ក្រុម​តន្រ្តី ២៨០ វង់​ជាង គ្រោង​ដាក់​លិខិត​ទៅ​អាជ្ញាធរ​​ជួយ​រឿង​​លុបបំបាត់​ការ​លេង​ភ្លេង​សម័យ​​ក្នុង​ពិធី​​ហែ​កំណត់​

  • 2018-06-27 06:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​​បង្ហើប​ឲ្យ​ដឹង​ពី​នាយ​ក្រូច ​ដែល​ជា​ថៅកែ​វង់ភ្លេង​មួយ​រូប​ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​ក្រុម​​តន្រ្តី ២៨០ វង់​ជាង​ ទូទាំង​ប្រទេស គ្រោង​ធ្វើ​​លិខិត​មួយ​​ទៅ​​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​លុបបំបាត់​រឿង​លេង​ភ្លេង​សម័យ​ពេល​ព្រឹក​ក្នុង​កម្មវិធី​ហែ​កំណត់ ព្រោះ​ខុស​ពី​ប្រពៃណី​ខ្មែរ និង​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ការ​ខំ​ទៅ​ឲ្យ​ទាន់​​កម្មវិធី​ទាំង​យប់​​ទាំង​មិន​បាន​ដេក​ពូន។

ក្នុង​គម្រោង​លិខិត​ដែល​ក្រុម​តន្ត្រី​សម័យ​ទូទាំង​ប្រទេស​ដែល​មាន​ជាង​២៨០វង់​ជាង នាយ​ក្រូច បាន​ឲ្យ​ដឹង​ថា ​សិល្បករ​ សិល្បៈ​ការិនី​ ​ជាតន្រ្តីករ តន្រ្តីការនីផ្នែកតន្ត្រីសម័យ ដែលរស់នៅក្នុងខេត្ត នឹក​មក​ពី​បណ្តា​ខេត្ត​នា​នា ដែល​បាន​ទៅ​បម្រើការ​សិល្បៈ​មហាជន​ទូទៅ​ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៃ​អាយុ​ជីវិត​របស់​ពួក​គាត់ ដោយសារតែ​ គ្រប់​ថៅកែ​ក្រុម​តន្រ្តី​សម័យ​ទាំង​អស់​​តែង​តែ​ប្រឡង​ប្រណាំង​គ្នា​ដោយ​ចង់​បាន​ការ​ចំណេញ​ច្រើន​ និង​ចង់​បាន​ភាព​ល្បី​ឈ្មោះ​ដោយ​ចាប់​ផ្ដើម​ឲ្យ​អ្នក​ភ្លេង ​ដើម្បី​ទទួល​ក្នុង​កម្មវិធី​ហែ​កំណត់​កូន​កំលោះ​ចូល​រោងការ​ ដែល​ជា​ប្រពៃណី​មួយ​ខុស​ពី​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ​ដែល​គេ​តម្រូវ​ឲ្យ​តែ​ផ្នែក​តន្ត្រី​បុរាណ​ជា​អ្នក​ប្រគំ​ដង្ហែ​កូន​កំលោះ​ប៉ុណ្ណោះ។

ដោយសារតែ​មូលហេតុ​នេះ​​ហើយ​ធ្វើ​អោយ​សិល្បករ​ សិល្បៈ​ការិនី ជា​តន្ត្រីករ​ តន្ត្រី​ការិនី​ផ្នែក​តន្ត្រី​សម័យ​ត្រូវ​ចេញ​ដំណើរ​មិន​ថា​ថ្ងៃ​ ឬ​យប់​ម៉ោង​ប៉ុន្មាន​ក៏​ដោយ គឺ​ត្រូវ​ទៅ​រៀប​ចំ​ឆាក​ឲ្យ​ទាន់​វេលា​ហែ​កំណត់​ជា​កំហិត ដូច្នេះ​វា​បាន​ធ្វើ​ឲ្យ​​រង​ការ​ប៉ះពាល់​ជា​ច្រើន ដូចជា អត់​ងងុយ​ សម្រាក​មិន​គ្រប់​គ្រាន់​ ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មិន​ថា​ជិត​ឆ្ងាយ គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​តៃកុង​ប្រញាប់ តៃកុង​អត់​ងងុយ ខ្យល់គរ​ស្លាប់ ហើយ​អ្នក​ខ្លះ ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿង​ញៀន​​ដែល​វា​អាច​ជួយ​មិន​អោយ​ដេក​លក់​បាន និង​​មាន​មូលហេតុ​ផ្សេងៗ​ទៀត​។

ក្នុង​សំណើ​ដដែល​នោះ​ក្រុម​​វង់ភ្លេង​ទាំង​នោះ ចង់​ឲ្យ​រដ្ឋាភិបាល​ក៏​ដូច​​ជា​ស្ថាប័ន​​មាន​សមត្ថកិច្ច​ជួយ​បញ្ចប់​នូវ​កំហុស​ឆ្គង​របស់​ថៅកែ​ភ្លេង​ទាំង​អស់​នេះ​ផង ដូច​​ជា​សុំ​ឲ្យ​លោក​គណៈ​អភិបាល​ចេញ​លិខិត​បង្គាប់​ជូនលោក​ចៅហ្វាយ​ស្រុក លោក​មេឃុំ លោក​នាយ​ប៉ុស្តិ៍ ឲ្យ​ចុះ​ជូន​ដំណឹង​មិន​ឲ្យ​មាន​ការ​ប្រគំតន្ត្រី​សម័យ​ទទួល​ហែ​កំណត់​ពេល​ព្រឹក​ជា​ដាច់​ខាត ហើយ​ជា​ពិសេស​សុំ​ជូនដំណឹង​ដល់​លោក​ថៅកែ​​ភ្លេង​សម័យ​ឲ្យ​បាន​ដឹង​គ្រប់ៗ​ផង ។

តាម​ការ​បញ្ជាក់​ពី នាយ​ក្រូច លិខិត​នោះ​នៅ​មិន​ទាន់​​​​​ឯកភាព​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​ទេ ដោយ​ក្រុម​របស់​លោក​គ្រោង​​ប្រជុំ​គ្នា​​នៅ​ដើម​ខែ​កក្កដា ខាង​នេះ​ទៀត ដើម្បី​សម្រេច​ដាក់​ទៅ​ជូន​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ឬធ្វើ​សន្និសីទកាសែត​តែ​ម្ដង​៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម