តិចនិក ៥ ថត​រូប​ពេល​ថ្ងៃ​រៀប​លិច​តាម​ទូរសព្ទ ឲ្យ​ត្រឹម​ត្រូវ

  • 2019-01-08 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 183

ចន្លោះមិនឃើញ

អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា ​ធ្លាប់​ឃើញ​ថ្ងៃ​រៀប​លិច​នៅ​ស្រុក​ខ្មែរ​យើង​ហើយ​ថា ស្អាត​កម្រិត​ណា តំបន់​ខ្លះ​ស្អាត​យក​តែ​មែន​ទែន ដូច​ជា​សមុទ្រ​ឈើ ខេត្ត​មណ្ឌល​គិរី ឬ​ថ្ងៃ​រៀប​លិច លើ​ប្រាសាទ​បាខែង ខេត្ត​សៀមរាប និង​កន្លែង​ផ្សេងៗ​ទៀត​ជា​ដើម​។ តែ​ក៏​មិន​ប្រាកដ​ថា ​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ថត បាន​ដូច​ភ្នែក​អ្នក​ឃើញ​នោះ​ទេ ​អ្នក​ខ្លះ​ក៏​ថត​បាន​ស្អាត មាន​បច្ចេកទេស​ខ្ពស់ គួរ​​ឲ្យ​សរសើរ ចំណែក​អ្នក​ខ្លះ​ថត​មិន​បាន​ស្អាត​ដូច​គេ​ទេ។ ចឹង​ហើយ​ទើប​ថ្ងៃ​នេះ ក្រុម​ការងារ​នឹង​ចែក​រំលែក​គន្លឹះ​ខ្លះ​ៗ ពី​របៀប​ថត​​រូប​ពេល​​មេឃ​ពណ៌​មាស​នោះ តាម​ទូរសព្ទ​ឲ្យ​ត្រឹម​ត្រូវ ​ហើយ​ថែម​ទាំង​ស្អាត​ទាក់​ភ្នែក។

១) ​ចេះ​មើល​អាកាសធាតុ រើស​ថ្ងៃ​ដែល​មាន​មេឃ​ស្រឡះ​ល្អ

មិន​ថា​តែ​ការ​ថត​តាម​ទូរសព្ទ​ដៃ ឬ​កាមេរ៉ា DSLR ទេ កាលណា​ បើ​​អ្នក​ចេះ​មើល​អាកាសធាតុ រើស​ថ្ងៃ​ដែល​មាន​មេឃ​ស្រឡះ​ល្អ ​ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​ថត​រូប​បែប Landscape នេះ។ ឧទាហរណ៍​ថា​៖ បើ​អ្នក​ចង់​ថត​ថ្ងៃ​រៀប​លិច តែ​ទៅ​ថត​នៅ​រដូវ​វស្សា ឬ​ថ្ងៃ​មាន​ទឹក​ភ្លៀង​រលឹម​ស្រិចៗ ​ពពក​អាប់​មិន​ស្រឡះ ទោះ​ជា​ថត​បាន ក៏​រូប​ថត​នោះ​​ចេញ​មក​មិន​សូវ​ស្អាត​ដូច​គេ​ដែរ។ តែ​បើ​ជា​ ការ​ចៃដន្យ អ្នក​ទៅ​ដើរ​លេង​ចំ​កន្លែង​ស្អាត មេឃ​ស្រឡះ​ល្អ ចង់​ថត​រូប​ពណ៌​មាស​នោះ តោះ​ចូល​ទៅ​គន្លឹះ​ទី ២។

២) ចេះ​រើស​ទីតាំង​ដែល​ល្អ​បំផុត

ដូច​បាន​រៀប​រាប់​ខាង​លើ បើ​ជា​ការ​ចៃដន្យ អ្នក​ទៅ​ដើរ​លេង​ចំ​កន្លែង​ស្អាត មេឃ​ស្រឡះ​ល្អ ចង់​ថត​រូប​ពណ៌​មាស​នោះ អ្នក​ត្រូវ​ចេះ​រក​ទីតាំង​ដែល​ល្អ​បំផុត។ មាន​ន័យ​ថា អ្នក​ត្រូវ​ដើរ​រក​ទី​ទួល​ខ្ពស់ ឬ​កន្លែង​ទូលាយ ឬ​នៅ​ខាង​ក្រោយ​ដើមឈើ​ដែល​កំពុង​ជះ​ស្រមោល ធ្វើ​បែប​នេះ គេ​ហៅ​ថា ការ​បង្កើត​ប្លង់​​ថត ឃើញ​ហើយ​ចង់​ចុច​ថត​តែ​ម្ដង។

៣) ចេះ​រើស​ប្លង់​ថត ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន

បន្ទាប់​ពី​ចេះ​ស្វែង​រក​កន្លែង​ល្អ​ហើយ អ្នក​ក៏​គួរ​ចេះ​រក Subject ឬ​របស់​ដែល​ចង់​ថត​ឲ្យ​ល្អ​បំផុត ដើម្បី​ឲ្យ​​រូប​របស់​អ្នក ពេល​អ្នក​ផ្សេង​ឃើញ​ហើយ​សប្បាយ​ចិត្ត​នឹង​មើល។ កុំ​ចេះ​តែ​ចុច ដោយ​មិន​បាន​បង្កើត​ប្លង់​ថត​ បើ​ចុច​យក​តែ​ព្រះអាទិត្យ​កំពុង​លិច ក៏វា​មិន​សូវ​ទាក់​ទាញ​ដែរ គួរ​តែ​មាន​ធាតុ​ផ្សំ​នៅ​ខាងក្រោម​ផង។ អ្នក​អាច​ឆ្លៀត​រក Frame ណា​មួយ​ពី​ធម្មជាតិ​ទាំង​នោះ មក​ព័ទ្ធ Subject ដែល​អ្នក​ចង់​ថត​ជំនួស​វិញ តែ​ត្រូវ​ចំណាំ មិន​គួរ​ដាក់ Subject ច្រើន​រញ៉េរញ៉ៃ​ពេក​ទេ អ្នក​គួរ​តែ​ថត​រូប​ដោយដាក់​ Subject មួយ​ច្បាស់ ឲ្យ​អ្នក​មើល​ឃើញ​ថា អ្នក​កំពុង​ថត​អី​ឲ្យ​ប្រាកដ។

៤) ចេះ​បង្កើត​រូប​ដែល​អស្ចារ្យ

ក្រោយ​ពេល​ដែល​អ្នក​ចេះ​រើស​ថ្ងៃ​ ដែល​មាន​មេឃ​ស្រឡះ​ល្អ ចេះ​រើស​ទីតាំង​​ល្អ ចេះ​រើស​ប្លង់​ថត ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ហើយ ពេល​នោះ​ទោះ​ចង់​មិន​ចង់ រូប​របស់​អ្នក​នឹង​ ក្លាយ​ជា​រូប​ថ្ងៃ​រៀប​លិច​ដែល​ថត​ចេញ​ពី​ទូរសព្ទដៃ​ល្អ​បំផុត​ជា​មិន​ខាន​។ ប៉ុន្តែ​អ្នក​កុំ​ភ្លេច ថត​ឲ្យ​បាន​ច្រើន​សន្លឹក​ផង ​ទោះ​ជា​ថត​បាន​ស្អាត​ហើយ​ក៏​ដោយ។

៥) ចេះ​ប្រើ​កម្មវិធី​កែ​រូបភាព

រូប​បែប​ទេសភាព ​បើ​អ្នក​ថត​បាន​ប្លង់​ស្អាត​ហើយ អ្នក​ក៏​គួរ​ចេះ​ប្រើ​កម្មវិធី​កែ​ផង។ ពាក្យ​ថា​កែ មិន​មែន ​ដាក់​ថែម​មេឃ ថែម​ដើមឈើ​ទេ ​គេ​គ្រាន់​តែ​ចាក់​ពណ៌ ឲ្យ​រូប​មាន​ជីវិត ឬ​ពណ៌​ដែល​បញ្ជាក់​ថា មេឃ​កំពុង​រៀប​លិច​បាត់​ពី​ផែន​ដី មាន​សណ្ឋាន​បែប​នេះ ឬ​បែប​នោះ។ ​កម្មវិធី​ដែល​អ្នក​គួរ Install ដាក់​ទូរសព្ទ​សម្រាប់​កែ​មាន​ដូច​ជា កម្មវិធី Snapseed ឬ កម្មវិធី PicArt និង Adobe Lightroom ជាដើម៕ បើ​ចូល​ចិត្ត កុំ​ភ្លេច​ចែក​រំលែក​ទៅ​មិត្ត​ភក្តិ​បាន​ដឹង​ផង៕


អត្ថបទ៖ រក្សា