​ លួច​ទៅ​រៀន​ក្បាច់​ពិសេស​នៅ​ឯណា​ ឥលូវ​ផ្ដួល​ថៃ​ ស្ទើរ​រាល់​ប្រកួត​តែ​ម្ដង​ ថែម​ទាំង​ឈ្នះ​ខ្សែក្រវាត់​ និង​មេដាយ​មាស​ក្នុង​កម្មវិធី​កីឡា​ជាតិ​ថ្មីៗ​នេះ​ទៀត​ផង។​

កីឡាករ​ ឡុង​ សុភី

មួយ​រយៈពេល​ធំ​មក​នេះ​ អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​ លាន់មាត់​សរសើរ​កីឡាករ​ ឡុង​ សុភី​ ស្ទើរ​គ្រប់​គ្នា​ ដោយ​សារ​ជើង​ខ្លាំង​រូប​នេះ​ប្រកួត​មិន​ដែល​ចាញ់​ឡើយ​ បើ​ទោះ​ជា​ប៉ះ​អ្នក​ប្រដាល់​ល្អៗ​របស់​ថៃ​យ៉ាង​ណា​ក៏​ដោយ។​ ជាក់ស្ដែង​កាល​ពី​អាទិត្យ​មុន​នោះ​ អ្នក​ប្រដាល់​កម្ពុជា​ខាង​លើ​ ផ្ដួល​កីឡាករ​កំពូល​ឌឺ​របស់​ថៃ​ វ៉ាត់​ ឆារ៉ាឡេក​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ដែល​ស្ទើរ​គ្មាន​កីឡាករ​កម្ពុជា​ណា​មួយ​ អាច​វ៉ៃ​ថៃ​ខាង​លើ​នេះ​ឲ្យ​សន្លប់​បានឡើយ។​

កីឡាករ ឡុង​ សុភី​(ក្រហម) និង​ អូប៉រ​(ខៀវ)

ចំណែក​ការ​ប្រកួត​កាល​យប់​ថ្ងៃ​សៅរ៍​ ទី១៦ ​មិថុនា​ ឆ្នាំ​២០១៨​ កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ រូប​នេះ​ វ៉ៃ​បច្ចេកទេស​ និង​ប្រើ​ក្បាច់​ប្រចាំ​ត្រកូល​ គឺ​ជង្គង់​ចាក់​ពេញៗ​ ផ្ដួល​ជើង​ខ្លាំង​ថៃ​ អូប៉រ​ ឲ្យ​សន្លប់​ត្រឹម​ទី២​ ប៉ុណ្ណោះ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​សង្វៀន​ TV5 ។​ ថៃ​ដែល​សន្លប់​នេះ​ អ្នក​តាមដាន​គុន​ខ្មែរ​សុទ្ធតែ​ស្គាល់​ពី​សមត្ថភាព​របស់​គេ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ដល់​ទឹក​ទី៥​បាន​ជា​មួយ​ ឡុង​ សុភី។​

កីឡាករ វ៉ាត់ ឆារ៉ាឡេក

ឡុង​ សុភី​ ក៏​ធ្លាប់​ឲ្យ​ Sabay​ ដឹង​ថា​ ឥលូវ​នេះ​គេ​ផ្ដោត​លើ​ការ​ប្រកួត​ខ្លាំង​ មិន​ថា​មិត្តភាព​ ឬ​កម្មវិធី​ធំៗ​ផ្សេងៗ​នោះ​ទេ​ គឺ​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ជ័យជម្នះ​ និង​ស្តា​កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​ល្បី​ខ្លាំង​ពី​មុន​មក​វិញ​ និង​ជា​រួម​ចង់​បាន​មុខមាត់​ខ្លាំង​តែ​ម្ដង។​ ខណៈ​ការ​ប្រកួត​ល្អ​ នឹង​មាន​ឱកាស​បាន​ឡើង​សង្វៀន​ច្រើន​ ថវិកា​ក៏​បាន​ច្រើន​តាម​និង​ដែរ។​

ម៉ឺន​ សុភា​ ពេល​ឈ្នះ​ អូប៉រ​

កីឡាករ​ ឡុង​ សុភី​ ជា​កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ មក​ពី​ក្លឹប​សាលវ័ន្ត​កីឡា​ គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​មក​ហើយ​ក្នុង​វិស័យ​នេះ។​ មួយ​ចុង​ក្រោយ​នេះ​ គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ ពោល​ឈ្នះ​ ម៉ឺន​ សុភា​ យក​ខ្សែក្រវាត់​ ១គ្រឿង​ និង​ឈ្នះ​មេដាយ​មាស​ប្រដាល់​សកល​នៅ​កម្មវិធី​កីឡា​ជាតិ​លើក​ទី២​ ដើម​ខែ​មិថុនា​ ខណៈ​ប្រកួត​មិត្តភាព​ពីរ​ដង​ផ្ដួល​ជើង​ខ្លាំង​ថៃ​ វ៉ាត់​ ឆារ៉ាឡេក​ ឲ្យ​សន្លប់​នៅ​បាយ័ន​ ចំណែក​ អូប៉រ​ វ៉ៃ​ឲ្យ​សន្លប់​នៅ​សង្វៀន​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​