កូនខ្មែរគួរដឹង! ប្រវត្តិ ទំនាក់ទំនង រវាងវត្ត​ស្វាយ​អណ្ដែត និង​ល្ខោនខោល (វីដេអូ)

  • 2018-12-04 04:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

ពិតជាមោទកភាពណាស់សម្រាប់ប្រជាជាតិខ្មែរ ដោយល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត មានទីតាំងក្នុងវត្តស្វាយអណ្តែត ស្រុកល្វាឯម ខេត្តកណ្តាល ​ ត្រូវបានអង្គការ យូណេស្កូ ​ចុះបញ្ជី​ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី​ កាលពីពេលថ្មីនេះ។

រោងល្ខោនខោលវត្តស្វាយអណ្ដែត

ល្ខោន​ខោល​វត្តស្វាយអណ្ដែត មិនខុសគ្នាអ្វីពីល្ខោនខោលខ្មែរផ្សេងទៀតនោះទេ ទាំងការសម្ដែង សម្លៀកបំពាក់ ខ្មុក​ពាក់ និង​កាយ​វិការ​សម្ដែង​ ពោលគឺខុសប្លែកគ្នាតិចតួចបំផុតទៅ​តាម​តំបន់​នីមួយ​ៗដូច​សម្ដី​និយាយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ក្នុង​ប្រទេស​។

វត្តស្វាយអណ្ដែត

តាមរយៈព្រះចៅអធិការវត្តស្វាយអណ្ដែក ក៏ដូចជាលោកគ្រូបង្ហាត់ ប៉ូច ផៃ គ្រប់គ្រងរោងល្ខោន​ខោល​វត្តស្វាយអណ្ដែត ប្រាប់ Sabay ដូចគ្នាថា ខោលវត្តស្វាយអណ្តែត​ ជាខោលនៃកម្ពុជាទាំងមូល​ព្រោះ​វត្តស្វាយអណ្ដែតស្ថិតក្នុងទឹកដីខ្មែរ។ ដូចនេះ ល្ខោនខោល ជា​របស់​ខ្មែរ​គ្រប់​គ្នា ហើយ​ពេលនេះ​វា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ត្រូវ​ការ​ការ​ពារ​ជា​បន្ទាន់​។

ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន

ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណរ ហើយប្រជាជនចំណុះជើងវត្ត​ស្វាយ​អណ្ដែត​មាន​ប្រពៃណី​យ៉ាង​ខ្ជាប់ខ្ជួន​លើ​ការសម្ដែង​ល្ខោនខោល​ថ្វាយ​ដល់​បារមី​ស័ក្ដិសិទ្ធិ​នានា​ជារៀងរាល់ឆ្នាំ ក្រោយបុណ្យចូលឆ្នាំ ខ្មែរ១អាទិត្យ។ កាលដែល ល្ខោនខោល ជាប់គ្នានឹងវត្តស្វាយ​អណ្ដែត​នោះព្រោះតែ​វត្ត​ជាអ្នក​ប្រមូល​ផ្តុះ និងផ្គត់ផ្គង​ថែរក្សាវប្បធម៌ ការសម្ដែងល្ខោនខោល​តាំងពីច្រើនតំណ នេះបើតាមសង្ឃដីកា របស់ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន។

លោកគ្រូ ប៉ូច ផៃ

ការ​បន្ត​វេន​នៃ​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ក៏​ជា​ហេតុ​ផល​យ៉ាង​សំខាន់​ក្នុង​រក្សា​ល្ខោន​ខោល​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​ដោយ​ការ​បង្ហាត់​ត​ពី​ជីតា​ដល់​កូន​ដល់​ចៅ ​និង​ផ្ដល់​ចំណេះ​នៃ​សិល្បៈ​ដ៏​មាន​តម្លៃ​មួយ​នេះ​ទៅ​គ្រប់​ប្រជាជន​ខ្មែរ​ណា​ដែល​ចង់​ក្លាយ​ខ្លួន​ជា​​នាដកា​សម្ដែង​ល្ខោន​ខោល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោកគ្រូ ប៉ូច ផៃ៕

ទស្សនាវីដេអូ បទយកការណ៍ពីប្រវត្តិ និង​ទំនាក់ទំនង រវាង វត្ត​ស្វាយ​អណ្ដែត និង​ល្ខោនខោល៖


អត្ថបទ៖ Sunny