ស្វែងយល់៣ចំណុចពី សុខ ធី មុនពេលវ៉ៃថ្ងៃស្អែកនៅឥណ្ឌូណេស៊ី
- 2018-11-15 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់៣ចំណុចពី សុខ ធី មុនពេលវ៉ៃថ្ងៃស្អែកនៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
ទើបតែអាយុ ២១ ឆ្នាំសោះ សុខ ធី ធ្លាប់បានប្រមូលផ្តុំបទពិសោធលើសង្វៀនប្រដាល់សេរី ឈ្នះ ២២១ដង ចាញ់៣៦ដង បើប្រៀបជាមួយកីឡាករដ៏ទៃ អាចនិយាយបានថា រូបគេជាជើងខ្លាំងមានបទពិសោធច្រើនម្នាក់។
ថ្ងៃសៅរ៍ ទី១៧ សប្ដាហ៍នេះ អ្នកប្រដាល់វ័យក្មេងរូបនេះ នឹងបោះមួយជំហានទៀតឆ្ពោះទៅរកភាពល្បីល្បាញបំផុតក្នុងអាជីព នៅពេលរូបគេប៉ះជើងខ្លាំងល្បីល្បាញរបស់ថៃ ឡឹតសីលា ក្នុងទ្រុង ONE: WARRIOR'S DREAM នៅប្រទេសឥណ្ឌូណេស៊ី។
**ខាងក្រោមជាប្រវត្តិរបស់ សុខ ធី ដែលយើងមិនធ្លាប់ដឹង៖**
១.ត្រូវគេធ្វើបាបកាលនៅក្មេង
កាលនៅក្មេងត្រូវបានក្មេងៗដទៃក្នុងភូមិសម្លុតគំរាម ដែលធ្វើឲ្យរូបគេមិនសប្បាយចិត្តនឹងខ្លួនឯងទេ។ សុខ ធី ប្រាប់ថា៖ «ខ្ញុំមាឌតូចជាងគេ ហើយគេបង្អាប់ថា ក្បាលខ្ញុំធំជាងខ្លួន។ ឲ្យតែពេលគេបង្អាប់ ខ្ញុំយំរាល់ពេល ហើយដឹងតែរត់ទៅពួននៅក្នុងស្រែ»។
ឪពុករបស់សុខ ធី វិញជាអ្នកស្រឡាញ់វិស័យកីឡាគុនខ្មែរខ្លាំង ដូច្នេះគាត់ក៏ណែនាំឲ្យ សុខ ធី និងបងប្រុស ហាត់រៀនក្បាច់គុននៅប្រទេសថៃ ដែលក្បាច់គុននេះហើយដែលជួយឲ្យសុខ ធី មានទាំងកម្លាំង និងទំនុកចិត្តលើខ្លួនឯង រហូតដឹកនាំជីវិតរបស់គាត់ឲ្យដល់វិថីដ៏ជោគជ័យសព្វថ្ងៃ។
«ខ្ញុំត្រូវតស៊ូជាមួយក្មេងដទៃដែលមានមាឌធំៗខ្លាំងៗជាងខ្ញុំហើយចូលចិត្តធ្វើបាបខ្ញុំ មកពីខ្ញុំពូកែខ្លាចគេពេក ប៉ុន្តែក្បាច់គុនបានជួយខ្ញុំឲ្យមានទំនុកចិត្តលើខ្លួនឯងឡើង»។
២. ឡើងសង្វៀនដើម្បីចិញ្ចឹមគ្រួសារ
សុខ ធី កើតក្នុងគ្រួសារកសិករនៅភូមិតូចមួយក្នុងខេត្តបន្ទាយមានជ័យ។ ពេលគាត់ធំឡើងឪពុកម្តាយបានព្យាយាមគ្រប់យ៉ាងដើម្បីផ្គត់ផ្គង់រូបគេ និងបងប្រុស សុខ រិទ្ធ។ កីឡាកររំលឹកថា ៖«គ្រួសារខ្ញុំជាកសិករធម្មតាទេ តែក្រោយមកពួកខ្ញុំបានទៅធ្វើកម្មករសំណង់ចុះឡើងខ្មែរទៅថៃ។ ខ្ញុំត្រូវទៅជួយពួកគាត់ពេលណាគាត់ត្រូវការខ្ញុំ»។
ឥឡូវនេះ អ្នកប្រដាល់វ័យក្មេងបានប្រែក្លាយក្បាច់គុនរបស់ខ្លួនឲ្យទៅជាអាជីពពិតប្រាកដមួយសម្រាប់ជួយផ្គត់ផ្គង់ដល់គ្រួសារតាមសមត្ថភាព។
ធីនិយាយថា ៖«អ្វីដែលធ្វើឲ្យខ្ញុំតស៊ូរហូតមកដល់សព្វថ្ងៃ គឺខ្ញុំចង់ផ្គត់ផ្គង់គ្រួសារខ្ញុំឲ្យមានជីវភាពរស់នៅប្រសើរជាងមុន។ នេះជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាកូនប្រុសម្នាក់»។
«អ្វីដែលខ្ញុំចាំជាងគេ គឺពេលហាត់ជាមួយឪពុកខ្ញុំ និងបងប្រុស។ អ្នកបន្ទាយមានជ័យ ល្បីឈ្មោះខាងក្បាច់គុនខ្មែរតាំងដើមរហូតសព្វថ្ងៃ អញ្ចឹងវាជាប់ក្នុងឈាមខ្ញុំរួចមកហើយ»។
៣.ជាអ្នកត្រួសត្រាយផ្លូវវ័យក្មេង
សុខ ធី មិនត្រឹមតែជាកីឡាករជើងឯកគុនខ្មែរប្រចាំប្រទេសប៉ុណ្ណោះទេ ប៉ុន្តែរូបគេជាកីឡាករកម្រិតពិភពលោក។ រូបគេបានបង្ហាញថា គាត់ពិតជាមានសមត្ថភាពពិតៗ នៅពេលចូលប្រកួតទល់នឹងជើងខ្លាំងរបស់ថៃ។ តាមពិតទៅ រូបគេធ្លាប់បានប្រកួតក្នុងប៉ុស្តិ៍ប្រដាល់លេខ៧ របស់ប្រទេសថៃ និងជាម្ចាស់ខ្សែក្រវាត់នៅសង្វៀនបាយ័ននៅកម្ពុជាថែមទៀត។
លើសពីនេះឱកាសបានវ៉ៃជាមួយ ឡឹតសីលា ជើងឯករបស់ថៃក្នុងកម្មវិធី ONE Super Series កាន់តែបង្ហាញថា សមត្ថភាពរបស់ សុខ ធី មិនធម្មតាទេ។ ដោយសារក្បាច់គុនរបស់កាន់តែរីកចម្រើនទៅៗ មានមនុស្សជាច្រើនជឿថា សុខ ធី នឹងជាខ្មែរដំបូងបំផុតដែលអាចក្លាយជាជើងឯកពិភពលោកបាន ប្រសិនបើរូបគេមានឱកាសវ៉ៃដណ្តើមខ្សែក្រវាត់នាពេលខាងមុខ។
សុខ ធី បន្ថែមថា៖ «ពួកយើងសប្បាយចិត្តណាស់ដែល ONE រៀបចំការប្រកួតប្រដាល់សេរីឲ្យយើង។ អាចនិយាយថា ពេលនេះជាពេលដែលយើងអាចបង្ហាញពីអ្វីដែលយើង(កម្ពុជា) អាចធ្វើបាន»៕
សាលី អ៊ូមើត ទៅប្រជែងពាននៅថៃទាំងឈឺស្មា ដែលអាចមានជាង៤០ប្រទេសចូលរួម
Lerdsila និយាយពីចំណុចសំខាន់មួយចំនួនដើម្បីត្រៀមយកឈ្នះ សុខ ធី
សុខ សាវិន៖ ទាល់តែត្រូវមុាំងភ្លឹងទើបឈប់វ៉ៃ បើនៅស៊ូបានគឺស៊ូប្រកួតទៀត
អត្ថបទ៖ Matias Andres