ភ្ញាក់ផ្អើល! ព្រះនាងជប៉ុនមួយអង្គទៀតហើយ នឹងបោះបង់រាជសម្បត្តិ រៀបអភិសេកកម្មករ
- 2018-06-27 02:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ព្រះនាងជប៉ុនមួយអង្គទៀតហើយ នឹងបោះបង់រាជសម្បត្តិ រៀបអភិសេកកម្មករ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីប្រកាសជាផ្លូវការមួយកាលពីថ្ងៃអង្គារ ដោយគ្រួសារអធិរាជជប៉ុន បានឲ្យដឹងថា ព្រះនាង Ayako នឹងរៀបអភិសេកជាមួយជនសាមញ្ញម្នាក់ នារដូវស្លឹកឈើជ្រុះខាងមុខ ហើយបោះបង់រាជសម្បត្តិ និងចាកចេញពីគ្រួសាររាជវង្ស។
ព្រះនាង Ayako គឺជាបុត្រីរបស់ព្រះអង្គម្ចាស់ Takamado ដែលបានសុគតនៅក្នុងឆ្នាំ២០០២ ហើយព្រះអង្គម្ចាស់ជាភគនីយោ (បងប្អូនជីដូនមួយប្រុស) របស់អធិរាជ Akihito ។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ព្រះនាង Ayako ព្រះជន្ម ២៧វស្សា នឹងចូលរួមពិធីភ្ជាប់ពាក្យតាមប្រពៃណី ជាមួយគូស្នេហ៍របស់ទ្រង់ គឺលោក Kei Moriya ដែលមានអាយុ៣២ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនជប៉ុន NKY Line។ អ្នកទាំងពីរគ្រោងនឹងរៀបអភិសេក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះតែម្ដង នៅឯព្រះវិហារ Meiji Jingu Shrine ស្ថិតក្នុងសង្កាត់ Shibuya Ward នៃទីក្រុងតូក្យូ។
គួររំលឹកឲ្យដឹងថា ព្រះនាង Mako ព្រះជន្ម២៦វស្សា ដែលត្រូវជាភគនីយា (បងប្អូនជីដូនមួយស្រី) របស់ព្រះនាង Ayako និងជានត្តា (ចៅស្រី) ធំរបស់អធិរាជជប៉ុន បានសម្រេចហឫទ័យដូចគ្នាកាលពីខែមេសា ឆ្នាំ២០១៧។ បើទោះបីជាព្រះនាងបានពន្យារពេលរៀបអភិសេក រហូតដល់ឆ្នាំ២០២០ក្តី ប៉ុន្តែព្រះនាងបានបោះបង់រាជសម្បត្តិ និងតំណែងជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។
យ៉ាងណាមិញ ព្រះនាង Ayako និង លោក Moriya បានជួបគ្នាមិនដល់មួយឆ្នាំមុន តាមរយៈគ្រួសារដែលធ្វើការនៅអង្គការ NGO ជាមួយគ្នា។ មាតារបស់ព្រះនាង Ayako សង្ឃឹមថាការណែនាំនេះ នឹងជំរុញឲ្យបុត្រីរបស់ទ្រង់ ចូលរួមនៅក្នុងផ្នែកសុខុមាលភាពកុមារទូទាំងពិភពលោក ប៉ុន្តែទំនាក់ទំនងរបស់ ព្រះនាង Ayako និង លោក Moriya ក្លាយជាស៊ីជម្រៅយ៉ាងរហ័ស៕
ចុចអាន៖