ក្រុមហ៊ុន Toyota និង Mazda នឹងចំណាយលុយ ៦ លានដុល្លារ ដើម្បីសត្វត្រីមួយប្រភេទ
- 2018-12-27 03:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Toyota និង Mazda នឹងចំណាយលុយ ៦ លានដុល្លារ ដើម្បីសត្វត្រីមួយប្រភេទ
ចន្លោះមិនឃើញ
មួយខែមុននេះ ក្រុមហ៊ុនផលិតរថយន្តយក្ស ២ របស់ជប៉ុន Toyota និង Mazda បានចូលដៃគ្នាបង្កើតរោងចក្រផលិតរថយន្តរួមគ្នាមួយនៅ ក្នុងរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក។ ប៉ុន្តែបន្ទាប់ពីការយល់ព្រមចូលរួមធ្វើរោងចក្រជាមួយគ្នា ក្រុមហ៊ុនទាំង ២ នេះ ក៏ត្រូវដោះស្រាយបញ្ហាមួយរួមគ្នាដែរ ជាមួយនឹងអ្នកក្បែរខាងទីតាំងសាងសង់រោងចក្រនោះ។
តាមពិតទៅ អ្នកក្បែរខាងនៅតំបន់សាងសង់រោងចក្រនោះ មិនមែនជាប្រជាជនអ្វីឡើយ គឺជាពូជត្រីម៉្យាងដែលមានឈ្មោះថា Spring Pygmy Sunfish ដែលមានទីជម្រកនៅតាមប្រភពទឹកក្បែរៗនោះ។ ការចំណាយសម្រាប់ការការពារពូជត្រីនេះ Toyota និង Mazda ត្រៀមថវិកាបម្រុងប្រហែលជា ៦ លានដុល្លារឯណោះ។
ការសាងសង់រោងចក្រផលិតរថយន្ត មានផលប៉ះពាល់ច្រើនដល់បរិស្ថានជាពិសេសសម្រាប់ជីវិតសត្វដែលរស់នៅក្បែរទីតាំងរោងចក្រនោះទាំងមូលតែម្ដង។ តាមការបញ្ជាក់របស់អ្នកតំណាងក្រុមហ៊ុន ទឹកប្រាក់ចំនួន ២ លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ ការស្ដារឡើងវិញ និងថែរក្សាជម្រករបស់ពូជត្រីនោះ បូករួមជាមួយនឹងគម្រោងត្រួតពិនិត្យឡើងវិញផងដែរ។ ចំណែកលុយ ៤ លានដុល្លារទៀត គឺជាលុយត្រៀមសម្រាប់ឧបត្ថម្ភគម្រោងការណាមួយ ដែលជួយអភិរក្សជម្រកសត្វ ជាលក្ខណៈអចិន្ត្រៃយ៍តែម្ដង។
បុគ្គលិកនៃក្រុមមេធាវីនៃមជ្ឈមណ្ឌលជីវសាស្ត្រចម្រុះ Elise Bennett បានលើកឡើងថា "ពួកយើងពិតជាសប្បាយចិត្តណាស់ដែល Toyota និង Mazda បានធ្វើរឿងនេះចំពោះពពួកត្រីតូចៗ Sunfish ហើយដោយសារតែការព្រមព្រៀងនេះ ពូជត្រី Sunfish នឹងមានឱកាសរស់រានកាន់តែច្រើន" ។
គួរបញ្ជាក់ដែរថា រោងចក្រដែលធ្វើឡើងរួមគ្នាដោយ Toyota និង Mazda នេះមានតម្លៃដល់ទៅ ១,៦ ពាន់លានដុល្លារឯណោះ ហើយវានឹងក្លាយទៅជារោងចក្រផ្គត់ផ្គង់រថយន្ត Toyota Corolla ឆ្នាំ ២០២០ និង រថយន្តប្រភេទ Crossover មួយប្រភេទមិនបញ្ចេញឈ្មោះរបស់ Mazda។ រោងចក្រនេះត្រូវបានគេរំពឹងទុកថានឹងដំណើរការបានពេញលេញនៅឆ្នាំ ២០២១ ដោយអាចផលិតរថយន្តបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្ដល់ការងារជាង ៤០០០ កន្លែងដល់ប្រជាជនអាមេរិកទៀតផង។
ចុចអាន៖