អ្នកជ្រមុជទឹក១៩នាក់ ចូលទៅជួយមនុស្ស៥នាក់ចុងក្រោយ ក្នុងរូងភ្នំថាំហ្លួងហើយ!

  • 2018-07-10 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ថៃ​បាន​បញ្ជាក់​ថា បេសកកម្ម​ជួយ​សង្គ្រោះ​ក្មេង​ថៃ​៥​នាក់​ចុង​ក្រោយ​នៅ​ថ្ងៃ​នេះ បាន​ចាប់ផ្ដើម​ហើយ​នៅ​វេលា​ម៉ោង ១០៖០៨នាទី​ព្រឹក ដោយ​មាន​អ្នក​ជ្រមុជ​ទឹក ១៩នាក់​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង។

ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់​ក៏​ដោយ លក្ខខណ្ឌ​ក្នុង​រូង​ភ្នំ​មិន​បាន​ផ្លាស់​ប្តូរ​ច្រើន​នោះ​ទេ។ ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង ដំណើរការ​ដូច​បាន​គ្រោងទុក នោះ​ពួកគេ​នឹង​អាច​ចេញ​ពី​រូង​ភ្នំ​ខាងលើ​អស់​ក្នុង​ថ្ងៃ​នេះ​តែម្តង។

លោក Narongsak Osatanakorn ប្រធាន​សម្របសម្រួល​ប្រតិបត្តិការ​នេះ បាន​និយាយ​ថា «ថ្ងៃ​ដំបូង​យើង​បាន​ចំណាយ​ពេល​១១ម៉ោង, ម្សិលមិញ​យើង​បាន​ចំណាយ​ពេល​៩ម៉ោង, ថ្ងៃ​នេះ​យើង​សង្ឃឹម​ថា​អាច​ធ្វើ​វា​បាន​លឿន​ជាង​មុន ឬ​ដូច​ថ្ងៃ​ម្សិលមិញ​ដែរ»។

បើ​យោង​តាម​ការ​ត្រួតពិនិត្យ​សុខភាព​បឋម​លើ​ក្មេង​ប្រុស​៤នាក់​ដំបូង កាល​ពី​ម្សិលមិញ​នេះ វេជ្ជបណ្ឌិត​បាន​និយាយ​ថា ២នាក់​បាន​ឆ្លង​មេរោគ​សួត​តិចតួច ហើយ​ម្នាក់​ទៀត​គ្រុន​ក្តៅ។ ប៉ុន្តែ​ពួកគេ​បាន​លេប​ថ្នាំ ហើយ​ស្ថានភាព​សុខភាព​គ្រាន់​បើ​វិញ រហូត​អាច​លេង​សើច​បាន​នៅ​ពេល​ល្ងាច​ទៀត​ផង។

គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​ដែល​ត្រូវ​គេ​សង្គ្រោះ​រួច បាន​ឃើញ​មុខ​ឪពុកម្ដាយ​របស់​ពួកគេ​តាម​កញ្ចក់ ប៉ុន្តែ​មិន​ទាន់​អាច​ប៉ះពាល់ ឬ​ឱប​គ្នា​បាន​នោះ​ទេ។ ខាង​មន្ទីរពេទ្យ​សង្ឃឹម​ថា ពួកគេ​អាច​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទូរសព្ទ​នៅ​ថ្ងៃ​នេះ។

យ៉ាងណាមិញ រហូត​មក​ដល់​ពេល​នេះ ពួកគេ​នៅ​តែ​ពាក់​វ៉ែនតា​ដើម្បី​ការពារ​ភ្នែក ជា​ការ​ប្រុងប្រយ័ត្ន​មួយ ក្រោយ​ពី​ចំណាយ​ពេល​ជាង​២សប្តាហ៍​នៅ​ក្នុង​ទី​ងងឹត៕

ចុច​អាន៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សេង ឡុង