ឆែកហាងឆេងគ្រឿងបន្លាស់ឡានលក់នៅបរទេស ខុសតម្លៃគ្នាយ៉ាងណាខ្លះ?
- 2018-12-17 07:19:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆែកហាងឆេងគ្រឿងបន្លាស់ឡានលក់នៅបរទេស ខុសតម្លៃគ្នាយ៉ាងណាខ្លះ?
ចន្លោះមិនឃើញ
ប៉ុន្មានសប្តាហ៍នេះ Sabay បានបង្ហាញពីតម្លៃរបស់គ្រឿងបន្លាស់នានារបស់រថយន្តនៅលើទីផ្សារបរទេសចំនួន ៣០ ប្រភេទរួចមកហើយ។ ថ្ងៃនេះក៏ដូចជាលើកមុនៗដែរ Sabay សូមបង្ហាញតម្លៃគ្រឿងបន្លាស់រថយន្តចំនួន ១០ គ្រឿងទៀតមកជូនមិត្តអ្នកអានឲ្យបានដឹង រួមទាំងមុខងារប្រើប្រាស់របស់គ្រឿងបន្លាស់នោះផងដែរ៖
១. ឆ្នាប់ម៉ូទ័រ (Motor Mount)
តម្លៃចាប់ពី៖ ១២ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ឆ្នាប់នេះមាននាទីសម្រាប់ភ្ជាប់ម៉ាស៊ីនរថយន្តទៅនឹង តួផ្គុំរបស់រថយន្ត ដែលវាមានមកចំនួនមួយគូ នៅក្នុងរថយន្តទូទៅ។ ឆ្នាប់នេះមានបំពាក់មកជាមួយនឹងជ័រកៅស៊ូ ដែលវានឹងជួយស្រូបរំញ័ររបស់ម៉ាស៊ីន ឲ្យនៅសល់តិចបំផុតដើម្បីកុំឲ្យមានការញ័ររំខានដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។ ដូចនេះហើយ នៅពេលដែលកៅស៊ូនេះចាស់ដាច់ សឹករេចរឹល តួរថយន្តរបស់អ្នកនឹងទទួលកម្លាំងរំញ័រខ្លាំងជាងមុន ជាពិសេសនៅពេលបញ្ឆេះស្ងៀម និងពេលចាប់ផ្ដើមជាន់ហ្គ៊ែរទៅមុខ។
២. សំបុកស៊ីម៉ាំង (Muffler)
តម្លៃចាប់ពី៖ ២៤ ដុល្លារអាមេរិក (ទីផ្សារបរទេស)
មុខងារសំខាន់នៃសំបុកមួយនេះ គឺសម្រាប់ទប់សំឡេងលាន់ក៏ខ្លាំងដែលចេញពីក្នុងម៉ាស៊ីនរថយន្ត តាមរយៈបំពង់ស៊ីម៉ាំង ដោយវានឹងកាត់បន្ថយភាពលាន់ឮ ដូចការផ្ទុះ នៅក្នុងម៉ាស៊ីនរថយន្ត ឲ្យស្ងាត់ល្អបាន។ ការផ្សារបំពង់ស៊ីម៉ាំងមិនបានត្រឹមត្រូវ ឆ្នុកមិនល្អ បូករួមជាមួយនឹងធូលីដី អាចបណ្ដាលឲ្យសំបុកស៊ីម៉ាំងខូច មិនអាចទប់សំឡេងផ្ទុះពីខាងក្នុងមកបានល្អ។
៣. Sensor វាស់កម្រិតអ៊ុកស៊ីសែន (Oxygen Sensor)
តម្លៃចាប់ពី៖ ១១ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor វាស់កម្រិតអ៊ុកស៊ីសែន ជាផ្នែកមួយដែលឧបករណ៍បញ្ជាម៉ាស៊ីន ECU ប្រើសម្រាប់កំណត់បរិមាណខ្យល់ និងសាំងឲ្យចូលមកក្នុងស៊ីឡាំងម៉ាស៊ីន។ វាត្រូវបានភ្ជាប់ទៅនឹងបំពង់បម្លែងសារធាតុពុល (Catalytic Converter) ដែលជាផ្នែកមួយរបស់បំពង់ស៊ីម៉ាំង ដើម្បីពិនិត្យមើលបរិមាណ អ៊ុកស៊ីសែន និងឧស្ម័ននានាដែលមាននៅក្នុងផ្សែងរថយន្ត។ ល្បាយនៃសារធាតុគីមីនៅក្នុងផ្សែងរថយន្ត និងការប្រើប្រាស់ក្នុងរយៈពេលយូរអាចធ្វើឲ្យ Sensor នេះដំណើរការមិនប្រក្រតី ឬខូចតែម្ដង។
៤. តួកាត់បន្ថយកម្ដៅប្រេង (Oil Cooler)
តម្លៃចាប់ពី៖ ៣០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
មុខងាររបស់តួកាត់បន្ថយកម្ដៅប្រេងនេះ គឺដើម្បីស្អំប្រេងម៉ាស៊ីនរថយន្ត និងប្រេងចង្កឹះលេខ នៅពេលដែលកម្ដៅរបស់វាកើនឡើងខ្ពស់ ហើយភាគច្រើនវាមានប្រើប្រាស់តែនៅលើរថយន្តល្បឿនលឿនតែប៉ុណ្ណោះ។ បញ្ហារបស់តួកាត់បន្ថយកម្ដៅប្រេង គឺវាអាចលេខធ្លាយបានធ្វើឲ្យប្រេងម៉ាស៊ីន និងប្រេងចង្កឹះលេខហូរចេញទៅក្រៅម៉ាស៊ីន។
៥. កងពីស្តុង (Piston Rings)
តម្លៃចាប់ពី៖ ២៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)
បើសិនជារថយន្តអ្នកមានផ្សែងពណ៌រាងខៀវ លាយប្រផេះចេញមកខ្មួលខ្មាញ់ មានន័យថា ប្រេងម៉ាស៊ីនរថយន្តបានលេចចូលទៅក្នុងកន្លែងចំហេះនៅក្នុងស៊ីឡាំងម៉ាស៊ីនហើយ។ បញ្ហានេះ ភាគច្រើនគឺបណ្ដាលមកពីកងពីស្តុងដែលខូចខាត ដែលវាមាននាទីសម្រាប់ទប់កុំឲ្យប្រេងម៉ាស៊ីនចូលទៅក្នុងស៊ីឡាំងរបស់ម៉ាស៊ីនបាន។
៦. ស្នប់ប្រព័ន្ធបូមចង្កូត (Power Steering Pump)
តម្លៃចាប់ពី៖ ៦០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ប្រសិនបើ នៅពេលដែលកាច់ចង្កូតមានអារម្មណ៍ថាតឹងជាងមុន ឬក៏ឮសំឡេងចំឡែកនោះ វាអាចប្រហែលមកពីអស់ប្រេងនៅក្នុងស្នប់ប្រព័ន្ធបូមចង្កូត ឬក៏ស្នប់នោះខូចតែម្ដង។ សំឡេងដែលលាន់ចេញពីស្នប់បូមចង្កូតពេលកាច់ចង្កូតនោះ គឺងាយស្រួលចំណាំដោយវាខុសពីសំឡេងលាន់ធម្មតា។ ដូចនេះ អ្នកអាចពិនិត្យមើលកម្រិតប្រេងបូមចង្កូតបាន តែបើប្រេងនៅ ហើយនៅលាន់សំឡេង និងពេលកាច់ចង្កូតទៅរាងធ្ងន់នោះ បានន័យថាអ្នកត្រូវប្ដូរស្នប់នេះចេញហើយ។
៧. ប៊ូតុងចុចកញ្ចក់ចុះ (Power Window Switch)
តម្លៃចាប់ពី៖ ៨ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ជាររឿងធម្មតាហើយ ដែលប៊ូតុងសម្រាប់បញ្ញាពេលចុចកញ្ចក់អាចខូចដោយសារការលេងច្រើន និងការប្រើប្រាស់រថយន្តយូរឆ្នាំ ដោយត្រូវកម្ដៅថ្ងៃខ្លាំង ឬមួយទៀតអាចដោយសារការប្រើប្រាស់ធ្ងន់ដៃជាដើម អាចធ្វើឲ្យប៊ូតុងនេះផុយស្រួយ ងាយបាក់បែក។ អាការៈមួយទៀត គឺនៅពេលដែលចុចប៊ូតុងទាំងនោះ វាអាចគាំងមិនគ្រលាស់មកវិញ ដោយសារតែធូលីច្រើនពេកក៏ថាបាន។
៨. Sensor ចាប់សម្ពាធ (Pressure Sensor)
តម្លៃចាប់ពី៖ ១៨ ដុល្លារអាមេរិក (ទីផ្សារបរទេស)
Sensor ចាប់សម្ពាធមានបំពាក់នៅច្រើនកន្លែងក្នុងរថយន្ត ដែលវាមានមុខងារសម្រាប់វាស់សម្ពាធនានា ដូចជា សម្ពាធសាំង និងសម្ពាធខ្យល់ជាដើម។ ការប្រើប្រាស់ក្នុងរយៈពេលយូរអាចឲ្យ Sensor នេះដំណើរការមិនប្រក្រតី ឬក៏ខូចខាត ដែលវានឹងលេចជាសញ្ញាព្រមាននៅលើកុងទ័ររថយន្ត។ ប្រសិនបើអ្នកដឹងថា Sensor ចាប់យកសម្ពាធលែងដំណើរការហើយនោះ អ្នកមិនគួរបន្តបើកបររថយន្តនោះទៀតទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់បាន។
៩. ធុងទឹក (Radiator)
តម្លៃចាប់ពី៖ ៤០ ដុល្លារអាមេរិក (ទីផ្សារបរទេស)
ធុងទឹកមាននាទីសំខាន់បំផុត ដែលវាជាអ្នកបញ្ចុះកម្ដៅម៉ាស៊ីន ដែលធ្វើឲ្យរថយន្តនៅដំណើរការបាន និងបើកបរបានផ្លូវឆ្ងាយ។ បញ្ហាដែលកើតឡើងជារឿយៗ សម្រាប់ធុងទឹកនេះ គឺវាអាចឡើងច្រែះ និងលេចធ្លាយត្រង់កន្លែងណាមួយ។ អ្នកអាចសាកផ្សារកកន្លែងដែលលេចធ្លាយនោះជាមុនសិន ប៉ុន្តែបើសិនជាវាច្រែះ និងលេចធ្លាយច្រើនកន្លែងនោះ ច្បាស់ណាស់អ្នកគួរតែដូរធុងទឹកថ្មីហើយ។
១០. បូម (Shock Absorber)
តម្លៃចាប់ពី៖ ២១ ដុល្លារអាមេរិក (ទីផ្សារបរទេស)
បូមគឺជាអ្នកជួយសម្រួលចលនារបស់រថយន្ត ជាពិសេសវាធ្វើឡើងដើម្បីកុំឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលរងភាពរលាក់នៅលើស្ថានភាពផ្លូវដែលរថយន្តកំពុងឆ្លងកាត់។ ប៉ុន្តែនៅពេលប្រើប្រាស់ក្នុងរយៈពេលយូរ ឬក៏ការបើកបរក្នុងល្បឿនលឿន នៅលើផ្លូវដែលមានស្ថានភាពលំបាកខ្លាំង បូមរថយន្តអាចខូច ឬក៏លេចធ្លាយប្រេងខាងក្នុង (បែកបូម) ចេញមក ធ្វើឲ្យវាលែងដំណើរការ ហើយរថយន្តអ្នកនឹងរលាក់ខ្លាំងជាងមុន។
ចុចអាន៖