ក្រុមហ៊ុនធំ ៣ ធ្វើការរួមគ្នា ៣ឆ្នាំ ដើម្បីអភិ​វ​ឌ្ឍ​អ្នក​មាន​ទេពកោសល្យ និងឌីជីថលសម្រាប់អនាគត

  • 2018-10-03 06:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ និង​ក្រុមហ៊ុន Smart Axiata បាន​ចុះហត្ថលេខា​លើ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​រយៈពេល​៣ឆ្នាំ ដើម្បី​អភិ​វ​ឌ្ឍ​អ្នក​មាន​ទេពកោសល្យ និង​អ្នកដឹកនាំ​អាជីវកម្ម​ឌីជីថល​ពេលអនាគត​។​

ក្រុមហ៊ុន Smart មាន​បំណង​ធ្វើជា​ដៃគូ​ជាមួយ​ក្រសួង​ទាំងពីរ​ក្នុង​ការ​អភិ​វ​ឌ្ឍ​បុគ្គ​ល​ដែលមាន​ទេពកោសល្យ និង​ប៉ិន​ប្រសព្វ ដែល​ចង់​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ជំរុញ​កំ​ណើ​ន​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​យុ​គស​ម័​យ​ឌីជីថល​ថ្មី​នេះ​។

ជា​ផ្នែក​មួយ​នៃ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​វិនិយោ​គទឹកប្រាក់​ចំ​នួន ១,៥ លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​ចំនួន​ពីរ រួមមាន​កម្មវិធី​អាហារូបករណ៍ SmartEdu និង​កម្មវិធី​អភិ​វ​ឌ្ឍ​និស្សិត​សាល​ក​វិទ្យា​ល័​យ SmartEdu (USDP) ។ មួយ​ផ្នែក​នៃ​ការ​វិនិយោគនេះ​គឺ​បាន​មកពី​វិភាគទាន​របស់​ក្រុមហ៊ុន Smart សម្រាប់​មូល​និធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ន៍ (CBRDF)​។​

ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​មាន​ពន្យល់​ថា​៖ “​ស្របពេល​ដែល​យើង​កំពុងបោះ​ជំ​ហាន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ដំ​ណាក់​កាល​ទី ៤ ដូច​ច្នេះ ផ្នត់​គំនិត និង​ការ​យល់ដឹង​បែប​ឌីជីថល មាន​សារៈ​សំខាន់​ក្នុងការ​អភិ​វ​ឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយទៅជា​ស​ង្គ​ម​ដែល​ផ្អែកលើ​ចំ​ណេះ​ដឹង​។

ក្រុមហ៊ុន Smart នៅតែ​ជា​ដៃគូ​អភិ​វ​ឌ្ឍ​ន៍​ដ៏​រឹងមាំ ដែល​បាន​ដាក់ចេញ​នូ​វ​គំនិត​ផ្តួចផ្តើម​ផ្នែក​អប់​រំ និង​នវានុវត្តន៍​បច្ចេកវិទ្យា​ផ្សេង​ផ្សេងៗ ដូចជា​កម្មវិធី​អាហារូបករណ៍ SmartEdu និង SmartStart Young Innovator Program​។ ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំ​ពោះ​ក្រម​ខ័​ណ្ឌ​កម្មវិធីសិក្សា​ដ៏​ទូ​លំ​ទូលាយ​របស់ USDP ដែល​មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកទឹកចិត្ត​ជំរុញឲ្យមាន “​ការ​រៀនសូត្រ​ដោយ​អនុវត្ត​ជាក់ស្ដែង​” ថែម​ទៀតផង​។​”

និស្សិត​ថ្នាក់បរិ​ញ្ញាប​ត្រ​ចំ​នួន ៣០ នាក់​បាន​និង​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​អាហារូបករណ៍ SmartEdu ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៦ ដោយ​ផ្តោតលើ​សិស្ស​បញ្ចប់​ថ្នាក់​ទី​១២ ដែល​ទួលបាន​ល​ទ្ធ​ផល​សិក្សា​ល្អ ប៉ុន្តែ​ជួប​ការ​លំបាក​ផ្នែក​ហិ​រញ្ញ​វត្ថុ​។ នៅ​ឆ្នាំ​នេះ កម្មវិធី​នេះ​ត្រូវបាន​ពង្រឹ​ង​បន្ថែម តាម​រយៈ​ការបញ្ចូល​កម្មវិធី Discovery Day ដែល​ជា​សិក្ខាសាលា​អភិ​វ​ឌ្ឍ​ន៍​ដែលមាន​រយៈពេល​កន្លះ​ថ្ងៃ​សម្រាប់​សិស្ស​វិទ្យា​ល័​យ និង​កម្មវិធី​ស្វា​គមន៍​និស្សិត​ថ្មី (Induction Camp) សម្រាប់​និស្សិត​អាហារូបករណ៍​ចំ​នួន​២០​នាក់​ដែល​នឹង​ត្រូវ​ជ្រើសរើស​ក្នុង​ឆ្នាំ​នេះ​។​

ឯកឧត្តម​បណ្ឌិត សារ៉ាក់ ខាន់ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍​ទូរ​គមនាគ​មន៍ បាន​មាន​ប្រសាសន៍ថា​៖ “​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​តំណា​ក់​កាលទី ៤ របស់​រាជ​រដ្ឋាភិបាល ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ នឹង​​ពន្លឿន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុងការ​ស្វែង​រក​វិធានការ​ថ្មី ដើម្បី​អភិ​វ​ឌ្ឍ​អ្នក​មាន​ទេពកោសល្យ​ផ្នែក បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរ​គមនាគ​មន៍ នៅ​កម្ពុជា​។ យើង​មាន​ក្តីរំភើប​ដែល​មូល​និ​ធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ន៍ (CBRD) ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ក្រុមហ៊ុន Smart និង​ដៃគូ​របស់ខ្លួន​ដើម្បី​ព​ង្រី​កកម្មវិធី SmartEdu ឲ្យ​មាន​វិសាលភាព​គ្របដណ្តប់​លើ​កម្មវិធី​អភិ​វ​ឌ្ឍ​ន៍​ភាព​ជា​អ្នកដឹកនាំ​ដោយ​ផ្ដោតលើ​ផ្នែក​ឌីជីថល​។​”​

ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ ក្រុមហ៊ុន Smart Axiata ក៏​បាន​សម្ពោធ​ជា​ផ្លូវការ​នូ​វ​កម្មវិធី​អភិ​វ​ឌ្ឍ​និស្សិត​សាកល​វិទ្យា​ល័​យ (USDP) ដែល​យក​លំនាំ​តាម​កម្មវិធី Axiata អ្នក​មាន​ទេពកោសល្យ​វ័យក្មេង (Axiata Young Talent Program) ដ៏​មានជោគ​ជ័យ​ក្នុងប្រទេស​ម៉ាឡេស៊ី​។

ក្រោម​កម្មវិធី​អភិ​វ​ឌ្ឍ​ន៍​និស្សិត​សកលវិទ្យា​ល័​យ (USDP) និស្សិត​ពូកែ​ចំ​នួន ៤៨ នាក់​នៅ​កម្ពុជា នឹង​ចូលរួម​ក្នុង កម្មវិធី​ហ្វឹកហាត់ Bootcamp ដោយ​មាន​ការ​ស្នាក់នៅ​សណ្ឋាគារ​រយៈពេល ១៣ ថ្ងៃ ដែល​ផ្ដល់ឱកាស​ដល់​និស្សិត​ចូលរួ​មនូ​វ​ការ​អភិ​វ​ឌ្ឍ​ផ្នែក​ទ្រឹស្ដី ផ្នែក​ពិសោធន៍ ការ​អភិ​វ​ឌ្ឍ​បុគ្គល និង​ទំនាក់ទំន​ង តាម​រយៈ​សិក្ខាសាលា ការធ្វើ​ពិសោធ​ន៏​អាជីវកម្ម ក៏ដូចជា​ការបង្ហាត់​ប​ង្រៀ​ង្រៀន ដែល​ផ្តោតលើ​វិស័យ​ផ្សេងៗ​។ ក្រុម​ដែល​ឈ្នះ​នឹង​ទទួលបាន​ជា​ប្រាក់រ​ង្វាន់ ហើយ​សម្រាប់​និស្សិត​ដែលបាន​ធ្វើ​ល្អ​បំ​ផុត​ចំ​នួន​៥​នាក់ នឹង​ទទួល​បានការ​ចុះ​កម្មសិក្សា​រយៈពេល​២​ខែ​ជាមួយ​ប្រាក់ឧបត្ថម្ភ​នៅ​ក្រុមហ៊ុន​របស់ Axiata នៅ​ប្រទេស​ម៉ាឡេស៊ី​។​

លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ Smart Axiata បាន​ពន្យល់ថា អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា និង​កម្មវិធី​អភិ​វ​ឌ្ឍ​ន៍​និស្សិត​សលក​វិទ្យា​ល័​យ (USDP) គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញាចិត្ត​របស់ ក្រុមហ៊ុន Smart ក្នុង​ការជួយ​អភិ​វ​ឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន តាម​រយៈ​ការ​អប់​រំ និង​នវានុវត្តន៍ ដោយ​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ និង​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ។

និស្សិត​សកលវិទ្យាល័​យ​អាច​ដាក់ពាក្យ​សុំ​ចូលរួម​ ក្នុង​កម្មវិធី​អភិ​វ​ឌ្ឍ​ន៍​និ​ស្សិត​សកលវិទ្យា​ល័​យ USDP ឲ្យ​បានមុន​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ ខណៈដែល​ការ​ដាក់ពាក្យ​សម្រាប់​កម្មវិធី​អាហារូបករណ៍​បន្ទាប់​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨ នេះហើយ​។​

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ Smart តាម​រយៈ www.facebook.com/Smartforcambodia ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smartedu.com.kh ។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម