“Mission: Impossible – Fallout” ជួយ​ Henry Cavill កាន់​តែ​ល្បី​ខ្លាំង​នៅ​ហូលីវូដ​មួយ​កម្រិត​ទៀត

  • 2018-08-08 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សញ្ជាតិ​អង់គ្លេស​ Henry Cavill ឆ្លង​កាត់​ការ​តស៊ូ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ភាពយន្ត​ ទម្រាំ​មាន​ឱកាស​សម្ដែង​ជា​តួអង្គ​ Superman​ នៅ​ក្នុង​រឿង "Man of Steel” កាល​ពី​ឆ្នាំ ២០១៣។ មុន​នឹង​បាន​សម្ដែង​តួអង្គ​នេះ Henry ឆ្លង​កាត់​ការ​ហាត់​យក​សាច់​ដុំ​យ៉ាង​លំបាក​ ប៉ុន្តែ​ការ​សម្ដែង​ជា​​ Superman របស់​លោក​ក៏​មិន​សូវ​ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ហូលីវូដ​​ខ្លាំង​នៅ​ឡើយ​ ព្រោះ​តែ​បណ្ដា​ភាពយន្ត​របស់ DC ទាំង​នោះ​មិន​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​។ ថ្មីៗ​នេះ Henry បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ "Mission: Impossible – Fallout” ដោយ​សម្ដែង​ជា​តួអង្គ​សំខាន់​មួយ ដែល​តួអង្គ​នេះ​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​បណ្ដា​អ្នក​ស្រលាញ់​វិស័យ​ភាពយន្ត។

Henry Cavill សម្ដែង​ជាតួអង្គ​ Superman

**នេះ​ជា​បណ្ដា​រឿង​រ៉ាវ​ខ្លះ​ៗ​របស់​ Henry ចាប់​ពី​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ៖**

ចាប់​ផ្ដើម​បាន​៥​ឆ្នាំ​ប៉ុន្តែ​នៅ​តែ​មិន​សូវ​មាន​អ្នក​ស្គាល់

Henry កើត​នៅ​​ទីក្រុង Jersey ចក្រភព​អង់គ្លេស​ ដែល​មាន​បងប្អូន​ប្រុស​ចំនួន​៤​នាក់ ហើយឪពុក​ម្ដាយ​លោក​ជា​អ្នក​ធ្វើ​ការ​ធនាគារ​។ កុមារភាព​របស់​លោក​គឺ​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ដោយ​សារ​តែ​លោក​មាន​រូបរាង​ធាត់ និង​ចូលចិត្ត​តែ​អាន​សៀវភៅ។ ពេល​ខ្លះ​ Henry ត្រូវ​គេ​ធ្វើ​បាប​នៅ​សាលា​ដោយ​ ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​លោក​ថា "Fatty Caviar”។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពេល​មក​ដល់​វ័យ​ជំទង់​តារា​រូប​នេះ​មាន​បញ្ហា​ជង្គង់​ឈឺចាប់ ធ្វើ​ឲ្យ​លោក​មិន​អាច​លេង​កីឡា​ផ្សេងៗ​បាន។ ដូច្នេះ​​ទើប​​លោក​ចំណាយ​ពេល​នៅ​តែ​ឯង​ច្រើន​ និង​ជួន​កាល​មាន​អាការៈ​បាក់​ទឹក​ចិត្ត។ ទោះ​បី​ជា​គ្រួសារ​លោក​មិន​មាន​អ្នក​ណា​មាន​និស្ស័យ​ក្នុង​វិស័យ​សិល្បៈ Henry តែង​តែ​ចាប់​អារម្មណ៍​នឹង​ការ​សម្ដែង​ ដោយ​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​រឿង​ល្ខោន​របស់​សាលា​តាំង​ពី​នៅ​វ័យ​ក្មេង។ លោក​ធ្លាប់​បញ្ជាក់​កាល​ពី​វ័យ​ក្មេង​ថា បើ​សិន​ជា​លោក​មិន​អាច​ក្លាយ​ជា​តារា​សម្ដែង​បាន លោក​នឹង​ចូល​បម្រើ​កង​ទ័ព​ឬ​ទៅ​ប្រទេស​អេហ្សីប​ដើម្បី​សិក្សា​ប្រវត្តិសាស្ត្រ​បុរាណ។

តារា​រូប​នេះ​ទទួល​បាន​ឱកាស​ក្នុង​ការ​សម្ដែង​ពេល​លោក​មាន​វ័យ​១៧​ឆ្នាំ ដោយ​បាន​ជួប​ជាមួយ​តារា​សម្ដែង​ល្បី​ឈ្មោះ Russell Crowe។ ខណៈ​ពេល​នោះ​លោក Russell បាន​ទៅ​សាលា​រៀន​របស់​ Henry ដើម្បី​ថត​រឿង "Proof of Life” ហើយ​ពេល​នោះ តារា​ជើង​ចាស់​រូប​នេះ​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ដល់​ Henry ចំពោះ​បញ្ហា​ផ្សេងៗ​ជុំ​វិញ​អាជីព​ជា​អ្នក​សម្ដែង។

តួអង្គ Charles Bradon ក្នុង​រឿង "The Tudors"

