គ្រូ​បង្វឹក​កម្ពុជា ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ក្រុម​ធ្វើ​បាន​កន្លង​មក​នេះ

  • 2018-11-26 05:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix Dalmas ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយ​ថា​លោក​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ក្រុម​បាន​ធ្វើ តស៊ូ ​រហូត​ដល់​ចប់​ការ​ប្រកួត​កន្លង​មក​នេះ។

កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​នៅ AFF Suzuki Cup 2018 ​នេះ​ហើយ ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។ ​៤​ប្រកួត​កន្លង​មក​របស់​កម្ពុជា​គឺ​ឈ្នះ​១​​ និង​ចាញ់​៣​​​មាន​​៣​ពិន្ទុ​ស្ថិត​នៅ​លេខ​​រៀង​ទី​៤។ ចំណែក​ឡាវ​ស្ថិត​នៅ​បាត​តារាង​មិន​​មាន​ពិន្ទុ​រាប់​ឡើយ​គឺ​ចាញ់​ទាំង​៤​ប្រកួត​ មីយ៉ាន់ម៉ា​ចុក​​ឈាម​​ជាង​គេ​​ដោយ​​ចាញ់​​ម៉ាឡេស៊ី​ធ្វើ​ឲ្យ​ក្រុម​នេះ​​ធ្លាក់​ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ ស្មើ​១​ប្រកួត​ និង​ចាញ់​១​ប្រកួត​មាន​៧​ពិន្ទុ​ស្ថិត​នៅ​លេខ​៣។ វៀតណាម​​ ឈ្នះ​៣​ប្រកួត​ ស្មើ​១​មាន​១០​ស្ថិត​នៅ​កំពូល​តារាង​ចាប់​ដៃ​ក្រុម​លេខ​២​ម៉ាឡេស៊ី​ ដែល​ឈ្នះ​​៣​ ចាញ់​​១​មាន​៩​ពិន្ទុ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្ត។

បើ​តាម​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ស្រង់​សម្ដី​របស់​លោក Felix ​គ្រូ​បង្វឹក​កម្ពុជា​ថា​៖ “យើង​ពិត​ជា​មាន​មោទនភាព​នូវ​អ្វី​ដែល​ក្រុម​បាន​ធ្វើ​ ដោយ​បាន​តស៊ូ​រហូត​ដល់​ទីបញ្ចប់​ជាមួយ​ ឆន្ទៈ​ និង​ការ​តាំង​ចិត្ត​ដើម្បី​ប្រឈម​ជាមួយ​ការ​លេង។ នេះ​គឺ​ជា​ការ​សន្យា​មួយ​សម្រាប់​ថ្ងៃ​អនាគត​ សម្រាប់​អ្នក​គាំទ្រ​យើង​សូម​អរគុណ​រាល់​ការ​លើក​ទឹក​ចិត្ត​ជា​រៀង​រហូត​មក”។

ចប់​ព្រឹត្តិការណ៍​ខាង​លើ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​រំសាយ​ហើយ ​ដោយ​ទាល់​តែ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្សេង​ទៀត ទើប​មាន​ការ​ប្រមូល​ផ្ដុំ​ម្ដង​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម