ពាក់​កណ្ដាល​អាធ្រាត្រ​ សង្សារ​ដែល​ស្លាប់​ទៅ​ហើយ ឆាត​មក​សុំ​ទោស​ ពី​ទង្វើ​​របស់​នាង​កាល​​​នៅ​រស់!!!

  • 2018-07-13 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​គ្នា​ទៀត​ហើយ​ក្នុង​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ មាន​រឿង​ខ្មោច​មួយ​ទៀត ចែក​ចាយ​ដោយ​មន្ត្រី​រាជការ​មួយ​រូប...Admin អាន​ក៏​ព្រឺ​សម្បុរ​ដែរ...តោះ...តាម​ដាន​ទាំង​អស់​គ្នា៖

អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​បង​ប្អូន​នៅ​គ្រា​ដំបូង​នេះ គឺ​ថា នេះ​ជា​រឿង​ពិត​អត់​ប្រឌិត​អី​ទេ វា​ទើប​តែ​កើត​មាន​ចំពោះ​ខ្ញុំ​ថ្មី​ៗ ដោយ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បែក​ញើស​ញ័រ​ខ្លួន​ដេក​លែង​លក់​ទល់​ភ្លឺ។ ខ្ញុំ​បាទ​ឈ្មោះ ធី បុគ្គលិក​ស្ថាប័ន​រដ្ឋ​មួយ​រូប។ ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ដែល​ជា​អ្នក​សិល្បៈ ពួក​យើង​ទើប​បាន​ទាក់​ទង​គ្នា​ប្រមាណ​ជាង​១​ឆ្នាំ​ចុង​ក្រោយ។

រូប​តំណាង

នៅ​អំឡុង​ពេល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ច្បាស់​ណាស់​មាន​ទាំង​ប្រៃ​ផង ល្វីង​ផង ផ្អែម​ផង។ ប៉ុន្តែ​ទំនាក់ទំនង​ជាមួយ​តារា ដែល​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ឆើត​ខុស​ពី​ផ្កា​នានា មិន​មែន​ជា​រឿង​ស្រួល​ប៉ុន្មាន​ទេ។ ពេល​ខ្លះ ខ្ញុំ​ដឹង​ច្បាស់​ថា នាង​ទៅ​ជួប​អ្នក​ណា ធ្វើ​អី ក៏​ខ្ញុំ​ដឹង ប៉ុន្តែ​ខ្ញុំ នៅ​តែ​ប្រឹង​ធ្វើ​គ​ធ្វើ​ថ្លង់​។ និយាយ​នេះ​មិន​មែន​កំពុង​ប្រឌិត​រឿង​តាម​បទ "សង្សារ​តារា" របស់​លោក ឆាយ វីរៈ​យុទ្ធ ទេ។

ប៉ុន្តែ​ក៏​ព្រោះ​តែ​ទំនាក់ទំនង​មួយ​នេះ វា​កើត​ចេញ​ពី​ការ​អាណិត មុន​ការ​ស្រឡាញ់ ព្រោះ​ថា​សង្សារ​ខ្ញុំ​នាង​មាន​ប្រវត្តិ​កម្សត់​ខ្លាំង កំព្រីកំព្រា​គ្មាន​សាច់​ញាតិ​ឡើយ។ ដូច្នោះ​ហើយ បើ​ទោះ​នាង​ខុស ឬ​ត្រូវ​ក៏​ដោយ ខ្ញុំ​តែង​ជា​អ្នក​អនុគ្រោះ​ឲ្យ​នាង​ជា​និច្ច សុខ​ចិត្ត​ធ្វើ​ជា​ទីប្រឹក្សា​នាង​ពេល​នាង​មាន​បញ្ហា ឬ​ក៏​ហោច​ណាស់ ក៏​ធ្វើ​ជា​កន្លែង​ចាក់​ចោល​ទុក្ខ​សោក​របស់​នាង​ដែរ ដោយ​ពេល​ខ្លះ​សុខ​ចិត្ត​​គេង​ស្ដាប់​នាង​រៀបរាប់ រឿង​រ៉ាវ​នាង​ផ្សេង​ៗ​ពី​មុន​បាន​ជួប​ខ្ញុំ​ជា​ដើម ដើម្បី​ឲ្យ​នាង​បាន​ធូរ​ស្បើយ​ក្នុង​ទ្រូង​ខ្លះ។

ទំនាក់ទំនង​ដែល​មិន​ទាន់​បាន​រលូន​ផង ស្រាប់​តែ​រឿង​តក់ស្លុត ក៏​បាន​កើត​ឡើង សង្សារ​របស់​ខ្ញុំ​បាន​ជួប​គ្រោះ​រហូត​ដល់​ស្លាប់ ដោយ​មិន​បាន​ពោល​ពាក្យ​លា​គ្នា ឬ​ក៏​សុំ​អភ័យ​ទោស​គ្នា​អី​មួយ​ម៉ាត់​ឡើយ។ វេលា​ដែល​នាង​មាន​គ្រោះ គឺ​វេលា​ដែល​ខ្ញុំ​ កំពុង​ជាប់​បេសកកម្ម​ទៅ​បរទេស​រយៈ​ពេល​២​សប្ដាហ៍។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ត្រឹម​ទួញ​សោក​ពី​ចម្ងាយ និង​បួង​សួង​ជូន​ដំណើរ​នាង​ទៅ​កាន់​ឋាន​សុខ សូម​កុំ​អោយ​មាន​ឆាក​ជីវិត​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត។