ក្រោយ​មក​ Henry ក៏​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​យ៉ាង​ពេញ​ទី រហូត​មាន​ឱកាស​សម្ដែង​ជាមួយ​លោក Russell Crowe តែ​ម្ដង​ក្នុង​រឿង "Man of Steel” កាល​ពី​ឆ្នាំ​ ២០១៣។ នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ដោយ​លោក​បាន​ចាប់​ផ្ដើម​ក្នុង​អាជីព​នេះ​តាំង​ពី​ឆ្នាំ ២០០២។ តួអង្គ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ច្រើន​គឺ​តួអង្គ​ Duke of Suffolk ឈ្មោះ Charles Brandon ក្នុង​​រឿង​ភាគ "The Tudors” បញ្ចាំង​ឆ្នាំ ២០០៧​ ដល់ ២០១០។​ ដូច្នេះ​គឺ​លោក​ចំណាយ​ពេល​អស់​រយៈ​ពេល​​ ៥​ឆ្នាំ​តាំង​ពី ២០០២ ដល់​ ២០០៧ ជា​តារា​សម្ដែង​មិន​សូវ​មាន​អ្នក​ស្គាល់។

លោក​ជា​តារា​សម្ដែង​ដែល​មិន​សូវ​លេច​ធ្លោ​នៅ​ហូលីវូដ

ទោះ​ជា​ល្បី​ឈ្មោះ​នៅ​ក្នុង​រឿង​ភាគ​នេះ​ក៏​ដោយ Henry មិន​សូវ​ជា​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​សម្ដែង​រឿង​ខ្នាត​ធំ​ប៉ុន្មាន​នោះ​ឡើយ។ ជាមួយ​រូបរាង​ស្រស់​សង្ហា​ដូច្នេះ​ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា Henry Cavil មិន​មាន​សំណាង​ល្អ​ក្នុង​អាជីព​ជា​តារា​សម្ដែង​ទាល់​តែ​សោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​បាត់​បង់​ឱកាស​ជា​ច្រើន​ក្នុង​ការ​សម្ដែង​ជា​តួអង្គ​ល្បីៗ តួ​យ៉ាង​លោក​បាន​ត្រូវ​គេ​ជ្រើស​រើស​ឲ្យ​សម្ដែង​ជា​តួអង្គ Superman កាល​ពី​ឆ្នាំ ២០០៤​ ក្នុង​រឿង "Superman Return” បញ្ចេញ​ឆ្នាំ ២០០៦​ ប៉ុន្តែ​លោក​ត្រូវ​បាន​ជំនួស​ដោយ​តារា​សម្ដែង Brandon Routh។ ក្រោយ​មក​លោក​ក៏​បាត់​បង់​​ឱកាស​សម្ដែង​ជា​តួអង្គ ០០៧ ក្នុង​រឿង "Casino Royale” ជំនួស​ដោយ​តារា​សម្ដែង Daniel Craig។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​បាត់បង់​ឱកាស​សម្ដែង​ក្នុង​រឿង "Harry Potter” និង "Twilight” ទៀត​ផង។

“Mission: Impoossible – Fallout” ធ្វើ​ឲ្យ​ Henry Cavill មាន​ភាព​ល្បីល្បាញ​​ខ្លាំង​ជាង​មុន

បន្ទាប់​ពី​សម្ដែង​ជា​តួអង្គ​ស៊ើប​អង្កេត​ក្នុង​រឿង "The Man from UNCLE” ឆ្នាំ ២០១៥ តារា​រូប​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​សម្ដែង​ជា​តួអង្គ​ក្នុង​រឿង​ប្រភេទ​នេះ​បាន​ល្អ​ រហូត​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​សម្ដែង​ក្នុង​រឿង "MI6”។ ជាមួយ​នឹង​រូបរាង​សង្ហារ​និង​មុខមាត់​ដ៏​ស្រស់​ស្អាត Henry បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ឈ្លក់​វង្វេង​ និង​ចាប់​អារម្មណ៍​ចំពោះ​ការ​សម្ដែង​របស់​លោក​ជា​ខ្លាំង។

ឈុតឆាក​ក្នុង​រឿង "The Man from UNCLE"

ទស្សនាវដ្ដី Entertainment Weekly បាន​និយាយ​ថា "Mission: Impossible – Fallout” បាន​បើក​ឱកាស​ឲ្យ​ Henry គេច​ផុត​ពី​ការ​ជាប់​អន្ទាក់​ក្នុង​ការ​សម្ដែង​ជា​តួអង្គ Superman ឲ្យ​បាន​ក្លាយ​ជា​តារា​លំដាប់​កំពូល​ក្នុង​ហូលីវូដ។ សូម្បី​តែ Henry ផ្ទាល់​ខ្លួន​ក៏​ទទួល​ស្គាល់​ថា​ តួអង្គ​នេះ​បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​ច្រើន​ដូច​គ្នា។ ដូច្នេះ​ថា​មិន​ត្រូវ​លើក​នេះ​លោក​នឹង​មាន​ឱកាស​សម្ដែង​ជា​តួអង្គ​សំខាន់​ក្នុង​សេរី​​រឿង ០០៧​ ជំនាន់​ថ្មី និង​រឿង​ហូលីវូដ​លំដាប់​កំពូល​ជា​ច្រើន​ទៀត៕

​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម