ស្វែងយល់ពី Saenchai និង Saensatharn ម្នាក់ណាស័ក្ដិសមនឹង សោភ័ណ្ឌ?
- 2018-07-24 05:09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពី Saenchai និង Saensatharn ម្នាក់ណាស័ក្ដិសមនឹង សោភ័ណ្ឌ?
ចន្លោះមិនឃើញ
កាលពីម្សិលមិញ លោក ស.ដានឆ័យ អ្នកដឹកនាំកីឡាករថៃមកប្រកួតនៅកម្ពុជាបានប្រាប់ MSR Sport អំពីគម្រោងនាំយកជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ ទៅវ៉ៃ ក្នុងកម្មវិធី Thai Fight នៅទឹកដីថៃថ្ងៃទី២៥ សីហា ២០១៨ខាងមុខនេះដែលអាចជួបខ្លាចាស់កំពូលល្បិចថៃ សែនឆ័យ (Saenchai) ប៉ុន្តែ រឿង សោភ័ណ្ឌ បានប្រាប់ថា បើអាចចង់ជួប សែនស្ថាន (Saensatharn)ជាង។
កីឡាករថៃទាំងពីរនាក់នេះសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីដូចគ្នា និងជាជើងខ្លាំងលំដាប់ A របស់ប្រទេសថៃ។ ថ្ងៃនេះ Sabay លើកយកពីប្រវត្តិរបស់កីឡាករទាំងពីរឲ្យប្រិយមិត្តអ្នកទស្សនាយល់ឲ្យបានច្បាស់ថា តើម្នាក់ណាដែលស័ក្ដិសមជាដៃគូរបស់កំពូលអ្នកលេងគុនខ្មែរ រឿង សោភ័ណ្ឌ។
ខ្លាចាស់ Saenchai
-អាយុ៣៧ឆ្នាំ កម្ពស់ ១.៦៨ម៉ែត្រ ទម្ងន់៦១គីឡូក្រាម។ -ចាប់ផ្តើមប្រដាល់៖ ចាប់ប្រដាល់តាំងពីឆ្នាំ១៩៨៨ដែលរហូតដល់ពេលនេះមានរយៈ២៨ឆ្នាំហើយ និងគ្រងខ្សែក្រវាត់ជាច្រើនស្ថាប័នលំដាប់ជាតិ អន្តរជាតិ។ ប្រហែលជាជិត៤០ប្រកួតចុងក្រោយ រូបគេឈ្នះរហូតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មក។ -ស្ថិតប្រកួត៖ ប្រកួតសរុប៣៣១ដង ឈ្នះ២៨៥ដង (ឈ្នះសន្លប់៣៥ដង) ចាញ់៤១ និងស្មើ៥ដង។ -ចំណុចខ្លាំង៖ បំឡាស់ទីលឿន និងចេញស្នៀតរហ័សប្រកបដោយបច្ចេកទេសពិតៗ។ -ចំណុចខ្សោយ៖ វ័យកាន់តែចាស់ កម្លាំងចុះខ្សោយ វ៉ៃពឹងផ្អែកលើបច្ចេកទេសទាំងស្រុង។ -ក្បាច់ពិសេស៖ ផ្តួលខ្លួនទាត់ផ្កាប់ចាន។
ជើងខ្លាំង Saensatharn
-អាយុ២៤ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ទម្ងន់ ៧៩គីឡូក្រាម -ចាប់ផ្ដើមប្រដាល់៖ ចាប់ប្រដាល់តាំងពីក្មេងតូច ដោយសារកាយសម្បទា និងកម្ពស់ខ្ពស់ធ្វើឲ្យក្លាយជាជើងខ្លាំងរហូតឈ្នះខ្សែក្រវាត់កម្រិតជាតិ និងអន្តរជាតិជាច្រើនក្លាយជាកីឡាករលំដាប់ A នៅថៃទាំងវ័យក្មេង។ -ស្ថិតប្រកួត៖ ឈ្នះ១៣០ដង ចាញ់២៩ដង និងស្មើ៥ដង។ -ចំណុចខ្លាំង៖ កម្លាំងខ្លាំង និងកម្ពស់ខ្ពស់ជាអំណោយផលល្អសម្រាប់រូបគេ។ -ចំណុចខ្សោយ៖ ចន្លោះប្រហោងផ្ទៃមុខពេលចូលវ៉ៃកៀក។ -ក្បាច់ពិសេស៖ ការវ៉ៃចេញកណ្តាប់ដៃប្រយោល និងចាប់ឡើងជង្គង់ជាអាវុធសម្លាប់គូប្រកួត។
និយាយជារួម ជើងខ្លាំងចាស់វស្សា Saenchai មិនលើសខ្វះគ្នាប៉ុន្មានឡើយជាមួយរឿង សោភ័ណ្ឌ ទាំងទម្ងន់ កម្ពស់ និងកាយសម្បទា។ បើទោះជាគេមានបទពិសោធច្រើន បច្ចេកទេសល្អ ប៉ុន្តែកម្លាំងស៊ុហ្វអាចខ្សោយជាងរឿង សោភ័ណ្ឌ។ ចំណែក Saensatharn កំពុងឡើងជើងខ្លាំងដូចដែល រឿង សោភ័ណ្ឌ កំពុងឡើងជើងសព្វថ្ងៃនេះដែរ។ កីឡាករថៃម្នាក់នេះមានប្រៀបលើកីឡាករកម្ពុជាផ្នែកកាយសម្បទា និងកម្ពស់ ប៉ុន្តែបើនិយាយពីស្នៀតប្រយុទ្ធវិញមិនលើសខ្វះគ្នាប៉ុន្មានឡើយ។