ពេជ្រ ម្ទេសខ្មាំង ប្រាប់ចំណុចខ្វះខាតមួយចំនួន ដែលមិនអាចឈ្នះកីឡាករវៀតណាម
- 2018-07-04 04:28:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង ប្រាប់ចំណុចខ្វះខាតមួយចំនួន ដែលមិនអាចឈ្នះកីឡាករវៀតណាម
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្បីឈ្មោះទាំងសកល និងគុនខ្មែរ ពេជ្រ ម្ទេសខ្មាំង លើកពីចំណុចខ្វះខាតមួយចំនួនរបស់គេ ដែលមិនអាចវ៉ៃឈ្នះកីឡាករវៀតណាម នាកម្មវិធីដណ្ដើមពានរង្វាន់ស្ដេចថៃនាប៉ុន្មានថ្ងៃកន្លងទៅនេះ។
ពេជ្រ ម្ទេសខ្មាំង បានឲ្យដឹងថា រូបគេនៅមានចំណុចច្រើនដែរមិនអាចឈ្នះនាព្រឹត្តិការណ៍ខាងលើនេះ ភាពរហ័សរហួន ចង្វាក់ចេញចូលនៅយឺតជាងគេ ចំណុចនេះហើយដែរគេមានប្រៀបជាង ខណៈបច្ចេកទេសក៏ល្អថែមទៀត។ បើកម្លាំង និងទឹកចិត្តប្រយុទ្ធមិនចាញ់គ្នានោះទេ។
ម្ចាស់មេដាយមាសកីឡាជាតិថ្មីៗនេះបន្ថែមថា ដោយសារកីឡាករកម្ពុជាក៏ដូចជារូបគេផ្ទាល់មិនសូវបានចេញទៅហ្វឹកហាត់នៅឯក្រៅប្រទេសបានច្រើន ដូច្នេះហើយសមត្ថភាពមិនអាចរីកចម្រើនខ្លាំងនោះទេ។ ពោលគឺហាត់ជាមួយកីឡាករក្នុងស្រុកសុទ្ធតែមានកម្រិតបច្ចេកទេសនៅក្រោមខ្លួន ហេតុនេះហើយមិនអាចទទួលបានបច្ចេកទេសថ្មីល្អៗថែមទៀតទេ។ បើបានទៅហ្វឹកហាត់នៅក្រៅប្រទេសជាមួយកីឡាករល្អៗនោះ គឺអាចមើលពីចង្វាក់ក៏ដូចជាបច្ចេកទេសថ្មីៗទៀត។
កត្តាមិនការប្រកួតក្នុងស្រុកក៏ជាបញ្ហាចម្បងមួយដែរ ដែលធ្វើឲ្យក្រុមកីឡាករកម្ពុជាមិនមានភាពរីកចម្រើន បានត្រឹមតែហាត់ទុកចោលប៉ុណ្ណោះ។ បើបានប្រកួតក្នុង១ខែម្ដង ឬ២ដង ក្នុង១ខែនោះ ពិតជាល្អខ្លាំង នឹងមានឱកាសរីកចម្រើន។
ពេជ្រ ម្ទេសខ្មាំង ជាកីឡាករជើងខ្លាំងស្ទើរគ្នាគូប្រកួតនៅកម្ពុជាក្នុងប្រភេទកីឡាប្រដាល់សកលលើទម្ងន់ ៥៦ ឬ ៦០គីឡូក្រាមនាពេលបច្ចុប្បន្ននេះ។ គេធ្លាប់ឈ្នះមេដាយមាសថ្នាក់ជាតិជាច្រើនមិនថាជើងឯកជាតិ ឬកីឡាជាតិនោះឡើយ ហើយគេក៏ជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៧នៅម៉ាឡេស៊ីផងដែរ។ ប្រកួតចុងក្រោយរបស់គេធ្លាប់ត្រឹមជុំទី១នៃពានរង្វាន់ស្ដេចថៃកាលពីប៉ុន្មានថ្ងៃមុននេះ៕