អ្នក​មើល World Cup តាម​អ៊ីនធឺណិត​ប្រយ័ត្ន​ឆ្លង​មេរោគ​មួយ​ចូល​​កុំព្យូទ័រ និង​ទូរសព្ទ

  • 2018-06-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​លោក​ ង៉ែត ​ម៉ូសេ ​បាន​លើកឡើង​អំឡុង​ពេល​ World Cup 2018 ថា​ កម្មវិធី​កុំព្យូទ័រ ​ទូរស័ព្ទ​ ​និង​តំណ​ភ្ជាប់​មួយ​ចំនួន​ដែល​អ្នកប្រើប្រាស់​បាន​ឃើញ​នៅ​លើ​ Google ​ឬ​បណ្ដាញ​សង្គម​ដូចជា​ហ្វេស​ប៊ុក ​អាច​នាំ​ពួក​គេ​ទៅកាន់​វេបសាយ​ដែល​មាន​មេរោគ ​ឬ​ហៅ​ថា​ Malicious Website ។

រូបតំណាង

ក្រៅពី​នេះ​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ដែល​បើក​វេបសាយ​មេរោគ​ ​ឬ​ Malicious Website ​អាច​ប្រឈម​នឹង​ការវាយប្រហារ​មួយ​ប្រភេទ​ទៀត​គឺ​ Drive-By Downloads ។ ក្រុមហ៊ុន​លក់​កម្មវិធី​កម្ចាត់​មេរោគ​ Norton ​បាន​ចាត់​ទុក​ Drive-By Download ​នេះ​ថា ​មាន​លក្ខណៈ​គួរឲ្យ​បារម្ភ​ជាង​គេ​ ​ដោយសារ​ **Drive-By Download ​អាច​លួច​ដំឡើង​កម្មវិធី​មេរោគ​នៅ​លើ​ម៉ាស៊ីន​របស់​លោក​អ្នក ​ដោយ​ស្ងាត់​ៗ​ ​នៅ​ពេល​អ្នក​កំពុង​មើល​វេបសាយ ​បើ​ទោះបីជា​អ្នក​មិន​បាន​ចុច​លើ​តំណ​ភ្ជាប់​មេរោគ​ក៏​ដោយ​។**

លោក​ ង៉ែត ​ម៉ូសេ ​លើកឡើង​ថា​ ពពួក​មេរោគ​ Malware ​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ទូរសព្ទ ឬ​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់​ ​មិន​ត្រឹមតែ​បង្ក​គ្រោះ​ដល់​អ្នកប្រើប្រាស់​ប៉ុណ្ណឹង​ទេ​ ប៉ុន្តែ​ពពួក​មេរោគ​ទាំងនោះ​ ​ក៏​អាច​ឆ្លៀត​ឱកាស​គ្រប់គ្រង​ទូរស័ព្ទ​ ​កុំព្យូទ័រ​ និង​កម្មវិធី​មួយ​ចំនួន​ ​ឬ​គណនី​ហ្វេសប៊ុក ​ដើម្បី​ចម្លង​មេរោគ​ទៅកាន់​អ្នកដទៃ​ដែល​មាន​នៅ​ក្នុង​បញ្ជី​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​នោះ​ផងដែរ​ តាមរយៈ​ការ​ផ្ញើ​អ៊ីមែល ទៅ​ទូរស័ព្ទ​ ​ឬ​ផ្ញើ​សារ​ទៅកាន់​មិត្តភ័ក្ដិ​ហ្វេសប៊ុក​របស់​អ្នកប្រើប្រាស់។

Malware ​ឬ​មកពី​ពាក្យ​ថា​ Malicious Software ​ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​សំដៅ​លើ​ប្រភេទ​កម្មវិធី​ ​ឬ​បណ្តុំ​នៃ​កូដ​ដែល​បង្កើត​មក​ក្នុង​គោលដៅ​បំផ្លាញ​ប្រព័ន្ធ​ដំណើរការ​របស់​ម៉ាស៊ីន ​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ ​និង​គ្រប់គ្រង​ដំណើរការ​នៅ​ក្នុង​ម៉ាស៊ីន​។

ពពួក​មេរោគ​ Malware ​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា​ដូចជា​ពពួក​ Spyware,​ Ransomware,​ Virus,​ Worms,​ Trojan Horses,​ Adware ​និង​ប្រភេទ​ Scareware ​ជាដើម​។ ​ពពួក​មេរោគ​ទាំង​នេះ​មាន​វិធី​វាយប្រហារ​ និង​របៀប​លាក់​ខ្លួន​នៅ​ទីតាំង​ផ្សេង​ៗ​ គ្នា​ក្នុង​ម៉ាស៊ីន​ ​និង​លើ​គេហទំព័រ​ដែល​មាន​មេរោគ​។

លោក​ ង៉ែត ​ម៉ូសេ ​ផ្តល់​យោបល់​ថា​ ដើម្បី​ទប់ស្កាត់​ ​និង​ចៀសវាង​ការឆ្លង​មេរោគ​ពីលើ​អ៊ីនធឺណិត​ទាំងនេះ​ ​អ្នកប្រើប្រាស់​គួរ​ដំឡើង​កម្មវិធី​ម៉ាស៊ីន ​ឬ​ហៅ​ថា​ OS ​ពី​ក្រុមហ៊ុន​ ​ធ្វើ​ការដំឡើង​ ​ឬ​ហៅ​ថា​ Update ​កម្មវិធី​ទៅ​ជំនាន់​ចុងក្រោយ​ ​គួរ​មាន​កម្មវិធី​កម្ចាត់​មេរោគ​ ​និង​គួរ​ផ្ទៀងផ្ទាត់​កម្មវិធី​ឲ្យ​បាន​ច្បាស់លាស់​ ​មុននឹង​ទាញ​យក​ និង​ដំឡើង​កម្មវិធី​នោះ​នៅ​លើ​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ៕

អាន​អត្ថបទ​បន្ត​៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ

អត្ថបទថ្មី