ឡូយ​មែន! ឥឡូវហ្នឹង មាន​កម្មវិធី​ប្រកួត​ជាង​សំណង់​ឈ្នះ​រង្វាន់ ២ លាន ហើយ​បាន​ទៅ​ថៃ​ទៀត

  • 2018-07-25 12:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ផ្នែក​សំ​ណង់​ដំបូង​​គេ​នៅ​កម្ពុជា​ បាន​​ដំណើរ​ការ​ប្រកួត​ជុំ​ទី​១​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន ដោយ​មាន​ជាង​សំណង់ ១៦ នាក់​ចូលរួម។ សម្រាប់​ការ​ប្រកួត​លើក​ទី​មួយ​នេះ កម្មវិធី​បាន​យក​វិញ្ញាសា​បូក​ស៊ីម៉ងត៍ ធ្វើ​ជា​អ្នក​នាំ​មុខ និង​រក​ឃើញ​ជយលាភី​ ដើម្បី​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ។

វិញ្ញាសា​ផ្នែក​បូក​ស៊ីម៉ងត៍​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាង​សំ​ណង់ ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន​ SCG ដែល​ជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។

លោក ពង់​ថា​ណា ដេវីតាយ៉ាផន នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន SCG បាន​មាន​ប្រសាសន៍​ថា៖ "ការ​ប្រកួត​ជាង​សំណង់ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្ដុះ​បណ្ដាល​ជាង​សំណង់ ដែល​យើង​មាន​បំណង​អភិវឌ្ឍ​ជំ​នា​ញ​របស់​ជាង​សំ​ណង់ ហើយ​បង្កើន​ឱកាស​ដល់​ពួកគាត់​ក្នុង​ការ​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើនជាង​មុន។ បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះ​បណ្ដាល​រួចហើយ ជាង​សំណង់​នឹង​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ប្រកួត​។ នេះ​ជា​ឱកាស​ដែល​ពួកគាត់​អាច​បង្ហាញ​ពី​ជំ​នា​ញ និង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ម្ចាស់​លំនៅឋាន និង​ក្រុមហ៊ុន​អចលនទ្រព្យ​នា​នា​បាន​ឃើញ។ ទន្ទឹម​នឹង​នេះ ជាង​សំណង់​នឹង​មានឈ្មោះ​បោះ​សំឡេង ដែល​ធ្វើ​ឲ្យ​គេ​ទទួល​បាន​ការងារ​កាន់​តែ​ច្រើន​ថែម​ទៀត។

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ខេត្ត​សម្រាប់​ផ្នែក​បូក​ស៊ីម៉ងត៍​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ទី​រួម​ខេត្ត​សំ​ខាន់ៗ​ក្នុង​ប្រទេស ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខ។ ជយលាភី​ពី​វគ្គ​ជម្រុះ​​តាម​ខេត្ត នឹង​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៅ​រាជធានី​ភ្នំពេញ​នា​ចុង​ឆ្នាំ។

អ្នក​ចូល​រួម​នឹង​ប្រើប្រាស់​ផលិតផល​មាន​គុណភាព​ខ្ពស់ គឺ​ស៊ីម៉ងត៍ K-Cement សម្រាប់​ការ​ប្រកួត​ផ្នែក​បូក ហើយ​ប្រើប្រាស់​ក្បឿង SCG ដើម្បី​ប្រកួត​ប្រក់​ដំបូល។ បេក្ខជន​ដែល​ចូលរួម​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពី​កម្មវិធី​បណ្ដុះ​បណ្ដាល ហើយ​ជយលាភី​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់ ២ លាន​រៀល និង​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​អប់​រំ​ទៅ​​ប្រទេស​ថៃ។

កម្មវិធី​ខាង​លើ​នេះ បង្កើត​ឡើង​​ក្នុង​គោល​បំណង​អភិវឌ្ឍ​ជំ​នា​ញ​របស់​ជាង​សំ​ណង់ លើកកម្ពស់​គុណភាព​សំណង់ និង​អភិវឌ្ឍ​ឧស្សាហកម្ម​សំណង់។ គម្រោង​នេះ​នឹង​ជួយ​ឲ្យ​ម្ចាស់​លំនៅឋាន ឬ​ក្រុមហ៊ុន​អភិ​វ​ឌ្ឍ​អចលន​ទ្រ​ព្យ​មាន​ល​ទ្ធ​ភាព កាន់តែ​ទូ​លំ​ទូលាយ​ក្នុង​ការ​ស្វែង​រក​ជាង​សំ​ណង់​ជំ​នា​ញ​ដែល​ត្រឹមត្រូវ​សម្រាប់​គ​ម្រោ​ង​របស់​ខ្លួន ហើយ​ទ​ន្ទឹ​ម​នឹង​នេះ​ក៏​នឹង​ជួយ​បង្កើន​ប្រាក់​ឈ្នួល​ដល់​ជាង​សំ​ណង់​ខ្លួនឯង​ដែរ។

ក្រុមហ៊ុន​ SCG បាន​ចាប់​ផ្ដើម​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជាង​សំ​ណង់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ដោយ​សហការ​ជា​មួយ​​​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​​អភិវឌ្ឍន៍​មុខ​ជំ​នា​ញ កម្ពុជា-ថៃ (CTSDI) ដើម្បី​រៀបចំ​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​​ផលិតផល និង​សម្ភារ​សំណង់​ទំនើប​ថ្មីៗ​។

កម្មវិធី​បណ្ដុះបណ្ដាល​នេះ បើក​ទ្វារ​សម្រាប់​ជាង​សំណង់​ដែល​ចាប់​អារម្មណ៍​​ទាំង​អស់​អាច​ដាក់ពាក្យ​​បាន​ដោយ​ទាក់ទង​ទៅ​កាន់​លេខ ០៩៥-៩៩៩-៥០០ ឬ​តាម​រយៈ​ទំព័រ​ Facebook របស់ SCG ដោយ​ពុំ​បាច់​បង់ថ្លៃ​ឈ្នួល​បណ្ដុះបណ្ដាល ឬ​ថ្លៃ​ឈ្នួល​ដាក់​ពាក្យ​ឡើយ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម