នេះ​តម្លៃ​គ្រឿងបន្លាស់រថយន្ត ១០ ទៀត លក់នៅក្រៅប្រទេស អ្នក​ប្រើប្រាស់​រថយន្ត​អាច​ឆែក​បាន​

  • 2018-12-28 04:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីលេខមុនៗ Sabay បាននាំបង្ហាញជូននូវគ្រឿងបន្លាស់រថយន្តចំនួន ៤០ ប្រភេទរួចមកហើយ ដោយបង្ហាញជាតម្លៃនៅលើទីផ្សារបរទេស បូករួមនឹងមុខងារប្រើប្រាស់ និងកត្តាដែលធ្វើឲ្យវាខូចខាតបាន។ ដូចគ្នានឹងលើកមុនដែរ ថ្ងៃនេះ Sabay សូមនាំជូននូវតម្លៃគ្រឿងបន្លាស់រថយន្តចំនួន ១០ ទៀត នៅលើទីផ្សារបរទេស សម្រាប់ឲ្យអ្នកអានអាចជ្រែតម្លៃនៅក្នុងទីផ្សារក្នុងស្រុក កុំឲ្យខុសគ្នាខ្លាំងពេកបាន៖

១. ក្បាលប៊ូស៊ី (Spark Plugs)

តម្លៃចាប់ពី៖ ៣ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ក្បាលប៊ូស៊ីជាផ្នែកសំខាន់មួយនៃដំណើរការម៉ាស៊ីន ព្រោះវាជាអ្នកបង្កើតផ្កាភ្លើង ដើម្បីបង្កើតចំហេះនៅក្នុងស៊ីឡាំងម៉ាស៊ីនបាន។ ធ្យូងបញ្ឆេះនៅក្បាលប៊ូស៊ី បញ្ជូនចរន្តដ៏ខ្លាំងក្លាឆ្លងកាត់តួប៊ូស៊ី ហើយពេលប្រើប្រាស់យូរទៅ អេឡិចត្រូតរបស់វាអាចនឹងខូចខាត។ ម៉្យាងទៀត បើសិនជាម៉ាស៊ីនរបស់អ្នកមានលេចប្រេងម៉ាស៊ីនចូល វាកាន់តែធ្វើឲ្យក្បាលប៊ូស៊ីឆាប់ខូចថែមទៀត ដោយសារតែផ្សែងចេញពីម៉ាស៊ីន មានប្រតិកម្មគីមីជាមួយធ្យូង។ យល់ល្អ អ្នកគួរពិនិត្យមើល និងប្ដូរក្បាលប៊ូស៊ីរថយន្តរៀងរាល់ចម្ងាយប្រមាណ ៤៨ ០០០ គ.ម ម្ដង ព្រោះចម្ងាយនេះ ក្បាលប៊ូស៊ីអាចសមល្មមនឹងទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយវាអាចលែងដំណើរការផង ក៏ថាបាន។

២. ម៉ូទ័របញ្ឆេះ (Starter Motor)

តម្លៃចាប់ពី៖ ៤០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

បើសិនជាពេលដែលអ្នកកាច់សោបញ្ឆេះ ឬក៏ចុចប៊ូតុង Start/Stop ហើយរថយន្តរបស់អ្នកមិនមានប្រតិកម្មអ្វីទេនោះ ភាគរយច្រើនណាស់ គឺបណ្ដាលមកពីដុំម៉ូទ័របញ្ឆេះ លែងដំណើរការហើយ។ ចំពោះអាយុកាលប្រើប្រាស់នៃម៉ូទ័រមួយនេះ វាមិនមានកាលកំណត់ឲ្យពិតប្រាកដឡើយ ដូចនេះវាពិបាកនឹងប៉ាន់ស្មានណាស់ថាពេលណាគួរតែដូរវាចេញ។ ដូច្នេះហើយ នៅពេលដែលអ្នកបញ្ឆេះឡានលែងកើត វាប្រហែលមកពីម៉ូទ័រនេះខូចហើយ។

៣. Sensor ចាប់យកមុំទិសចង្កូត (Steering Angle Sensor)

តម្លៃចាប់ពី៖ ១២ ដុល្លារអាមេរិក (ទីផ្សារបរទេស)

Sensor ចាប់យកមុំទិសចង្កូត ជាគ្រឿងសំខាន់ក្នុងប្រព័ន្ធរក្សារលំនឹងរថយន្ត (Traction Control) ដើម្បីប្រាប់ទិសដៅនៃចង្កូតរថយន្ត ថារថយន្តត្រូវបត់ទៅខាងណាឲ្យប្រាកដ។ នៅពេលដែលអ្នកបើកបរ បួងចង្កូតអស់ទៅម្ខាង Sensor ចាប់យកមុំទិសចង្កូតនេះ នឹងប្រាប់ទៅប្រព័ន្ធរក្សាលំនឹងរថយន្តឲ្យដំណើរការទៅលើកង់ ដោយមានទាំងចាប់ហ្វ្រាំង និងទម្លាក់កម្លាំងម៉ាស៊ីន ដើម្បីរក្សាលំនឹងរបស់តួរថយន្ត។ នៅពេលដែល Sensor ចាប់យកមុំទិសចង្កូតនេះខូច វាអាចលោតភ្លើងចេញលើកុងទ័រ ដោយមានទាំងភ្លើងព្រមានប្រព័ន្ធរក្សាលំនឹងលែងដំណើរការ នឹងភ្លើងហ្វ្រាំង ABS ជាដើម។

៤. អ័ក្សភ្ជាប់ចង្កូតនឹងកង់ (Steering Rack)

តម្លៃចាប់ពី៖ ១១៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)

នៅពេលដែលប្រព័ន្ធជំនួយចង្កូត (Power Steering) មិនដំណើរការ វាមិនមែនសុទ្ធតែមកពី ស្នប់ជំនួយចង្កូតទាំងអស់ទេ ពេលខ្លះវាក៏មកពី អ័ក្សភ្ជាប់ចង្កូតនឹងកង់នេះដែរ។ អ័ក្សនេះមានធ្មេញដែលវាភ្ជាប់ទៅនឹងងអ័ក្សចង្កូត ដើម្បីឲ្យកង់រថយន្តអាចបត់ទៅតាមទិសដៅដែលចង្កូតបញ្ជាបាន។ ការប្រើប្រាស់់ក្នុងរយៈពេលយូរ អាចធ្វើឲ្យគន្លាក់អ័ក្សភ្ជាប់ចង្កូតនឹងកង់ ខូចខាត ហើយឆ្នុកវាក៏អាចលេចធ្លាយប្រេងចេញមកផងដែរ។ ទោះបីជាពេលខ្លះវាខូចតែកង់ម្ខាងក៏ដោយ តែមិនយូរមិនឆាប់អ័ក្សភ្ជាប់ចង្កូតនឹងកង់ម្ខាងទៀតនឹងខូចដែរ ដែលប្រការល្អ អ្នកគួរតែស្វែងរកជាងឲ្យដូរវាចេញឲ្យហើយទៅ។

៥. ដងភ្ជាប់របារទប់លំនឹង (Sway Bar Link)

តម្លៃចាប់ពី៖ ១០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ដងភ្ជាប់របារទប់លំនឹង ជាដងតូចមួយដែលភ្ជាប់របារទប់លំនឹងរថយន្ត ដែលវាមាននាទីកំណត់កម្លាំងចលករក្នុងរថយន្ត នៅពេលដែលអ្នកបត់នៅផ្លូវកោង។ វាប្រៀបដូចជា អាប៊ូហ្សេ (Ball Joint) ដែរ គឺនៅពេលដែលរថយន្តបន្លឺសំឡេងចម្លែកចេញពីកង់ហើយនោះ វាអាចជាសញ្ញាដែលប្រាប់ថា ដងភ្ជាប់របារទប់លំនឹងខូចហើយ។

៦. Sensor ចាប់សីតុណ្ហភាព (Temperature Sensor)

តម្លៃចាប់ពី៖ ១០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

Sensor ចាប់សីតុណ្ហភាពមានបំពាក់តាំងតែពីក្នុងម៉ាស៊ីន រហូតដល់ប្រព័ន្ធចង្កឹះលេខ ដើម្បីធានាថាប្រព័ន្ធទាំងនោះមិនឡើងក្ដៅហួសកម្រិត។ យើងអាចដឹងថា Sensor ចាប់សីតុណ្ហភាពនេះខូចបាននៅពេលដែល វាមិនបង្ហាញថាឡើងកម្ដៅសោះ ទោះបីជាបញ្ឆេះរថយន្តពេញមួយសន្ទុះធំហើយក៏ដោយ ហើយមួយទៀតវាប្រាប់ថាមានកម្ដៅខ្លាំងនៅពេលដែលរថយន្តត្រជាក់សោះ។ ដូចនេះ បើសិនជាមានរោគសញ្ញាបែបនោះ បានន័យថាអ្នកដល់ពេលប្ដូរវាចេញហើយ។

៧. ទែរម៉ូស្ដារ (Thermostat)

តម្លៃចាប់ពី៖ ៨ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ទែរម៉ូស្ដារ មាននាទីសម្រាប់កំណត់លំហូរចូលនៃសារធាតុធ្វើឲ្យត្រជាក់ រវាងម៉ាស៊ីន និងធុងទឹក ដើម្បីធ្វើឲ្យម៉ាស៊ីនរបស់អ្នកឡើងក្ដៅបានលឿន តែការពារមិនឲ្យវាឡើងក្ដៅហួសកម្រិតឡើយ។ នៅពេលដែលទែរម៉ូស្ដារខូច វានឹងនៅស្អិតជាប់ លែងបើកបិទដូចមុន ធ្វើឲ្យសារធាតុត្រជាក់គាំងជាប់ត្រឹមមួយកន្លែងមិនហូរទៅណា។ វាពិតជាសំខាន់ក្នុងការស្វែងរកការផ្លាស់ប្ដូរក្បាលទែរម៉ូស្ដារ នេះចេញ មុនពេលដែលវាធ្វើឲ្យម៉ាស៊ីនឡើងក្ដៅហួសកម្រិត ព្រោះគ្មានសារធាតុត្រជាក់ចូលគ្រប់គ្រាន់។

៨. ស្នប់បូមទឹក (Water Pump)

តម្លៃចាប់ពី៖ ៣៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)

សព្វថ្ងៃនេះ ស្នប់បូមទឹកនៅក្នុងរថយន្តមានទាំងប្រភេទ មេកានិច និងប្រើអគ្គិសនី។ ស្នប់បូមទឹកដែលប្រើអគ្គិសនីអាចខូចដោយមិនប្រាប់មុនយ៉ាងងាយ ហើយស្នប់បូមទឹកដែលប្រភេទមេកានិចវិញ អាចខូចខាតដោយសារ ការលេចធ្លាយ ឬក៏គាំងផ្នែកណាមួយខាងក្នុងជាដើម។ ម៉្យាងទៀត ត្រូវចាំថានៅពេលដែលអ្នកប្ដូរស្នប់បូមទឹកដែលខូចចេញហើយនោះ អ្នកក៏ត្រូវដាក់សារធាតុធ្វើឲ្យម៉ាស៊ីនត្រជាក់ថ្មីផងដែរ ដើម្បីឲ្យវាដំណើរការបានល្អក្នុងម៉ាស៊ីន។

៩. Sensor ចាប់ល្បឿនកង់រថយន្ត (Wheel Speed Sensor)

តម្លៃចាប់ពី៖ ១០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

Sensor ចាប់ល្បឿនកង់រថយន្តមានដាក់បំពាក់នៅគ្រប់កង់ទាំង ៤ ដើម្បីឲ្យវាដំណើរការជាមួយនឹងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS និងប្រព័ន្ថរក្សាលំនឹងរថយន្ត (Traction Control)។ ជាអកុលស ទីតាំងរបស់ Sensor ចាប់ល្បឿនកង់រថយន្ត ស្ថិតនៅជិតកង់ ដែលអាចធ្វើឲ្យភក់ និងធូលីគ្រប់ដណ្ដប់ធ្វើឲ្យវាលែងដំណើរការ ឬក៏ខូចតែម្ដងនៅពេលប្រើយូរទៅ ហើយពេលដែលវាខូច ភ្លើងសញ្ញាផ្សេងៗនៅលើកុងទ័ររថយន្ត នឹងលោតព្រោងព្រាត ពិសេសភ្លើង ABS និង Traction Control នោះឯង។

១០. ម៉ូទ័រផ្លិតទឹក (Wiper Motor)

តម្លៃចាប់ពី៖ ៣០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ម៉ូទ័រផ្លិតទឹក ជាម៉ូទ័រសម្រាប់បក់បញ្ជាផ្លិតទឹក ឲ្យវាសកញ្ចក់នៅសម្រាប់ប្រើពេលមានភ្លៀងខ្លាំង ដើម្បីឲ្យអ្នកបើកបរអាចមើលផ្លូវឃើញ។ ការប្រើប្រាស់យូរៗទៅ ម៉ូទ័រផ្លិតទឹកអាចខូចលែងដំណើរការ ដោយសារវាជាប្រភេទម៉ូទ័រដើរដោយអគ្គិសនី ដូច្នេះហើយវាមានកត្តាច្រើនដែលធ្វើឲ្យវាខូចលែងដំណើរការតែម្ដង។

ចុចអាន៖

ប្រភព៖ www.bestproducts.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី