រោងចក្រ​ដំឡើង iPhone អាច​នឹង​ត្រូវ​សង់​​នៅ​ប្រទេស​វៀតណាម​

  • 2018-12-05 04:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Foxconn ដែល​ជា​ដៃគូ​ផ្គត់ផ្គង់​ធំ​មួយ​របស់​ Apple ទទួល​ខុស​ត្រូវ​លើ​ការ​ដំឡើង iPhone និង​ផលិត​ Apple ផ្សេង​ទៀត​​ ​​កំពុង​គិតគូរ​លើ​ការ​​សាងសង់​រោងចក្រ​​ថ្មី​នៅ​ប្រទេស​វៀតណាម ដើម្បី​ជៀស​ផុត​ពី​ផល​ប៉ះពាល់​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន។

​សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​ចុះ​ផ្សាយ​ថា​ Foxconn និង​គណៈកម្មការ​ប្រជាជន​ទីក្រុង​ហាណូយ​កំពុង​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​យ៉ាង​សកម្ម​​អំពី​ការ​សាង​សង់​រោងចក្រ​ដំឡើង​ iPhone។

គួរ​ដឹង​ថា​បច្ចុប្បន្ន​ iPhone មួយ​ភាគ​ធំ​​ដំឡើង​ដោយ​រោងចក្រ​ Foxconn ឬ Pegatron ដែល​ស្ថិត​នៅ​ទីក្រុង​ Shenzhen ប្រទេស​ចិន។ iPhone មួយ​ចំនួន​តូច​ត្រូវ​បាន​ដំឡើង​នៅ​ប្រទេស​ប្រេស៊ីល និង​ឥណ្ឌា​​ដើម្បី​អាច​​គេច​ផុត​​ពី​ការ​យក​ពន្ធ​នាំ​ចូល​ខ្ពស់ ដោយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផលិតផល​ក្នុង​ស្រុក។

ដោយ​ឡែក​ការ​ចំពោះ​​គំនិត​នៃ​ការ​​សង់​រោងចក្រ​នៅ​ប្រទេស​ចិន​របស់​ Foxconn ដោយ​សារ​តែ​ Foxconn បារម្ភ​ថា​ប្រសិន​បើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត នោះ​តម្លៃ​​ត្រូវ​ចំណាយ​លើ​ការ​នាំ​ចេញ​ iPhone ពី​ចិន​ទៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ឡើង​ថ្លៃ។ ជា​លទ្ធផល​ Apple អាច​នឹង​ស្វែង​រក​ក្រុមហ៊ុន​ដំឡើង​ថ្មី ​ស្ថិត​នៅ​​ក្រៅ​ប្រទេស​ចិន​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នេះ។ ជាជាង​បាត់​បង់​ដៃ​គូ​ធំ Foxconn សុខចិត្ត​ស្វែង​រក​ទីតាំង​ថ្មី​ដើម្បី​សង់​រោងចក្រ​ដំឡើង iPhone ឲ្យ Apple។

​​​​​​​​​បច្ចុប្បន្ន​នេះ​​មាន​ក្រុមហ៊ុន​ទូរសព្ទ​ធំ​ពីរ​ហើយ​ដែល​មាន​រោងចក្រ​ដំឡើង​នៅ​ប្រទេស​វៀតណាម​ ក្នុង​នោះ​រួម​មាន​ Samsung និង HMD Global។ វត្តមាន​រោងចក្រ​ Foxconn ​ដំឡើង​ iPhone ​នឹង​​ជួយ​លើក​មុខមាត់ និង​សេដ្ឋកិច្ច​​ប្រទេស​វៀតណាម​ថែម​មួយ​កម្រិត​ទៀត៕​​​​

ចុចអាន៖

ប្រភព៖ vnexpress | 9to5Mac   ប្រែ​សម្រួល៖ សុខហេង