មក​ដឹង​នីតិវិធី​ ចូលរួម​មូលនិធិ​ជួយ​ព្យាបាល​រតនា គ្រូ​បង្វឹក​ឆ្កែ​នៅខ្មែរ ល្បី​លំដាប់​អន្តរជាតិ

  • 2018-09-19 03:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មី​ម្ដង​ទៀត មូលនិធិ​ជួយ​ព្យាបាល​រតនា បញ្ជាក់​អំពី​យន្ត​ការ ​នៃ​ការ​ប្រមូល​ថវិកា​ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​នៃ​ការ​ព្យាបាល គ្រូ​បង្វឹក​ឆ្កែ​របស់កម្ពុជា ល្បី​លំដាប់​អន្តរជាតិ ដែល​មូលនិធិ​រំពឹង​ថា​នឹង​ប្រមូល​បាន​រហូត​ដល់ ១ម៉ឺន​៥ពាន់​ដុល្លារ។

តើ​ត្រូវ​ដូច​ម្ដេច​ដើម្បី​សម្រេច​គោលដៅ និង​ការ​ផ្ទេរ​លុយ​ដោយ​វិធី​ណា​ ដើម្បី​បាន​ដល់​មូលនិធិ​ឆាប់​រហ័ស? ងាយ​ៗ ប្រិយ​មិត្ត​មាន​​​គណនី​វីង​ផ្ទាល់​ខ្លួន ហើយ​បញ្ចូល​លុយ​​ទៅ​ក្នុង​គណនី​ រួច​វេរ​លុយ​ទៅ​កាន់​គណនី Hin Rattana 00543601 គឺជា​ការ​ស្រេច។

ចំពោះ​សំណួរ​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​សម្រេច​បាន​ដល់​គោល​ដៅ ១ម៉ឺន​៥ពាន់​ដុល្លារ ដែល​មូលនិធិ​ចង់​បាន​នោះ គឺ​អាស្រ័យ​លើ​កម្លាំង​មហាជន​ចូលរួមជាធំ។ ត្រង់ចំណុចនេះ តួលេខនៃយុទ្ធនាការ (#ស៊ូស៊ូsusu) គឺចង់ឲ្យខាងមហាជនជួយវិភាគទានឲ្យបាន ៥ពាន់ ដុល្លារ ហើយសល់ ១ម៉ឺនដុល្លារទៀត ជាបន្ទុករបស់ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។ ឧទាហរណ៍ថា បើសិនជា អ្នកចូលរួមវិភាគទាន ១ដុល្លារ នោះក្រុមហ៊ុន Sabay ក៏ចូល ១ដុល្លារ ហើយខាង ធនាគារ ព្រីនស៍ ក៏បរិច្ចាគ ១ដុល្លារ ដូចគ្នា។ ដូច្នេះ ក្រុមគ្រួសារជនរងគ្រោះ (ហ៊ិន រតនា) ទទួលបាន ៣ដុល្លារ។

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sabay បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ប្រកាស​បើក​មូលនិធិ​ជួយ​ព្យាបាល​រតនា​ កាល​ពី​ថ្ងៃ​ទី ១៧ កញ្ញា កន្លង​ទៅ​នេះ​ថា "ក្រុម​ហ៊ុន​ Sabay និង​ធនាគារ​ព្រីនស៍​ បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ជួយ​លោក​រតនា ប៉ុន្តែ​ក្នុង​ការ​ចូលរួម​មូលនិធិ​នេះ ​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​កម្លាំង​មហាជន​ទូទៅ​ ដែល​មហាជន​បរិច្ចាគ​ ១ដុល្លារ ក្រុម​ហ៊ុន Sabay ដាក់​១ដុល្លារ និង ធនាគារ​ព្រីនស៍​ដាក់​១ដុល្លារ​ដែរ ហើយ​ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ​នឹង​មាន​សប្បុរសជន​ច្រើន​ដែល​អាច​ចូលរួម​បរិច្ចាគ​ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ទៅ​តាម​លទ្ធភាព​ដែល​អាច​ចូលរួម​បាន រាល់​១ដុល្លារ​ហ្នឹង​នឹង​បាន​៣ដុល្លារ​បាន​ជួយ​គ្រួសារ​រតនា"។

សូមចុចអាន៖ យុទ្ធនាការ​ធំ​មួយ​ ប្រកាស​រក​មូលនិធិ​ជួយ​ព្យាបាល​គ្រូ​បង្វឹក​ឆ្កែ​ខ្មែរ ល្បី​ពេញ​ពិភពលោក

មូលនិធិ​ជួយ​ព្យាបាល​រតនា​គឺជា​គំនិត​ផ្ដួចផ្ដើម​ឡើង​ដោយ​ ក្រុម​ហ៊ុន Sabay និង​ការ​ចូលរួម​ពី​ធនាគារ​ព្រីនស៍ ដែល​ប្រកាស​ចាប់​ផ្ដើម​ទទួល​មូលនិធិ​កាល​ពី​ថ្ងៃ​ទី ១៧ ខែកញ្ញា កន្លង​ទៅ​នេះ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ជី សិលា នាយក​ប្រតិបត្តិក្រុមហ៊ុន Sabay បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​មូលនិធិ​ជួយ​ព្យាបាល​ជំងឺ​ លោក​ហ៊ិន រតនា គ្រូ​បង្វឹក​ឆ្កែ​ល្បី​ពេញ​ពិភពលោក​ គឺ​ Sabay ចង់​ចូលរួម​ការងារ​សង្គម​ផង និង​ចង់​ផ្លាស់​ប្ដូរ​ការ​គិត​ពី​អវិជ្ជមាន​មក​ជា​វិជ្ជមាន បែប​ប្រមូល​ជា​កម្លាំង​ទាំង​អស់​គ្នា​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​ ឬ​ប្រជាជន​ខ្មែរ​​ម្នាក់​ដែល​ជា​ប្រជាជន​គំរូ។ “យើង​ដឹង​ហើយ​ថា លោក​រតនា​ជា​មនុស្ស​ល្អ ប្ដី​ល្អ ឪពុក​ល្អ ហើយ​ក៏​ជា​ពលរដ្ឋ​ល្អ ដែល​បាន​ចូលរួម​ជួយ​សង្គម"៕

សូមចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍មួយ៖ ព្យាបាល​អស់​ប្រាក់​ជិត ៧ម៉ឺន​ដុល្លារ​ហើយ តែ​ស្ថានភាព​លោក​គ្រូ​បង្វឹក​ឆ្កែ​កម្ពុជា​​ល្បី​ពេញ​ពិភពលោក​ នៅតែ​ធ្ងន់

សូមចុចអាន៖ ស្ថានភាព​របួស​ គ្រូបង្វឹកឆ្កែដ៏ល្បី ធូរ​ស្រាល​បន្តិច​ហើយ ក្រោយព្យាបាលអស់យ៉ាងច្រើន

វីដេអូសន្និសីទ ជុំវិញប្រកាស​បើក​មូលនិធិ ជួយព្យាបាល​រតនា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា