អបអរសាទរ! បុរសខ្មែរ ឈ្នះពានរង្វាន់ណូបែលទ្វីបអាស៊ី

  • 2018-07-28 02:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) បាន​ឈ្នះ​ពាន​រង្វាន់ Ramon Magsaysay លើកទី៦០ ដែល​ជា​ពាន​រង្វាន់​ដ៏ធំ​​មួយ​ប្រចាំតំបន់ ប្រៀបដូច​ពាន​រង្វាន់​ណូបែល (Nobel)​ ប្រចាំទ្វីបអាស៊ី។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

លោក​គឺ​ជា​អ្នក​ឈ្នះ​មួយរូប ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង ៦រូប នៅក្នុងឆ្នាំ២០១៨ នេះ។ អ្នកឈ្នះ ៥រូបផ្សេងទៀត រួមមានលោក Dee Howard (ហ្វីលីពីន) លោកស្រី Cruz Maria de Lourdes Martins (ទីម័រ) លោក Vatwani Bharat (ឥណ្ឌា) លោកស្រី Vo Thi Hoang Yen (វៀតណាម) និងលោក Wangchuk Sonam (ឥណ្ឌា)។ ពិធី​ប្រគល់​ពាន​រង្វាន់ ដល់​អ្នក​ឈ្នះ​ទាំង ៦រូប នឹង​ធ្វើ​ឡើង​នៅ​ទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០១៨។

គេហទំព័រ​ផ្លូវការ​បស់​ពាន​រង្វាន់​ Ramon Magsaysay បាន​បញ្ជាក់ថា ​លោកឆាំង យុ បាន​ឈ្នះ​ពាន​រង្វាន់​នេះ ដោយសារ​តែ​លោក​បាន​​រួមចំណែករក្សា​ការ​ចងចាំ​ជា​ប្រវត្តិសាស្រ្ដ សម្រាប់ការផ្សះផ្សា និងភាពយុត្តធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ឆាំង យុ អាយុ ៥៧ឆ្នាំ គឺ​ជា​ជន​រង​គ្រោះ​មួយ​រូប​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​បាន​ភៀស​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ទសវត្សរ៍ ១៩៩០ ហើយ​បាន​ដឹកនាំ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ១៩៩៥ មក។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ជា​កន្លែង​​ប្រមូល​ព័ត៌មានដើម្បី​ស្វែង​រក​ភាព​យុត្តិធម៌ដល់​ជនរងគ្រោះ​ក្នុង​របបខ្មែរក្រហម។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

សូមបញ្ជាក់ថា ពាន​រង្វាន់ Ramon Magsaysay ត្រូវ​បាន​​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥៧ ​ដើម្បី​ជា​ការ​រំឭក​ដល់​ការ​ដឹក​នាំ​របស់​ប្រធានាធិបតី​ទី៧​ របស់​ហ្វីលីពីន Ramon Magsaysay ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កាលពីឆ្នាំ​១៩៥៧៕

ប្រភព៖ Kley Kley   អត្ថបទ៖ សុខ សុវត្ថិ