កូន​កាត់​ខ្មែរ​-បារាំង​ មាន​មោទនភាព​​​បាន​ប្រកួត​ឈ្នះ​តំណាងឲ្យកម្ពុជា

  • 2019-01-22 08:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​កូន​កាត់​ខ្មែរ​ បារាំង​ Laurie Phai​ គឺ​ពិត​ជា​មាន​មោទនភាព​បំផុត​ដែល​រត់​បាន​លេខ១​ ហើយ​ជា​ពិសេស​បាន​លើក​ទង់ជាតិ​កម្ពុជា​ តំណាង​ឲ្យ​កម្ពុជា​ឈ្នះ​នា​ការ​ប្រកួត​រត់​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ Angkor Ultra Trail​ ចម្ងាយ​ ៣២​គីឡូម៉ែត្រ​ កន្លង​ទៅ​នេះ។​

កីឡា​ការិនី Laurie Phai​

Laurie Phai​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​លើក​ទង់ជាតិ​កម្ពុជា​នៅ​ពេល​បំពាក់​មេដាយ​ មាន​ន័យ​ថា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នោះ​ ដោយ​សារ​តែ​ខ្លួន​មាន​ឈាមជ័រ​ជា​ខ្មែរ​ ដែល​មាន​ឪពុក​បង្កើត​ជា​ជនជាតិ​ខ្មែរ​ហើយ​ទៅ​រស់នៅ​ឯ​ប្រទេស​បារាំង។​ ក្នុង​នាម​ជា​កូន​កាត់​ខ្មែរ​ម្នាក់​ដែរ​នោះ​ កីឡា​ការិនី​ខាង​លើ​នេះ​ពិត​ជា​រីករាយ​បំផុត​ពេល​បាន​ប្រកួត​ឲ្យ​ប្រទេស​ខ្មែរ។​

កីឡា​ការិនី Laurie Phai​ ជាប់លេខ១

កីឡា​ការិនី​អត្តពលកម្ម​វ័យ​ ៣២​ឆ្នាំ​រូប​នេះ​ នៅ​មាន​ក្ដីសុបិន្ត​មួយ​គឺ​ចង់​ក្លាយ​ជា​ជម្រើស​ជាតិ​ ហើយ​អាច​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ ព្រោះ​ចង់​រក​មេដាយ​ជូន​ជាតិ​ ក៏​ដូច​ជា​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​មួយ​នេះ​ផង​ដែរ។​ ក្រៅ​ពី​នេះ​ទៀត​ បើ​អាច​ជួយ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ឲ្យ​រីកចម្រើន​ថែម​ទៀត​នោះ​ក៏​សប្បាយ​ចិត្ត​ដែរសម្រាប់​កូន​បារាំង​ខ្មែរ​ម្នាក់​នេះ​។​

ទិដ្ឋភាពការប្រកួត Angkor Ultra Trail

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ខ្មែរ​ បារាំង​ Laurie Phai​ ធ្លាប់​ចូលរួម​ប្រកួត​រត់​ប្រណាំង​បែប​នេះ​ចំនួន​៣ដង​រួច​មក​ហើយ​បូក​ទាំង​លើក​នេះ​ និង​សុទ្ធតែ​ទទួល​បាន​លេខ១​ទាំង​អស់​ក្នុង​នោះ​ មាន​ទី១​ ចម្ងាយ​ ៣២​គីឡូម៉ែត្រ​ ទី២​ ចម្ងាយ​ ១៦​គីឡូម៉ែត្រ និង​ទី៣​ ចម្ងាយ​ ៣២​គីឡូម៉ែត្រ។​ ការ​ចូលរួម​ចុង​ក្រោយ​របស់​គេ​គឺ​ក្នុង​កម្មវិធី​រត់​ប្រណាំង​ឆ្លង​កាត់ឧបសគ្គ​ Angkor Ultra Trail​ ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ទី១៩-២០​ មករា​ ២០១៩​ នៅ​ខេត្ត​សៀមរាប៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​