ខ្ញុំ​ភ្លេច​ប្រាប់​រឿង​មួយ អំឡុង​ពេល​ដែល​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នាង ខ្ញុំ​ក៏​មាន​សង្សារ​ម្នាក់​ទៀត​ជា​បុគ្គល​ធម្មតា​ដែរ ហើយ​នេះ​អាច​និយាយ​ថា​ជា​ស្នេហា​ពិត​ក៏​បាន ខណៈ​ទំនាក់ទំនង​ខ្ញុំ​ជាមួយ​តារា​ស្រី​ខាង​លើ វា​ដូច​ជា​ទីប្រឹក្សា​ស្នេហា​មួយ ដូច​ដែល​បាន​ប្រាប់​ពី​ខាង​លើ។

នៅ​យប់​មួយ ម៉ោង​ប្រហែល​ជា ១១​យប់​ទៅ​ហើយ ខ្ញុំ​ទទួល​បាន ឆាត ពី​សង្សារ​ខ្ញុំ​ឈ្មោះ មីគី(ឈ្មោះ​ប្រឌិត)។ នាង​សួរ​ផ្ញើ​សារ​មក នាង​សួរ​ថា "នឹក​ខ្ញុំ​ទេ?” ខ្ញុំ​ឆ្លើយ​ថា "នឹក" នាង​ផ្ញើ​មក​ទៀត​ថា "ខាន​ជួប​គ្នា​យូរ​ហើយ ដឹង​ទេ​ថា ខ្ញុំ​នឹក​បង​ណាស់"។ ខ្ញុំ​ក៏​ឆ្លើយ​ទៀត​ថា "នឹក​អូន​ដូច​គ្នា"។

បន្ត​មក នាង​ក៏​ឆាត​មក​ទៀត "ដឹង​ទេ​ថា​ខ្ញុំ​ជា​នរណា?” ខ្ញុំ​ក៏​តប​វិញ​ថា "មីគី...អូន​ឯង​លេង​អី?"។ "ខាន​ជួប​បង​យូរ បង​នៅ​តែ​ដដែល...សុំ​ទោស​ដែល​មិន​បាន​ល្អ​ដាក់​ពី​មុន...អរគុណ​ដែល​បាន​កំដរ"។ "មីគី អូន​ឯង​ធ្វើ​អី? ខ្ញុំ​សួរ​ទៅ​វិញ​ដោយ​ការ​ងឿង​ឆ្ងល់។

សារ​នាង​ក៏​បន្ត​មក​ទៀត "សង្ឃឹម​ថា​គេ​នោះ មិន​ដូច​ខ្ញុំ ធ្វើ​បាប និង​កុហក​បង សុំ​​ទោស...សុំ​ទោស...សុំ​ទោស...លា​ហើយ!។ តាម​ពិត ខ្ញុំ​ចាប់​ផ្ដើម​សង្ស័យ​ តាំង​ពី​សារ​នាង​ថា "ខាន​ជួប​គ្នា​យូរ" ម្ល៉េះ ព្រោះ​ខ្ញុំ និង​សង្សារ​ទើប​តែ​ជួប​គ្នា​ម្សិល​មិញ​ទេ។ លុះ​មក​ដល់​សារ​ចុង​ក្រោយ​នេះ ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា នាង​ជា​នរណា...ហើយ​ក៏​ចាប់​ផ្ដើម​បែក​ញើស​ជោគ​ខ្លួន។ "បើ​សិន​ជា​អ្នក សូម​ទៅ​កាន់​ទី​សុខ ខ្ញុំ​អហោសិកម្ម​ឲ្យ​គ្រប់​យ៉ាង សូម​បាន​ក្ដី​សុខ“ ខ្ញុំ​ប្រមូល​ស្មារតី​ប្រឹង​បន្ត​សារ​ទៅ​នាង។

ដើម្បី​កាន់​តែ​ច្បាស់ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​សង្សារ​ខ្ញុំ​ភ្លាម​ៗ សួរ​ពី​រឿង​ដែល​កើត​ឡើង។ សង្សារ​ខ្ញុំ​ប្រាប់​ថា នាង​គេ​លក់​តាំង​ម៉ោង​ខ្ទង់​៩ ម្ល៉េះ មិន​ដឹង​រឿង​ទេ។ ខ្ញុំ​ក៏​ឲ្យ​នាង​បើក​មើល​ឆាត​របស់​នាង...ព្រះ​អើយ...នៅ​ក្នុង​ឆាត​នាង មាន​តែ​សារ​របស់​ខ្ញុំ​និយាយ​តែ​ម្នាក់​ឯង មិន​មាន​សារ​នាង​ទេ ខុស​ពី​សារ​ក្នុង​ឆាត​របស់​ខ្ញុំ​មាន សារ​ឆ្លើយឆ្លង​គួរ​ឲ្យ​ព្រឺ​ក្បាល។

នៅ​យប់​នោះ រហូត​ទល់​ភ្លឺ​ខ្ញុំ​គេ​មិន​លក់​សូម្បី​១​នាទី ព្រោះ​ហេតុការណ៍​វា​ដូច​ជា​ស្រស់​ៗ​ពេក ភ័យ​ឡើង​បែក​ញើស​ជោគ​ខ្លួន ធ្វើ​ចិត្ត​យ៉ាង​ណា ក៏​ធ្មេច​មិន​លក់...សូម​ទៅ​ឲ្យ​បាន​សុខ​ចុះ នារី​កម្សត់ ខ្ញុំ​អហោសិកម្ម​ឲ្យ​គ្រប់​យ៉ាង...!

សារ​មួយ​ខាង​ក្រោម​នេះ ជា​សារ​នៅ​ក្នុង​ឆាត​ទូរសព្ទ​សង្សារ​ខ្ញុំ ដែល​ខ្ញុំ​ស្នើ​ឲ្យ​នាង​ថត​ផ្ញើ​មក​ឲ្យ បង្ហាញ​ថា ខ្ញុំ​ឆាត​តែ​ម្នាក់​ឯង។

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម